ក្រុងប៉េកាំងៈ ក្រុមវិនិយោគិនជនជាតិចិនដែលមានទ្រព្យច្រើនកំពុងនាំគ្នាស្វែងរកអចលនទ្រព្យប្រណីតៗជាកន្លែងលាក់ខ្លួនដ៏ល្អពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងប្រទេសចិនអ្នកមានទ្រព្យសម្បត្តិច្រើនកំពុងស្វែងរក ទិញលំនៅឋានដែលមានតម្លៃខ្ពស់ ដើម្បីការពារទ្រព្យរបស់ពួកគេប្រឆាំងនឹងអតិផរណា និងការធ្លាក់ចុះនៃតម្លៃប្រាក់យន់។ ការប្រញាប់ប្រញាល់នៅក្នុងការបន្ថែមអចលនទ្រព្យនេះក៏បានបណ្ដាលឲ្យមានការកើនឡើងតម្លៃលំនៅឋានផងដែរ។
លោកស្រី Monika Tu ស្ថាបនិក Black Diamondz ជាក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសអូស្ដ្រាលីដែលផ្តល់សេវាផ្គត់ផ្គង់អចលនទ្រព្យប្រណីតៗដល់អ្នកទិញជនជាតិចិនបានថ្លែងថា៖ «វាកើនឡើងច្រើនមែន»។
ចាប់តាំងពីខែមីនាលោកស្រី Tu បានលក់អចលនទ្រព្យសំខាន់មានតម្លៃ ៨៥ លានដុល្លារអូស្ត្រាលី (៧៩,៣ លានដុល្លារអាមេរិក) ដោយប្រហែលពាក់កណ្ដាលលក់ឲ្យអតិថិជនចិនដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី នៅពេលរងផលប៉ះពាល់ដោយការរីករាលដាលកូវីដ១៩។
បើតាមលោកស្រី Tu តម្លៃបានកើនឡើង ២៥ ភាគរយបើធៀបនឹងដើមឆ្នាំនេះ។
ការបន្ធូរបន្ថយជាបណ្ដើរៗនៃការរឹតបន្តឹងដោយសារជំងឺកូវីដ ១៩ កំពុងផ្តល់ភាពងាយស្រួលដល់ជនជាតិចិនដែលមានទ្រព្យសម្បត្តិច្រើនក្នុងការមើលអចលនទ្រព្យ និងបញ្ចប់ការទិញនៅជិតទីកន្លែងដែលគួរឲ្យចាប់អារម្មណ៍នៅអាស៊ី ដូចជា ក្រុងស៊ាងហៃ ក្រុងសេអ៊ូល និង ក្រុងស៊ីដនីជាដើម។
លោក Clarence Foo ទីភ្នាក់ងារអចលនទ្រព្យនៅផ្នែក ERA របស់ក្រុមហ៊ុន Apac Realty Ltd បានថ្លែងថា សូម្បីតែក្នុងប្រទេសសិង្ហបុរីដែលការបិទការធ្វើចរាចរណ៍មួយផ្នែកនៅជាធរមាន សកម្មភាពទិញ លក់អចលនទ្រព្យកំពុងកើនឡើងតាមរយៈកម្មវិធីអនឡាញ។
មានអតិថិជនជនជាតិចិនចំនួន ៣ រូបបានទិញអាផាតមិន ៦ មានតម្លៃសរុប ២០ លានដុល្លារ នៅក្រុមហ៊ុនអចលនទ្រព្យ Marina One Re-sidences នៅខែនេះដោយមិនមានដំណើរទេសចរណ៍ដោយផ្ទាល់នោះទេ។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ក្រុមហ៊ុន OrangeTee & Tie ក្នុងប្រទេសសិង្ហបុរីថ្លែងថា៖ «អ្នកទិញមួយចំនួនចង់បង្វែរមូលនិធិរបស់ពួកគេទៅបណ្ដាប្រទេសផ្សេងទៀត ខណៈតម្លៃប្រាក់យន់អាចធ្លាក់ថ្លៃបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយសេដ្ឋកិច្ចរបស់ពួកគេ»៕ LA