វត្ថុ​ដំបូង​ដែល​អ្នក​គ្រប់​គ្នា​នឹង​មើលឃើញ​នៅ​ពេល​ចូល​ទៅ​កាន់​ក្រុមហ៊ុន សុខគា ហ្គាឌិន ដែល​ជា​ក្រុមហ៊ុន​មាន​ឯកទេស​ផ្នែក​ទេសភាព​នៅ​ក្នុង​ខណ្ឌ​សែនសុខ​គឺជា​ដើម​វល្លិ៍ទឹក​ដែល​មាន​អាយុកាល​យ៉ាង​ហោច​ណាស់​ ១០ ​ឆ្នាំ​។ នៅលើ​ផ្ទៃដី​ទំហំ​ ២០០០ ​ម៉ែត្រការ៉េ​មាន​ពោរពេញ​ទៅ​ដោយ​ដើមឈើ និង​ផ្កា​ជា​អម្បូរ​ក្នុង​តំបន់​ត្រូពិក​ជាច្រើន​។ ទីតាំង​បែប​នេះ​កម្រ​នឹង​រកឃើញ​ណាស់​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ពោរពេញ​ដោយ​មនុស្ស ហើយ​សម្រាប់​មនុស្ស​ជាច្រើន​វា​មើល​ទៅ​ដូចជា​ព្រៃ​ជា​ជាង​ក្រុមហ៊ុន​ដែល​ផ្តល់​នូវ​ទស្សនីយភាព​ដ៏ស្រស់ស្អាត​ដល់​ទីកន្លែង​ល្បីៗ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅលើ​ផ្លូវដី​តភ្ជាប់​ផ្លូវ​ថ្នល់​ជាមួយ​នឹង​អគារ​ការិយាល័យ​តូច​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជ្រៅ​ក្នុង​បរិវេណ​នោះ​លោក ឡាវ ណាំគាង ជា​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន សុខគា ហ្គាឌិន វ័យ​ ៣៩ ​ឆ្នាំ​កំពុង​រកមើល​កាកសំណល់​នានា​នៅក្នុង​អាង​ត្រី​ធ្វើ​ពី​ថ្ម​មួយ បន្ទាប់ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ដ៏ធំ ក៏ដូចជា​ការខូចខាត​ដែល​ភ្លៀង​អាច​បង្ក​ឡើង​លើ​រុក្ខជាតិ​របស់​លោក​។ នៅ ក្បែរ​រូប​លោក​គឺជា​ប្រពន្ធ​របស់​លោក​អ្នកស្រី ហុក សុខគា ដែល​ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​។

លោក ណាំគាង និយាយ​ថា​៖ «​ទឹក​អាច​ផ្តល់​ជីវិត​ដល់​ពួកវា ប៉ុន្តែ​ទឹក​ច្រើន​ពេក​ក៏​អាច​បំផ្លាញ​វា​បាន​ដែរ​។ រុក្ខជាតិ​ទាំង​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ព្រោះ​ជា​បេះដូង​នៃ​អាជីវកម្ម​របស់​ខ្ញុំ​»​។

កាលពី​ច្រើន​ឆ្នាំ​មុន​នៅពេល​ដែល​លោក ណាំគាង នៅ​ជា​យុវជន​ដែល​មាន​បទពិសោធ​តិចតួច​ពី​ពិភព​ខាងក្រៅ និង​មាន​ដើម​កំណើត​នៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម លោក​តែងតែ​ចង់​ក្លាយ​ជា​សិល្បករ​ ១ ​រូប​ពិសេស​សិល្បករ​រូបចម្លាក់ និង​គំនូរ​ដែល​លោក​មាន​ដុង​ពី​កំណើត​។ លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​សិល្បៈ​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ភាសា​បារាំង​នៃ​កម្ពុជា​។

លោក​ថែម​ទាំង​បាន​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​លោក​ដែល​ជា​រូបចម្លាក់​ធ្វើ​ពី​ឫស្សី និង​ត្រឡោក​ដូង​នៅ​ក្នុង​ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ «​ពន្លឺ​» ហើយ​លោក​ត្រូវ​បាន​គេ​ផ្តល់​អាហារូបករណ៍​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​សិល្បៈ​មួយ​នៅ​ប្រទេស​បារាំង ប៉ុន្តែ​លោក​បាន​បដិសេធ​ព្រោះ​មិន​ចង់​ចាកចេញ​ពី​គ្រួសារ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​គ្រួសារ​របស់​លោក ណាំគាង ចង់​ឲ្យ​លោក​ដើរ​តាម​គន្លង​របស់​ឪពុក​លោក​ដែល​ជា​អ្នក​ជំនួញ​ហើយ​នោះ​ជា​មូលហេតុ​ដែល​លោក​ទៅ​សិក្សា​ផ្នែក​ជំនួញ​នៅ​សាកលវិទ្យាល័យ​ន័រតុន​។ នៅពេល​មុខ​ជំនួញ​របស់​ឪពុក​លោក​ជួប​បញ្ហា​ដុនដាប​នៅ​ឆ្នាំ​ ១៩៩៨ ហើយ​លោក​មិន​អាច​មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​បាន​ទេ ដូច្នេះ​លោក​ក៏​សម្រេច​ចិត្ត​ឈប់រៀន​បន្ទាប់ពី​សិក្សា​បាន​ ១ ​ឆ្នាំ​ដើម្បី​ស្វែងរក​អាហារូបករណ៍​នៅ​តាម​មហាវិទ្យាល័យ​។ បន្ទាប់ពី​រយៈពេល​ ២-៣ ​ខែ​លោក​បាន​ទទួល​អាហារូបករណ៍​សិក្សា​ផ្នែក​រចនា​ប្លង់​ខាង​ក្នុង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

លោក ណាំគាង និយាយ​ថា៖ «​ខ្ញុំ​មិន​ដែល​មាន​ផែនការ​សិក្សា​មុខ​ជំនាញ​នេះ​ទេ ហើយ​ខ្ញុំ​មាន​ការ​ភ័យខ្លាច​នៅ​ពេល​ខ្ញុំ​ឈាន​ចូល​ថ្នាក់រៀន​។ ទោះបី​ជា​យ៉ាង​ណា​ក្រោយ​មក​ខ្ញុំ​បាន​រកឃើញ​ថា ទេពកោសល្យ និង​ជំនាញ​សិល្បៈ​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ក្នុង​ការ​សិក្សា ខណៈ​ដែល​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​សិល្បៈ​ដែល​ខ្ញុំ​ចូលចិត្ត និង​ការ​រចនា​ធ្វើឱ្យ​ខ្ញុំ​រីករាយ​រៀនសូត្រ​ជាខ្លាំង​»​។

ការលំបាក​ផ្នែក​សេដ្ឋកិច្ច​របស់​គ្រួសារ​មិន​បាន​អនុញ្ញាត​ឱ្យ​លោក ណាំគាង ផ្តោត​តែ​ទៅ​លើ​ការសិក្សា​តែ​មួយ​មុខ​នោះ​ទេ​។ នៅ​ពេល​រៀន​ដល់​ឆ្នាំ​ទី​ ៣ លោក​ចាប់ផ្តើម​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដែល​ភាគច្រើន​ជា​ការ​រចនា​ឆាក​សម្រាប់​ការប្រគំ​តន្ត្រី​។ ប៉ុន្មាន​ខែ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​ ២០០០ លោក ណាំគាង បាន​ទទួល​នូវ​គម្រោង​ធំ​បំផុត​ក្នុង​អាជីព​វ័យក្មេង​របស់​លោក ជា​គម្រោង​រចនា​រមណីយដ្ឋាន​គិរីរម្យ​។

នៅក្នុង​គម្រោង​នេះ​លោក​បាន​រចនា​ផ្ទះ និង​បាងហ្គាឡូ​សម្រាប់​អ្នក​ទេសចរ ប៉ុន្តែ​ផ្នែក​ដែល​លោក​ចូលចិត្ត គឺជា​ឧទ្យាន​ដ៏ធំ​មួយ​ដែល​លោក​បាន​ដាក់​រុក្ខជាតិ​កម្រ និង​វត្ថុ​តុបតែង​ប្លែកៗ​ជាច្រើន​ដែល​លោក​បាន​ធ្វើ​ខ្លួនឯង​ដូចជា​រូប​ចម្លាក់ Brachiosaurus កម្ពស់​ ១៧ ​ម៉ែត្រ និង​រូបសំណាក​សត្វ​ល្មូន​សម័យ​បុរេប្រវត្តិ​ជាច្រើន​ទៀត​។

ហេង ជីវ័ន

លោក​និយាយ​ថា៖ «​គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​បាន​ទាក់ទាញ និង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ការ​រចនា​ទេសភាព និង​សួនច្បារ​»​។ ពី​មុន​មក​ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​តែ​លើ​ការ​រចនា​ក្នុង​អគារ​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ដឹង​ថា​ទេសភាព​ជាពិសេស​សួនច្បារ​អាច​ជា​ការបន្ថែម​លម្អ និង​គួរ​ឲ្យ​មនោរម្យ​យ៉ាង​នេះ​សោះ​។ ទន្ទឹម​នឹង​នេះ​ដែរ​ការតុបតែង​ផ្នែក​រឹង គឺជា​ការបង្កើត​ការងារ​សិល្បៈ​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំងណាស់​»​។

៨ ​ឆ្នាំ​ក្រោយ​មក​ពោល​គឺ​បន្ទាប់ពី​ការរៀប​អាពាហ៍ពិពាហ៍​លោក​បាន​ផ្លាស់ប្តូរ​ការផ្តោត​ក្នុង​អាជីព​ទាំងស្រុង​ពី​ការ​រចនា​ក្នុង​អគារ​ទៅ​ជា​ការ​រចនា​ទេសភាព និង​សួនច្បារ ហើយ​លោក និង​ភរិយា​បាន​ប្រមូលផ្តុំ​បង្កើត​ក្រុម​អ្នក​រចនា​វ័យក្មេង​កម្ពុជា​ ១ ​ក្រុម​ដើម្បី​ប្រកបរបរ​ក្នុង​វិស័យ​នេះ​។ នៅ​ឆ្នាំ​ ២០១៣ ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ជា​ផ្លូវការ​។

លោក ណាំគាង បាន​ថ្លែង​ថា៖ «​មាន​ហេតុផល​ជាច្រើន​ដែល​ជំរុញ​ខ្ញុំ​ឲ្យ​ប្រែ​ក្លាយ​ក្រុម​តូច​ ១ ទៅ​ជា​ក្រុមហ៊ុន​ ១ ប៉ុន្តែ​ អ្វី​ដែល​សំខាន់​នោះ​គឺ​ការបង្កើន​ការផ្តោត​ក្នុង​ចំណោម​ម្ចាស់​អាជីវកម្ម និង​អ្នកវិនិយោគ​ទៅ​លើ​លក្ខណៈ​ទេសភាព​រចនាសម្ព័ន្ធ​អគារ​។ ទន្ទឹម​នឹង​នេះ​ដែរ​ការ​ធ្វើការ​ជាមួយ​ការ​រចនា​នៅក្នុង​ផ្ទះ​ធ្វើឲ្យ​ខ្ញុំ​ស្ត្រេស​ជាខ្លាំង ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចេញ​មក​ខាងក្រៅ ដូច្នេះ​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ជាមួយ​ធម្មជាតិ​ដែល​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​អាច​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្រើ​ជំនាញ និង​ទេពកោសល្យ​សិល្បៈ​របស់​ខ្ញុំ​»​។

សុខគា ហ្គាឌិន ផ្តល់​ជូន​នូវ​សេវា​ជាច្រើន​រួម​មាន​ការ​រចនា និង​ការសាងសង់​លក្ខណៈ​ទេសភាព ការងារ​ស៊ីវិល រចនាសម្ព័ន្ធ​ទឹក ការងារ​ជួសជុល និង​ថែទាំ សម្រាប់​ទាំង​ក្នុង​អគារ និង​ខាង​ក្រៅ​អគារ​។ ក្នុង​រយៈពេល​ប្រហែល​ ៥ ​ឆ្នាំ​នៃ​ប្រតិបត្តិការ ក្រុមហ៊ុន​បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​ទទួល​បាន​គម្រោង​ជាច្រើន​ពី​វិនិយោគិន និង​ក្រុមហ៊ុន​ធំៗ​។

ឧទាហរណ៍​ខ្លះ​នៃ​គម្រោង​ទាំង​នោះ​រួមមាន​សួនច្បារ​នៅ​រោងចក្រ​ក្រុមហ៊ុន Cambodia Beverage Company ដែល​ក្នុង​នោះ​លោក​បាន​សាងសង់​ស្រះ​ ១ ដែល​មាន​រាង​ដូច​ដប​ភេសជ្ជៈ Coca Cola គម្រោង​រចនា​ទេសភាព​សម្រាប់​សាខា​ទី​ ១ និង​ទី​ ២ នៃ​ផ្សារ​ទំនើប​អ៊ីអនម៉ល និង​សួនច្បារ​ចំហៀង​ផ្លូវ​នៅ Phnom Penh City Center​។

គម្រោង​ដែល​ពិបាក​បំផុត​សម្រាប់​លោក ណាំគាង គឺ​ការ​ចូលរួម​ក្នុង​ការ​រចនា និង​សាងសង់​សួនច្បារ​នៅ​វាលព្រះមេនរុ ជា​ទី​កន្លែង​បូជា​ព្រះសព​នៃ​អតីតព្រះមហាក្សត្រ​នរោត្តម សីហនុ ដែល​លោក​មាន​ពេល​តិច​ជាង​ ១ ​ខែ​ដើម្បី​ធ្វើ​វា​មុន​ពេល​កំណត់​។

លោក​និយាយ​ថា៖ «​សូម្បីតែ​ខ្ញុំ​មិន​អាច​ជឿថា​យើង​អាច​កសាង​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួន​យើង និង​ផ្តល់​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន​ធំៗ​ជាច្រើន និង​សូម្បី​តែ​ព្រះបរមរាជវាំង​ដូច្នេះ​ឡើយ​។ អតិថិជន​របស់​យើង​ពេញ​ចិត្ត​នឹង​ការងារ​របស់​យើង​»​។

តាម​លោក ណាំគាង គន្លឹះ​ចំពោះ​ប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​របស់​ក្រុមហ៊ុន​លោក​គឺ​ការ​ផ្តោត​ទៅ​លើ​ការបង្កើត​ទេសភាព​ដែល​សម​នឹង «​អត្តសញ្ញាណ​» របស់​អចលនទ្រព្យ​។

លោក​និយាយ​ថា៖ «​អត្តសញ្ញាណ​នេះ​សំដៅ​ទៅ​លើ​អ្វី​ដែល​អតិថិជន​ចង់​បាន​ឲ្យ​អគារ​របស់​ពួកគាត់​ក្លាយ​ទៅ​ជា​អ្វី​មួយ​។ តើ​វា​គឺជា​កន្លែង​សម្រាក​លម្ហែកាយ ឬ​កន្លែង​ធ្វើការ​មាន​រចនាប័ទ្ម​ទំនើប ឬ​បុរាណ​នៅ​បែប​ខាង​អាស៊ី ឬ​បច្ចិម​ប្រទេស ប៉ុន្តែ​រឿង​មួយ​ដែល​ច្បាស់​បំផុត​នោះ​គឺ​ទាំងអស់​នេះ​ត្រូវ​តែ​បាន​ធ្វើ​ឡើង​តាមរយៈ​ធម្មជាតិ ឬ​វត្ថុ​សិល្បៈ​តុបតែង​ខាង​ក្រៅ​ធ្វើ​ដោយ​ដៃ​»​។

លោក ណាំគាង បន្ថែម​ទៀត​ថា​មុន​ពេល​កសាង​រូបភាព​នៃ​ការច្នៃប្រឌិត លោក​តែងតែ​គូររូប​ទេសភាព​ដំបូង​ហើយ​ដាក់​នៅក្នុង​ផ្ទាំង​គំនូរ​នោះ​នូវ​ការបន្ថែម​តាម​ការស្រមើ​ស្រមៃ​របស់​លោក​។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជាច្រើន​ដើម្បី​ទទួល​បាន​នូវ​ការ​បំផុស​គំនិត​ក៏​ដូចជា​ដើម្បី​ស្វែងរក​ពូជ​រុក្ខជាតិ​នានា​នាំ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​សម្រាប់​គម្រោង​របស់​លោក​។

កត្តា​សំខាន់​មួយ​ទៀត​សម្រាប់​ភាពជោគជ័យ​របស់ សុខគា ហ្គាឌិន គឺ​សមត្ថភាព​ដែល​អាច​បំពេញ​បាន​នូវ​ការ​ចង់​បាន​របស់​អតិថិជន​តាមរយៈ​ការយល់​ដឹង​ច្បាស់លាស់​អំពី​បំណងប្រាថ្នា​របស់​អតិថិជន និង​វិធានការ​កាត់​បន្ថយ​ចំណាយ​។

«​រឿង​មួយ​ដែល​យើង​តែងតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​នោះ​គឺ​ធ្វើឲ្យ​ក្តី​សុបិន​ពិតប្រាកដ​របស់​អតិថិជន​ក្លាយ​​ជា​ការពិត​ដោយ​មិន​ធ្វើឱ្យ​ខូច​គុណភាព​នៃ​ការងារ​របស់​យើង​។ យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​ខុស​គ្នា​នៅក្នុង​ការចំណាយ ឧទាហរណ៍​រវាង​ការ​ទិញ​ស្មៅ​សិប្បនិម្មិត និង​ការដាំ​ស្មៅ​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​អតិថិជន​របស់​យើង​មិន​ចំណាយ​ច្រើន​ពេក​ស្រប​ពេល​ដែល​យើង​ទទួល​បាន​ប្រាក់​ចំណេញ​»​។

ដូច​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​នាពេល​បច្ចុប្បន្ន​នេះ​ដែរ សុខគា ហ្គាឌិន កំពុង​ប្រឈម​នឹង​ការប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​បរទេស ជាពិសេស ​នៅក្នុង​លក្ខខណ្ឌ​នៃ​គុណភាព​រចនា និង​ការកំណត់​តម្លៃ​នៅ​ក្នុង​ការដេញ​ថ្លៃ​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ណាំគាង ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​លោក​ក៏​ដូចជា​បុគ្គលិក​របស់​លោក​ដែល​លោក​បាន​ហ្វឹកហ្វឺន​អស់​ជាច្រើន​ឆ្នាំ​។

លោក​និយាយ​ថា៖ «​បេសកកម្ម​របស់​យើង​គឺ​ធ្វើឲ្យ​អ្នកវិនិយោគ​នឹក​ដល់​យើង​មុន​គេ នៅ​ពេល​ពួកគេ​គិតពី​ការតុបតែង​រចនា​។ ក្តីសុបិន​ធំ​បំផុត​របស់​ខ្ញុំ​គឺ​មាន​រមណីយដ្ឋាន​ ១ ​កន្លែង​ដែល​រចនា​ដោយ​ខ្លួនឯង ហើយ​ដែល​ខ្ញុំ​លម្ហែកាយ​បាន ឬ​ បន្ទាប់​ពី​ខ្ញុំ​ចូលនិវត្ដន៍​នៅពេល​ដែល​កូនៗ និង​បុគ្គលិក​វ័យក្មេង​របស់​ខ្ញុំ​អាច​កាន់កាប់​មុខ​ជំនួញ​ខ្ញុំ​បាន​»៕