The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហ៊ុន ចាន់សាន​៖ ជំនាញ​ឌីហ្សាញ​ មាន​ទីផ្សារ​កាន់តែ​ល្អ​ប្រសើរ




ហ៊ុន ចាន់សាន​៖ ជំនាញ​ឌីហ្សាញ​ មាន​ទីផ្សារ​កាន់តែ​ល្អ​ប្រសើរ

Content image - Phnom Penh Post
លោក ហ៊ុន ចាន់សាន ក្នុង​ពេល​ទទួល​បាន​ពាន​រង្វាន់​ «​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​ ២០១៨ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ សូហ្វីតែល កាលពី​សប្តាហ៍​មុន​។ មឿន ញាណ

ហ៊ុន ចាន់សាន​៖ ជំនាញ​ឌីហ្សាញ​ មាន​ទីផ្សារ​កាន់តែ​ល្អ​ប្រសើរ

ក្នុង​នាម​ជា​ស្ថាបត្យករ​ខ្មែរ​មួយ​រូប​ដែល​ត្រូវ​បាន​កម្មវិធី PropertyGuru Cambodia Property Awards សម្រេច​ជ្រើសរើស​ប្រគល់​ពានរង្វាន់​ជា​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០១៨ លោក ហ៊ុន ចាន់សាន បាន​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​យ៉ាង​ច្រើន​រវាង​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​រយៈពេល​​ ១០ ​ឆ្នាំ​កន្លង​មក​ដោយ​នៅពេល​នោះ​វិស័យ​មួយ​នេះ​មិន​សូវ​មាន​ឲ្យ​តម្លៃ​ខ្ពស់​នោះ​ឡើយ​។

ផ្តើម​ការងារ​ដំបូង​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មុន​ពេល​បង្កើត​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន បន្ទាប់ពី​ត្រឡប់​ពី​ការសិក្សា​នៅ​បរទេស​លោក ហ៊ុន ចាន់សាន ដែល​បច្ចុប្បន្ន​នេះ​ជា​ស្ថាបនិក និង​ជា​នាយក​ស្ថាបត្យករ​របស់​ក្រុមហ៊ុន Re-Edge Architecture & Design បាន​និយាយ​ថា វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​កំពុង​មាន​ការវិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ដោយ​បច្ចុប្បន្ន​ជំនាញ​នេះ​កំពុង​មាន​តម្រូវការ​យ៉ាង​ច្រើន​នៅក្នុង​ទីផ្សារ​។ ការរីកចម្រើន​ដ៏ឆាប់រហ័ស​នេះ​គឺ​ដោយសារ​ប្រជាជន​យើង​បាន​ឲ្យ​តម្លៃ និង​យល់​កាន់​តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការ​រចនា​ប្លង់​។

លោក​អះអាង​ថា៖ «​ពី​មុន​មក​ការងារ​ឌីហ្សាញ​នៅ​កម្ពុជា​ហាក់​មិន​សូវ​មាន​គេ​ឲ្យ​តម្លៃ​នោះ​ទេ ព្រោះ​ម្ចាស់​សំណង់​ភាគច្រើន​តែង​ធ្វើ​អ្វីៗ​ទៅ​តាម​ការនឹក​ឃើញ​ដោយ​ខ្លួនឯង​ទាំង​ការរៀបចំ​សោភណភាព​អគារ និង​ក្នុង​អគារ​ទាំង​មូល ខណៈ​ទឹកដៃ​របស់​ស្ថាបត្យករ​នៅ​ក្នុង​ស្រុក​នាពេល​នោះ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ​»​។

ផ្នត់គំនិត និង​ក្តី​ស្រមៃ​របស់​លោក ចាន់សាន ទាក់ទង​នឹង​វិស័យ​ស្ថាបត្យកម្ម បាន​ចាប់ផ្តើម​លេច​ឡើង​នៅ​ក្នុង​ខួរក្បាល​របស់​លោក​នាអំឡុងពេល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ជាទី​ដែល​រូប​លោក​ត្រូវ​បាន​ឪពុកម្តាយ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​ទី​នោះ​។

