The Phnom Penh Post Search

Search form

អគារ​ធំៗ​នៅ​ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​ទទួល​បាន​លិខិត​បញ្ជាក់ LEED

Content image - Phnom Penh Post
អគារ​រោង​ចក្រ Laurelton Diamond Factory នៅ​កម្ពុជា​ដែល​ទើប​ទទួល​បាន​លិខិត​បញ្ជាក់ LEED។ រូបថត សហការី

អគារ​ធំៗ​នៅ​ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​ទទួល​បាន​លិខិត​បញ្ជាក់ LEED

បើ​យោង​តាម​ប្រព័ន្ធ​ពិន្ទុ ភាព​នាំ​មុខ​ក្នុង​ផ្នែក​ថាមពល និង​រចនា​បែប​បរិស្ថាន (LEED) គឺជា​លិខិត​បញ្ជាក់​អគារ​បៃតង ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ជុំវិញ​ពិភពលោក ដោយ​ផ្តោត​មិន​ត្រឹម​តែ​លើ​អគារ​ដែល​ប្រើប្រាស់​វត្ថុ​ធាតុដើម មាន​និរន្តរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តោត​សំខាន់​ទៅ​លើ​រចនាប័ទ្ម​លម្អិត​របស់​អគារ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថាមពល​តិច​ជាង​មុន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​។

ដើម្បី​ទទួល​បាន​លិខិត​បញ្ជាក់​ពី LEED គឺ​ត្រូវ​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ ដោយ​ក្រុមហ៊ុន និង​អគារ​សំណង់​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ជាច្រើន​ដើម្បី​បញ្ជាក់​ពី​សុពលភាព និង​លក្ខណៈ​វិនិច្ឆ័យ​ផ្សេងៗ​។

សម្រាប់​រោងចក្រ Laurelton Diamond Factory នៅ​ប្រទេស​កម្ពុជា ការ​ឆ្លង​កាត់​យ៉ាង​លំបាក​នេះ​បាន​ទទួល​ផ្លែផ្កា​កាល​ពី​សប្តាហ៍​មុន​បន្ទាប់​ពី​ចំណាយ​អស់​រយៈពេល​២​ឆ្នាំ នៅ​ពេល​ដែល​រោងចក្រ​នេះ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៤ ក្រោម​ការ​ត្រួត​ត្រា​ផ្នែក​ស្ថាបត្យកម្ម វិស្វកម្ម ការ​គ្រប់គ្រង​គម្រោង និង​តម្លៃ អស់​រយៈពេល​២​ឆ្នាំ ពី​ក្រុមហ៊ុន Archetype Group ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​សំណង់​ឯកជន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​វា​គឺជា​ចំណុច​មួយ​ដែល​ពិបាក​សម្រេច​បាន​។ លិខិត​បញ្ជាក់​របស់ LEED មាន​៤​ប្រភេទ​ ៖ បញ្ជាក់ (ពិន្ទុ​ពី​៤០​ទៅ​៤៩) ឋានៈ​ប្រាក់​(៥០​ទៅ​៥៩) ឋានៈ​មាស​ (៦០​ទៅ​៧៩) និង​ឋានៈ​ប្លាទីន (៨០​ទៅ​១១០)​។​ ​រោងចក្រ Laurelton Diamond Factory បាន​ទទួល​លិខិត​បញ្ជាក់​ប្រភេទ​បញ្ជាក់ ដោយ​ទទួល​បាន​៤៧​ពិន្ទុ គឺ​ស្ថិត​ក្នុង​ឋានៈ​ប្រាក់​។ ការ​ដំឡើង​បន្ទះ​សូឡា​ដំបូង​គេ និង​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា នេះ​បាន​ធ្វើ​ឲ្យ​រោង​ចក្រ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អគារ​បរិស្ថាន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​។​

លោក Michel Cassagnes នាយក​គ្រប់គ្រង និង​នាយក​រចនា​ស្ថាបត្យកម្ម​របស់​ក្រុមហ៊ុន Archetype Cambodia បាន​ឲ្យ​ដឹង​ថា​ ៖ «​ការ​ទទួល​បាន​លិខិត​បញ្ជាក់ LEED នេះ គឺជា​ការ​កំណត់​ចំណុច​គោល​សម្រាប់​ការ​រចនា និង​សំណង់​អគារ​ដែល​មាន​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា​»​។

តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​សំណង់​អាគារ មិន​ត្រឹម​តែ​សំដៅ​ទៅ​ការអភិវឌ្ឍ​ដោយ​មាន​និរន្តរភាព​នោះ​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​ទទួល​បាន​លិខិត​បញ្ជាក់​ដូចជា LEED ប្រទេស​កម្ពុជា កំពុង​តែ​ស្ថិត​នៅ​ចំ​ទិសដៅ​សាងសង់​គម្រោង ដែល​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​បរិស្ថាន ប្រសិន​បើ​ក្រុមហ៊ុន​ដទៃ​កត់​សម្គាល់​ មើល​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​ទៅ​លើ​វិស័យ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​។

នៅ​ពេល​បច្ចុប្បន្ន​នេះ អគារ​ផ្សេង​ទៀត​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ LEED មាន​ដូច​ជា Bureau Veritas ដែល​ជា​ជំនួញ​ផ្នែក​ខាង​តេស្ត ត្រួត​ពិនិត្យ និង​ការ​បញ្ជាក់ ដែល​ផ្តោត​ទៅ​លើ​សេវាកម្ម​ដែល​មាន​គុណភាព សុវត្ថិភាព ការពារ​បរិស្ថាន និង​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម​។ អគារ​មួយ​ទៀត​នោះ គឺ​អគារ​វឌ្ឍនៈ​។

Bureau Veritas ស្ថិត​នៅ​លើ​គេ​ដោយ​ទទួល​បាន​ឋានៈ​ប្លាទីន ស្មើ​នឹង​៩០​ពិន្ទុ កាល​ពី​ឆ្នាំ​២០១៣ ហើយ​អគារ​វឌ្ឍនៈ​ឈរ​នៅ​ចំណាត់​ថ្នាក់​ក្រោយ​ដោយ​បាន​ទទួល​បាន​ឋានៈ​មាស​។

លោក Graeme Currie នាយក​រង​ផ្នែក​ខាង​ផលិត​នៃ​ក្រុមហ៊ុន Laurelton Diamonds ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន Tiffany & Co. ដែល​ស្វែងរក កាត់ ច្នៃ និង​ផ្គត់ផ្គង់​ត្បូង​មាន​តម្លៃ​ទៅ​ក្រុមហ៊ុន​ធំ បាន​បញ្ជាក់​ថា ការ​តាំង​ចិត្ត​របស់​ក្រុម​ហ៊ុន​ទៅ​លើ​បញ្ហា​នេះ និង​ប្រជា​ពលរដ្ឋ គឺជា​ចំណុច​ដែល​សំខាន់​ជាង​គេ​បង្អស់​។

លោក​បន្ត​ថា​ ៖ «​តាម​រយៈ​ការ​ខ្នះខ្នែង​ដូចជា​ការ​ទទួល​បាន​លិខិត​បញ្ជាក់ LEED នៅ​ប្រទេស​កម្ពុជា​នេះ​ហើយ ដែល​បង្ហាញ​ពី​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ​របស់​យើង​​ទៅលើ​ផ្នែក​បរិស្ថាន​នៅ​គ្រប់​ថ្នាក់ និង​ផ្នែក​នៃ​អង្គភាព​របស់​ក្រុម​ហ៊ុន​នេះ​»៕

អត្ថបទគួរចាប់អារម្មណ៍