ប្រភពព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងវាយកម្ទេចសណ្ឋាគារ កាំបូឌីយ៉ាណា (Hotel Cambodiana ) ដើម្បីសាងសង់អគារខ្ពស់បំផុតមួយនៅកម្ពុជា។
ផែនការដែលគ្រោងនឹងសាងសង់អគារមានកម្ពស់ជាងកន្លះគីឡូម៉ែត្រនេះនឹងធ្វើឡើងនៅលើបរិវេណនៃសណ្ឋាគារ កាំបូឌីយ៉ាណា ដែលស្ថិតនៅចំណុចប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង គ្រោងនឹងឈូសសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីត្រួសត្រាយផ្លូវសម្រាប់សាងសង់អគារមួយដែលមានកម្ពស់ ៦០០ ម៉ែត្រ។
លោកថ្លែងថា៖ «ពេលនេះវាគ្រាន់តែជាផែនការប៉ុណ្ណោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្នើសុំរដ្ឋាភិបាលនូវសិទ្ធិសម្រាប់គម្រោងនេះ»។ លោកបន្តថា៖ «សណ្ឋាគារកាំបូឌីយ៉ាណានឹងត្រូវបំផ្លាញចោល ហើយក្រុមហ៊ុននេះនឹងសាងសង់អគារ [កម្ពស់ ៦០០ ម៉ែត្រ] នៅទីនោះ»។
រ៉ូយ៉ាល់ គ្រុប ដែលបានទិញអចលនទ្រព្យនេះកាលពីឆ្នាំ ២០១៥ មិនទាន់បានប្រកាសពីគម្រោងនេះទេហើយក៏មិនបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទផងដែរ។
ប្រសិនបើផែនការសាងសង់អគារថ្មីនេះអាចដំណើរការទៅដោយជោគជ័យ វានឹងក្លាយជាអគារដែលមានកម្ពស់ខ្ពស់បំផុតទី ៤ ក្នុងពិភពលោក។ បច្ចុប្បន្នអគារខ្ពស់ជាងគេក្នុងពិភពលោកមានឈ្មោះថា Burj Khalifa ស្ថិតក្នុងទីក្រុង ឌូបៃ របស់ប្រទេសអេមីរ៉េត អារ៉ាប់រួម ទី ២ អគារ Shanghai Tower ក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន និងទី ៣ អគារ Abraj Al-Bait Clock Tower ក្នុងទីក្រុង ម៉ាកា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នាពេលកន្លងមកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិនក៏បានប្រកាសពីផែនការក្នុងការសាងសង់អគារមួយដែលមានកម្ពស់ ៥៦០ ម៉ែត្រនៅទីតាំងជិតនោះផងដែរ (Dream Land) ក្រោមទុនវិនិយោគចំនួន ២,៧ ពាន់ដុល្លារ។

បើសិនជាគម្រោងទាំង ២ នេះលេចរូបរាងឡើងនោះវានឹងក្លាយជាអគារដ៏ខ្ពស់ដែលមានចម្ងាយក្នុងរង្វង់ត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីព្រះបរមរាជវាំង ឬវិមានឯករាជ្យ។
លោកបណ្ឌិត វាន់ វ៉ាត អ្នកជំនាញផ្នែកអភិវឌ្ឍន៍ទីក្រុងបាននិយាយថា លោកមិនដែលបានឃើញលិខិតផ្លូវការរបស់សាលារាជធានីភ្នំពេញ ឬក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាក់ទងនឹងការកំណត់កម្ពស់អគារជាផ្លូវការនោះទេ។ លោកបានបន្តថា ទោះបីជាយ៉ាងណាការមានអគារខ្ពស់ៗគឺជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលប្រហែលចង់បង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យសំណង់ ហើយនឹងលើកទឹកចិត្តឲ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើននៅកម្ពុជា»។
បុគ្គលិកបម្រើការងារនៅសណ្ឋាគារ Cambodiana ម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីដើមសប្តាហ៍នេះថា រូបលោកបានឮព័ត៌មានដែលគេនិយាយពីការអភិវឌ្ឍអគារខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញនៅលើទីតាំងនៃសណ្ឋាគារ Cambodiana Hotel នេះដែរ ដែលពេលវេលានៃការអភិវឌ្ឍនោះអាចនឹងដឹងច្បាស់នៅពេលការបោះឆ្នោតជាតិរួចរាល់ (ចុងខែកក្កដា ឆ្នាំ ២០១៨)។
លោកបានបន្តថា តាមដឹងការវិនិយោគនោះគឺក្រុមហ៊ុន Royal Group បានសហការជាមួយក្រុមហ៊ុនមកពីប្រទេសចិនដើម្បីអភិវឌ្ឍគម្រោងធំៗចំនួន ២ នៅកម្ពុជា។
លោកបានអះអាងថា៖ «ខ្ញុំឮគេនិយាយថាអ្នកឧកញ៉ាបានសហការជាមួយក្រុមហ៊ុនដ៏ធំមកពីប្រទេសចិនដើម្បីអភិវឌ្ឍអគារធំៗចំនួន ២ គឺ ១ នៅលើទីតាំងសណ្ឋាគារ Cambodiana និងមួយកន្លែងទៀតនៅតំបន់ជាប់មាត់សមុទ្រនៃខេត្តព្រះសីហនុ។ នៅពេលការសាងសង់រួចរាល់ភ្ញៀវទេសចរចិនដែលចង់មកកម្សាន្តនៅកម្ពុជានឹងកាន់តែមានភាពងាយស្រួលមួយកម្រិតទៀត»។
បើតាមប្រភពនោះបច្ចុប្បន្នមានបុគ្គលិកប្រហែលជិត ៥០០ នាក់កំពុងបម្រើការងារនៅក្នុងសណ្ឋាគារ Cambodiana។
សណ្ឋាគារកាំបូឌីយ៉ាណា គឺជាអគារដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញដែលបានសាងសង់ឡើងក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០។ សណ្ឋាគារដែលនៅពេលសាងសង់ដំបូងមានចំនួន ១០០ បន្ទប់នេះ ត្រូវបានសម្ពោធក្នុងឆ្នាំ ១៩៦៩ តែត្រូវបិទទ្វារទៅវិញនៅឆ្នាំបន្ទាប់។
ក្នុងឆ្នាំ ១៩៩១ វិនិយោគិនសិង្ហបុរីបានជួលសណ្ឋាគារនេះរយៈពេល ៧០ ឆ្នាំពីរដ្ឋាភិបាលកម្ពុជា។ អគារនេះត្រូវបានកែលម្អ និងពង្រីក ព្រមទាំងយកឈ្មោះសណ្ឋាគាររបស់បារាំង Sofitel មកប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០១ មក។ នៅឆ្នាំ ២០០៥ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានទិញបន្តពីវិនិយោគិនសិង្ហបុរី ក្នុងតម្លៃមួយដែលមិនត្រូវបានប្រកាសឲ្យដឹង ។
នេះមិនមែនជាព័ត៌មានដំបូងដែលនិយាយពីការវាយរំលំសណ្ឋាគារ Cambodiana នេះឡើយ ដោយកាលពីឆ្នាំ ២០១៦ កន្លងមកក៏មានព័ត៌មានពីផែនការក្នុងការវាយអគារនេះចោល ដើម្បីសាងសង់អគារថ្មីដែលមានកម្ពស់ ២០ ជាន់ដែរ តែនៅទីបំផុតផែនការនេះត្រូវលុបចោលទៅវិញ៕