លោក​បាន​រំឭក​ថា៖ «​ស្ទើរ​រៀងរាល់​យប់​ខ្ញុំ​តែងតែ​អង្គុយ​គូររូប​នៅក្នុង​បន្ទប់​ស្នាក់នៅ​សម្រាប់​សិស្ស​ក្នុង​សាលា ស្រាប់តែ​មាន​ពេល​មួយ​នោះ​លោកគ្រូ​របស់​ខ្ញុំ​ម្នាក់​បាន​ដើរ​មក​រក​ខ្ញុំ ហើយ​គាត់​និយាយ​ថា តែងតែ​ឃើញ​ខ្ញុំ​អង្គុយ​គូររូប​ម្នាក់​ឯង​ប្រកប​ដោយ​ភាព​អត់ធ្មត់ ដូច្នេះ​នៅ​ពេល​ចូល​រៀន​សាកលវិទ្យាល័យ​គួរ​តែ​ជ្រើសរើស​យក​ជំនាញ​ស្ថាបត្យកម្ម​។

សំដី​នេះ​បាន​ទាក់ទាញ​អារម្មណ៍​របស់​ខ្ញុំ​ជា​ខ្លាំង​។ តែ​ទោះបី​ជា​យ៉ាង​ណា​នៅពេល​នោះ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា តើ​មុខ​ជំនាញ​ស្ថាបត្យកម្ម​នោះ​គេ​សិក្សា​ពី​អ្វី​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ​»​។

សម្តី​នោះ​បាន​ជំរុញ​ទឹកចិត្ត​យុវជន ចាន់សាន ដែល​ពេល​នោះ​ទើប​មាន​អាយុ​ ១៩ ​ឆ្នាំ​ឲ្យ​ខិតខំ​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​មុខ​វិទ្យាស្ថាបត្យកម្ម​។

ក្រោយ​ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នា​ឆ្នាំ​ ២០០០ យុវជន​ដែល​មាន​ឪពុកម្តាយ​ជា​អាជីវករ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ រូប​នេះ​បាន​ជ្រើសរើស​យក​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ Massachusetts college of Art and Design នា​ទីក្រុង Boston របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​​ ២០០១ និង​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​ ២០០៦​។ ក្រោយ​មក​រូប​លោក​ក៏​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ Northeastern University ក្នុង​ទីក្រុង​ Boston នៃ​រដ្ឋ Massachusetts ដដែល​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​ ២០០៩​។

Content image - Phnom Penh Post
លោក ហ៊ុន ចាន់សាន ថត​នៅ​ពី​មុខ​រូប​គម្រោង​ប្លង់​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​រចនា​នាពេល​កន្លង​មក​។ ហុង មិនា

ក្នុង​រយៈពេល​ស្នាក់នៅ​ដើម្បី​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ចាន់សាន ក៏​បាន​ឆ្លៀត​ពេល​ខ្លះ​ពី​ការសិក្សា​ចេញ​ទៅ​ធ្វើ​ការងារ​ដើម្បី​យក​បទពិសោធ​ផង​ដែរ មុន​ពេល​លោក​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ក្នុង​ឆ្នាំ​ ២០០៩​។

នៅ​ពេល​ត្រឡប់​មក​ដល់​កម្ពុជា​លោក​បាន​សង្កេត​ឃើញ​ថា ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​ដែល​ទាក់ទង​នឹង​ការ​រចនា​ស្ថាបត្យកម្ម​កំពុង​ចាប់ផ្តើម​មាន​ភាព​រីកចម្រើន ខណៈ​នៅពេល​នោះ​ក៏​មាន​ក្រុមហ៊ុន​ធំៗ​លំដាប់​ស្តង់ដារ​អន្តរជាតិ​ចូល​មក​កម្ពុជា​ច្រើន​ផង​ដែរ​។

ដោយ​មាន​គោលបំណង​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ដល់​សិស្ស និស្សិត​ខ្មែរ​ពេល​ត្រឡប់​មក​កម្ពុជា​លោក​ក៏​បាន​ចូល​ទៅ​ធ្វើការ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​នៅ​តែ​បន្ត​ការចែករំលែក​បទពិសោធ​នេះ​រហូត​ដល់​សព្វ​ថ្ងៃ​។

ក្នុង​នាម​ជា​អ្នក​ជំនាញ​ដែល​មាន​ប្រវត្ដិ​ចេញ​ទៅ​សិក្សា​នៅ​បរទេស​រយៈពេល​ ១៥ ​ឆ្នាំ​លោក ចាន់សាន បាន​និយាយ​ថា​៖ «​បើ​ទោះបី​ជា​រវល់​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​គំនិត​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ទៅ​ដល់​កូន​ខ្មែរ​ដែរ ព្រោះ​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ដែល​ស្រឡាញ់ និង​ចង់​ថែរក្សា​នូវ​កេរដំណែល​ទាំង​នោះ​ទុក​បន្ត​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ស្ថាបត្យកម្ម​គឺជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ប៉ះ​បាន និង​ចូល​ទៅ​ក្នុង​នោះ​បាន ដូច្នេះ​វា​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​»​។

ក្រោយ​ពេល​បម្រើ​ការងារ​នៅ​សាកល​វិទ្យាល័យ​នោះ​បាន​ ២ ​ឆ្នាំ​ដោយ​ចង់​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១១ លោក ហ៊ុន ចាន់សាន បាន​លាឈប់​ពី​ការងារ ហើយ​សម្រេច​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា Re-Edge Architecture and Design Co., Ltd. ដែល​ឈ្មោះ “Re-Edging Retails” គឺជា​ចំណង​ជើង​នៃ​សារណា​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​របស់​លោក​ផង​ដែរ​។

លោក​ប្រាប់​ថា​៖ «​ក្នុង​រយៈពេល​ជាង​ ៧ ​ឆ្នាំ​មក​នេះ ខ្ញុំ​តែងតែ​មាន​គោលបំណង​ធ្វើ​ជា​អ្នក​បំពេញ​ចន្លោះ​ប្រហោង​ដល់​អតិថិជន និង​មនុស្ស​ជុំវិញ​ខ្លួន​ជានិច្ច​។ បេសកកម្ម​ខ្ញុំ គឺ​ដើម្បី​បញ្ជាក់​ថា​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ព្រម​ទាំង​មាន​ការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាស់លាស់​ដូច គ្រូពេទ្យ និង​មេធាវី​ជាដើម​។

សម្រាប់​គំនិត​របស់​អ្នក​ជំនាញ​រូប​នេះ​បាន​យល់​ឃើញ​ថា ជំនាញ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នឹង​មាន​ការរីកចម្រើន​ទៅ​មុខ​លឿន​បន្ថែម​ទៀត ព្រោះ​ការកើនឡើង​នូវ​អគារ​ថ្មីៗ​ព្រម​ទាំង​កម្រិត​ជីវភាព​រស់នៅ​នឹង​ធ្វើឲ្យ​ជំនាញ​នេះ​មាន​តម្រូវការ​ខ្លាំង​មែនទែន​។ «​សម្រាប់​ប្អូនៗ​ជំនាន់​ក្រោយ​ខ្ញុំ​គិត​ថា ពួកគាត់​នឹង​មាន​ឱកាស​ច្រើន តែ​ដើម្បី​ភាព​ជោគជ័យ​ទន្ទឹម​នឹង​ការ​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ក៏​ត្រូវ​មាន​អត្ថចរិត​ល្អ មាន​ការ​គោរព​អ្នក​ជុំវិញ​ខ្លួន និង​ការសម្រេចចិត្ត​ដ៏ល្អ​ហើយ​ត្រឹមត្រូវ​ផង​ដែរ​»​។

នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​ដែល​មាន​រយៈពេល​ ៧ ​ឆ្នាំ​កន្លង​មក​នេះ​ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​នូវ​គម្រោង​ធំៗ​ជាច្រើន​ដូចជា សណ្ឋាគារ Lumiere ការិយាល័យ​របស់​ក្រុមហ៊ុន Chip Mong Insee (​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កំពត​) និង​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ ABA ដែល​ទើប​បើក​សម្ពោធ​កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម​។

លោក ហ៊ុន ចាន់សាន ដែល​បច្ចុប្បន្ន​មាន​អាយុ​ ៣៨ ​ឆ្នាំ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី ហ៊ុន សេងចិន្តា ដោយ​បច្ចុប្បន្ន​នេះ​លោក​មាន​កូន​ចំនួន ​៣ ​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