ភ្នំពេញៈ គម្រោង​សាងសង់​អគារ Vue Aston កម្ពស់ ១៤៥ ​ម៉ែត្រ​មាន​ ៣៩ ​ជាន់​ ដែល​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស ​ចិន Sino-Cambodia Investment និង​ក្រុមហ៊ុន Mingda International Group ក្នុងតម្លៃ​សរុប ១០០ ​លាន​ដុល្លារ​ នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២​។

អគារ Vue Aston នឹង​សាងសង់​លើ​ផ្ទៃដី​ជាង ៤ ០០០ ម៉ែត្រការ៉េ និង​មាន​ផ្ទៃ​អគារ​សរុប​ជាង ៧៨ ០០០ ​ម៉ែត្រការ៉េ​ នៅពេល​សាងសង់​រួច​។ អគារ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ទល់មុខ​កោះ​ពេជ្រ​)​ នេះ​នឹង​ត្រូវ​ប្រើប្រាស់​ធ្វើ​ជា​សណ្ឋាគារ ខុនដូ ​ដែល​មាន ៨៩៥ ​យូនីត ភោជនីយដ្ឋាន និង​កន្លែង​ហាត់ប្រាណជាដើម​។

លោកស្រី Deng Wanfang នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន The Pennisula Capital ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​គម្រោង Vue Aston បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គម្រោង​នេះ​នឹង​សាងសង់​ឡើង​ក្នុង​ទីតាំង​ជាប់មាត់​ទន្លេ​ដ៏ល្អ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​ដែល​នឹង​ផ្តល់ជូន​នូវ​កន្លែង​រស់នៅ​មួយ​ប្រកប​ដោយ​ផាសុកភាព និង​មាន​ភាពទំនើប​បំផុត ខណៈ​បច្ចុប្បន្ន​តំបន់​នៅ​កណ្តាល​ក្រុងភ្នំពេញ​ពោរពេញ​ទៅ​ដោយ​មនុស្ស​រស់នៅ​យ៉ាង​ច្រើន ចរាចរណ៍​ណែន​តាន់តាប់ និង​បរិយាកាស​អាប់អួរ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​នៅ​កណ្តាល​ក្រុងភ្នំពេញ​កំពុង​ប្រឈម​នឹង​ការកកស្ទះ​ចរាចរណ៍ និង​បរិស្ថាន​មួយ​ចំនួន ខណៈ​គម្រោង​នឹង​មាន​ភាពល្អ​ពិសេស ព្រោះ​នៅជាប់​មាត់ទន្លេ​ដែលមាន​ខ្យល់​អាកាស​បរិសុទ្ធ និង​អាច​មើល​ឃើញ​ទិដ្ឋភាព​នៅក្នុង​រាជធានី​ភ្នំពេញ​ទៀតផង​»​។

លោកស្រី​ប្រាប់​ទៀត​ថា អគារ Vue Aston នេះ​មានតម្លៃ​ខ្ពស់​ខ្លាំង​មួយផ្នែក​ដោយសារ​តម្លៃ​ដី ហើយ​សម្រាប់​មួយផ្នែក​ទៀត ការសាងសង់​គម្រោង​នេះ​នឹង​ផ្តោត​ជា​ចម្បង​លើ​គុណភាព​។

ប្លង់​រចនា​គម្រោង​នេះ​ត្រូវ​គូរ​ដោយ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក HKS Architects ដែល​ជា​ក្រុមហ៊ុន​កំពូល​ផ្នែក​ជំនាញ​ឌីហ្សាញ​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើតាម​លោកស្រី Deng​។

