ក្រុងប៉េកាំងៈ អគារ​ខ្ពស់​មួយ​នៅ​ទីក្រុង​ប៉េកាំង​ដែល​ត្រូវបាន​រឹបអូស​ពី​មហាសេដ្ឋី​ជនជាតិ​ចិន​ដែល​រត់គេច​ខ្លួន​ត្រូវ​បាន​លក់​ក្នុងការ​ដេញថ្លៃ​តាម​អនឡាញ​មួយ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​តម្លៃ ៥,១៨ ពាន់​លាន​យន់ (៧៣៤ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការវិវឌ្ឍ​ចុងក្រោយ​បំផុត​នៅក្នុង​រឿងរ៉ាវ​ដ៏វែង និង​ចាប់អារម្មណ៍​ខ្លាំង​ដែល​កើត​មាន​តាំងពី​មុន​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​ ២០០៨ ​។

អគារ Pangu Plaza ដែលមាន​កម្ពស់ ៤០ ជាន់​ដ៏អស្ចារ្យ​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​នៅជាប់​ពហុកីឡដា្ឋន​សម្បុកចាប (Bird''s Nest Olympic) ដែលជា​ផ្នែក​ដ៏សំខាន់​នៃ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ដាក់​លក់​ក្នុង​រយៈពេល ២៤ ​ម៉ោង​នៅលើ​គេហទំព័រ​ដេញថ្លៃ​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈាន​មុខ​គេ Alibaba របស់​ប្រទេស​ចិន​។

អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាង ១៤-៥ ០០០​នាក់​បាន​តាមដាន​ការដេញ​ថ្លៃ​នេះ ប៉ុន្តែ​មានតែ​ការដេញថ្លៃ​ ២ ​ប៉ុណ្ណោះ​ត្រូវបាន​ទទួល​យក​ដោយ​អ្នក​ទទួល​បាន​ជោគជ័យ​បានទទួល​យក​អចលនទ្រព្យ​នេះ​ក្នុងតម្លៃ​ខ្ពស់ជាង​តម្លៃ​ចាប់ផ្តើម​ដេញថ្លៃ​តិចតួច​ប៉ុណ្ណោះ​។

អ្នកទិញ​អគារ​នេះ​គឺជា​ក្រុមហ៊ុន YuCheng Zhiye ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​និង​គ្រប់គ្រង​អចលនទ្រព្យ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។ នេះ​បើ​យោងតាម​គេហទំព័រ​ដេញថ្លៃ​។

អគារ​ដែលមាន​រូបរាង​ដូច​សត្វ​នាគ​ទំនើបនិយម​មួយ​នេះ​ត្រូវ​បាន​ដាក់លក់​ដោយ​ម្ចាស់បំណុល បន្ទាប់ពី​ត្រូវបាន​រឹង​អូស​ពី​លោក Guo Wengui ជា​មហាសេដ្ឋី​ដែល​បាន​និរទេស​ខ្លួន បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ពុករលួយ​កាលពី​ឆ្នាំ​ ២០១៤​។

បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង​ញូវយ៉ក​លោក​បាន​ក្លាយជា​អ្នក​រិះគន់​ខ្លាំងៗ​នៃ​របប​កុម្មុយនីស្ដ​របស់​ប្រទេស​ចិន និង​លោក​ប្រធានាធិបតី ស៊ី ជីនភីង ដោយ​លោក​ចោទប្រកាន់​លោក ស៊ី ពីបទ​ប្រើប្រាស់​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ ដើម្បី​បង្ក្រាប​ដៃគូ​ប្រឆាំង​នយោបាយ​។

លោក Guo ដំបូង​ឡើយ​បាន​ទិញ​ដី​មួយកន្លែង​ដើម្បី​សាងសង់​អគារ Pangu Plaza កាលពី​ឆ្នាំ ២០០២ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ទីក្រុង​ប៉េកាំង​បាន​រឹបអូស​អគារ​នេះ​នៅ ៥ ​ឆ្នាំ​ក្រោយមក​ដោយ​លើកឡើង​ពី​ភាពមិន​ប្រក្រតី​។

លោក​ទទួល​បាន​មកវិញ​នូវ​ការគ្រប់គ្រង​អចលនទ្រព្យ​នេះ បន្ទាប់ពី​មានការ​លេច​ធ្លាយ​វីដេអូ​ផ្លូវភេទ​ដែល​បង្ហាញ​រូបលោក Liu Zhihua អភិបាលរង​ទីក្រុង​ប៉េកាំង​ដែល​ទទួល​ខុសត្រូវ​ក្នុងការ​បែងចែក​ដី​ជុំវិញ​ទីតាំង​ដែល​ត្រូវ​សាងសង់​ពហុកីឡដ្ឋាន​សម្បុកចាប​។

លោក Liu ក្រោយមក​ត្រូវបាន​គេ​រកឃើញ​កំហុស​អំពើពុករលួយ​ដ៏ធំ និង​បានផ្ដល់​ការកាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរទោស​។

អគារ Pangu Plaza មាន​អគារ​ការិយាល័យ​ចំនួន ៤ ដែល​បង្កើត​បាន​ជា​ដង​ខ្លួន​សត្វ​នាគ និង​មាន​រចនាសម្ព័ន្ធ​ទី ៥ ខ្ពស់​ដែល​មាន​រូបរាង​ប្លែក ដែល​បង្កើត​បាន​ជា​ក្បាល​របស់​នាគ​។

អគារ​នេះ​បាន​បានបង្ហាញ​រយៈពេល​ខ្លី​នៅក្នុង​ខ្សែភាពយន្ត​ឆ្នាំ​ ២០១៤ រឿង «Transformers: Age of Extinction»​។

នៅក្នុង​វីដេអូ​មួយ​ដែល​ផ្សាយ​នៅលើ​ទំព័រ Twitter កាលពី​ខែ​មុន​លោក Guo បាន​ឲ្យ​ដឹងថា តម្លៃ​ចាប់ផ្តើម​សម្រាប់​ការដេញថ្លៃ​របស់​អគារ​នេះ​មាន​តម្លៃ​ទាប​ជាង​តម្លៃពិត​របស់​អគារ​៕ LA