ភ្នំពេញៈ​ អគារ​ពហុ​មុខងារ​​​តម្លៃ​ ១៥០​ លាន​ដុល្លារ​ដែល​ជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​សណ្ឋាគារ​ដ៏​ល្បី​របស់​អាមេរិក ​បាន​​​ចាប់​ផ្តើម​​​​សាងសង់​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​គ្រោង​នឹង​បើក​ដំណើរ​​​ការ​ក្នុង​ឆ្នាំ ២០២២។​

អគារ​​​កម្ពស់​ ​៤៥ ​ជាន់​ដែល​រួម​មាន​ទាំង​សណ្ឋាគារ​លំដាប់​​ផ្កាយ​ ៣ Fairfield by Marriott Phnom Penh ​​​​ស្ថិត​​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី​ក្បែរ​​​ស្ពាន​អាកាស ៥ ​មករា​នេះ គឺ​​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក រ៉ូយ៉ាល់ ហ្វៀល​ ឌីវេឡុបម៊ិន (Royal Field Development Company Limited) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជា​មួយ​ក្រុមហ៊ុន Marriott មក​ពី​​​អាមេរិក។

លោក លាង ឃុន ប្រធាន​​​​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល​ ឌីវេឡុបម៊ិន បាន​​ឲ្យ​ដឹង​​​​ថា ការ​​​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​​អន្តរជាតិ​ គឺ​ជា​ចរន្ត​មួយ​ដែល​កើត​មាន​ឡើង​​ស្រប​តាម​ភាព​​រីក​ចម្រើន​របស់​​សេដ្ឋកិច្ច និង​​ទេសចរណ៍។

លោក​បាន​ថ្លែង​ថា៖ «ការ​សាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​លំដាប់​អន្តរជាតិ និង​សណ្ឋាគារ Fairfield នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​​ក្នុង​ការ​បំពេញ​​សេចក្តី​ត្រូវ​ការ​ផ្នែក​ពាណិជ្ជកម្ម និង​​ទេសចរណ៍​នៅ​កម្ពុជា​»។

លោក Simon Dell ប្រធាន​ជាន់​ខ្ពស់​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារ​កិច្ច​ក្រុមហ៊ុន​ ជីប ម៉ុង​ គ្រុប បាន​ប្រាប់​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ Royal Fields Development ជ្រើស​រើស​យក Marriott International Inc. ជា​​ដៃ​គូ ព្រោះ​​ក្រុមហ៊ុន​នេះ​គឺ​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ល្បី​ឈ្មោះ​​ ដែល​មាន​សាខា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​។

លោក​ថ្លែង​ថា៖​ ​«​​យើង​ជឿ​ថា ​កិច្ច​សហការ​នេះ​នឹង​មាន​ភាព​ល្អ​ប្រសើរ និង​មិន​មាន​ហានិភ័យ​នោះ​ទេ​»​។

អគារ​នេះ​នឹង​មាន​ផ្សារ​ទំនើប​​ ៥ ​ជាន់​ អគារ​ការិយាល័យ និង​រោង​ភាពយន្ត ​ចំណែក​​ចាប់​ពី​ជាន់​ទី​ ១៥ ដល់​ជាន់ទី ៤៥ ជា​សណ្ឋាគារ Fairfield។

លោក Karl Hudson អនុ​ប្រធាន​ក្រុមហ៊ុន ​Marriott International Inc. ប្រចាំ​ប្រទេស​ កម្ពុជា វៀតណាម ថៃ និង​មីយ៉ាន់ម៉ា ថ្លែង​ថា ​សណ្ឋាគារ​ Fairfield by Marriott Phnom Penh នឹង​ផ្តោត​ទៅ​លើ​ក្រុម​​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​។

លោក​ថ្លែង​ថា៖​ «Fairfield by Marriott Phnom Penh នឹង​ជួយ​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​កន្លែង​ស្នាក់​នៅ​លំដាប់​មធ្យម​នៅ​កម្ពុជា​»​។

Marriott គឺ​ជា​ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​អន្តរ​ជាតិ​ ដែល​បាន​បង្កើត​ឡើង​​​ជិត​ ​៩០ ​ឆ្នាំ​​មក​ហើយ និង​កំពុង​ប្រតិបត្តិការ​សណ្ឋាគារ​ជា​​ច្រើន​​នៅ​ជាង ១១០ ប្រទេស​ទូទាំង​ពិភព​លោក​។​

លោក​ស្រី ឆាយ ស៊ីវលីន ប្រ​ធាន សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​​ឲ្យ​ដឹង​​ថា កំណើន​​​ភ្ញៀវ​ទេសចរ និង​​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​អន្តរ​ជាតិ គឺ​ជា​​ការ​បង្ហាញ​ពី​​ទំនុក​ចិត្ត និង​ភាព​រីក​ចម្រើន​របស់​កម្ពុជា ហើយ​វា​គឺ​​ជា​សារ​មួយ​ផ្ញើ​​ទៅ​កាន់​​​វិនិយោគិន​អន្តរ​ជាតិ​ផ្សេង​ទៀត​​ពី​ឱកាស​ក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

លោក​ស្រី​ថ្លែង​ថា៖ ​«ក្នុង​នាម​វិស័យ​ទេសចរណ៍ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​មាន​ការ​វិនិយោគ​ពី​អន្តរជាតិ​បែប​នេះ​កាន់​តែ​ច្រើន​បន្ថែម​ទៀត»។

ទោះ​ជា​យ៉ាង​ណា លោក​ស្រី​លើក​ឡើង​​​ថា៖​ «​ទន្ទឹម​នឹង​កំណើន​នៃ​ការ​ចូល​មក​វិនិយោគ​ពី​ក្រុមហ៊ុន​លំដាប់​អន្តរ​ជាតិ​បែប​នេះ កម្ពុជា​ក៏​គួរ​តែ​ពង្រឹក​​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន និង​មាន​គុណភាព​​បន្ថែម​ទៀត​ដែរ​»៕​ LA