លោក ប៉ែន សុភា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​បាន​និយាយថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត ពិសេស​គោលនយោបាយ​ខ្សែក្រវាត់​ ១ ផ្លូវ​ ១ របស់​ប្រទេស​ចិន​បានធ្វើ​ឲ្យ​មាន​វិនិយោគិន​ចិន​ជាច្រើន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។ លោក​បន្តថា ច្បារអំពៅ ជា​ខណ្ឌ​មួយ​ដែល​មាន​ដី​ធំ​ច្រើន​សម្រាប់​ការអភិវឌ្ឍ ហេតុនេះ​វា​នឹង​មាន​សក្តានុពល​កាន់តែ​ខ្ពស់​នៅ​ថ្ងៃ​អនាគត​។

លោក​ថ្លែងថា​៖ «​តាមរយៈ​គម្រោង Vue Aston ខ្ញុំ​សង្ឃឹម​ថា អ្នកវិនិយោគ​អន្តរជាតិ​នឹង​ធ្វើការ​សហការ​គ្នា​ឲ្យ​បានល្អ​ក្នុង​ការជួយ​លើកស្ទួយ​ដំណើរការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ព្រមទាំង​ចែករំលែក​ផលប្រយោជន៍​ឲ្យ​បាន​ទៅដល់​ប្រជាជន​ខ្មែរ​គ្រប់គ្នា​»​។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន​អចលនទ្រព្យ Vtrust Appraisal ​ដែល​បាន​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​សៀវភៅ Phnom Penh 2030s-10 Predictions for the Real Estate Sector បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា បើតាម​ការសិក្សា​នៅ​ឆ្នាំ ២០៣០ ខាងមុខ​តំបន់​ជាប់មាត់​ទន្លេ​ក្នុង​ខណ្ឌ​ច្បារអំពៅ​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន និង​អគារ​ប្រណីត​ធំៗ​ជាច្រើន​លេចឡើង​។

លោក​បន្តថា តំបន់​ច្បារអំពៅ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ​ជា​តំបន់​ដែលមាន​ខ្យល់អាកាស​ល្អប្រសើរ​។

លោក​ថ្លែងថា​៖ «​ដី​ជាប់​មាត់ទន្លេ​ភាគច្រើន​សុទ្ធ​តែ​មាន​គម្រោង​វិនិយោគ​ធំៗ​អស់ហើយ គ្រាន់តែ​ខ្លះ​មិន​ទាន់​ចាប់ផ្តើម​សាងសង់​។ តំបន់​នេះ​នឹងមាន​ផ្លាស់ប្តូរ​មុខមាត់​ឆាប់​រហ័ស ប្រសិនបើ​មាន​ស្ពាន​ឆ្លងទន្លេ​ភ្ជាប់​ពី​ក្រុង​កោះពេជ្រ​ទៅកាន់​ទីនោះ​»​។

ទោះ​យ៉ាងណា​លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ​លោក​មិនទាន់​មាន​ព័ត៌មាន​ពី​ផែនការ​កសាង​ស្ពាន​ភ្ជាប់​ពី​កោះពេជ្រ​ទៅកាន់​ទីនោះ​ទេ​។

សក្តានុពល​ចំណុចប្រសព្វ​ទន្លេចតុមុខ​បាន​ធ្វើឲ្យ​តម្លៃ​ដី​ក្នុង​តំបន់​ច្បារអំពៅ មាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល ៣ ទៅ ៤ ​ឆ្នាំ​ចុងក្រោយ​នេះ​។

របាយការណ៍​ស្រាវជ្រាវ​តម្លៃ​ដី​ប្រចាំ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បាន​រកឃើញ​ថា ដី​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​មាន​តម្លៃ​ចាប់ពី ៤០០ ទៅដល់​ជាង ២ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ ដោយឡែក​ដី​ក្នុង​សង្កាត់​ច្បារអំពៅ ១ និង ២ អាច​មាន​តម្លៃ​រហូត​ដល់​ជាង ៣ ០០០ ​ដុល្លារ​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ក្នុង​រយៈពេល ៦ ​ខែ​ ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ ៣ ៣៩២ ​លាន​ដុល្លារ កើនឡើង​ចំនួន ៥៧,៥៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨៕ LA