The Phnom Penh Post Search

Search form

អចលន​ទ្រព្យ​ថៃ នៅ​តែ​ពេញ​និយម​សម្រាប់​អតិថិជន​ចិន

Content image - Phnom Penh Post
លោកស្រី ​​Carrie Law ក្នុ​ងពេល​ធ្វើ​បទ​បង្ហាញ​នា​ពេលកន្លង​មក។ រូបថត សហ​ការី

អចលន​ទ្រព្យ​ថៃ នៅ​តែ​ពេញ​និយម​សម្រាប់​អតិថិជន​ចិន

ក្រុង​បាងកកៈ ប្រទេស ថៃ ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​ជា​ប្រទេស​ដ៏​ពេញ​និយម​បំផុត​​សម្រាប់​​អតិថិជន​​​អចលន​ទ្រព្យ​ជា​​ជនជាតិ​ចិន​ក្នុង​ឆ្នាំ ​២០១៩ នេះ ដោយ​មាន​កំណើន​យ៉ាង​ហោច​ណាស់​ ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០​១៨ ហើយ​ទីក្រុង​បាងកក​ ឈៀង​ម៉ៃ ប៉ាតាយ៉ា និង​ភូកេត ជា​ទិសដៅ​ឈាន​មុខ​គេ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​​ប៉ុស្តិ៍។

លោកស្រី ​Carrie Law មន្ដ្រី​ប្រតិបត្តិ​ និង​ជា​​នាយិកា​គេហទំព័រ​ Juwai.com ដែល​ជា​គេហ​ទំព័រ​អចលន​ទ្រព្យ​អន្តរជាតិ​របស់​​ចិន​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ​មិន​ធ្លាប់​​ដែល​មាន​​​ការ​​សាកសួរ​ទិញ​ច្រើន​ខ្លាំង​ដូច​នេះ​ទេ​សម្រាប់​អចលន​ទ្រព្យ​របស់​ប្រទេស ​ថៃ។​

លោកស្រី​ថ្លែង​ថា៖ «​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ដល់​ជូន​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា រួម​​ទាំង​គុណភាព របៀប​រស់​នៅ និង​​ចក្ខុ​វិស័យ​វិនិយោគ»។​ ​

លោកស្រី​ថ្លែង​​ថា៖ «​នេះ​ក៏​ជា​​លទ្ធផល​​នៃ​កត្តា​ផ្សេង​ៗ​ដែល​ជំរុញ​អតិថិជន​​ជា​ជនជាតិ​ចិន​​ឲ្យ​​ស្វែង​រក​អចលន​ទ្រព្យ​​នៅ​ក្រៅ​ប្រទេស​គួរ​ឲ្យ​ទាក់ទាញ​​ក្នុង​កម្រិត​​​តម្លៃ​ដែល​អាច​រក​បាន​នៅ​ក្នុង​ប្រទេស ថៃ ជា​ពិសេស​ដោយ​សារ​​​របប​គ្រប់គ្រង​មូលធន​​​ដោយ​ទីក្រុង​ប៉េកាំង​​​ និង​កង្វះ​ឱកាស​វិនិយោគ​ជំនួស​​ក្នុង​ប្រទេស ចិន ​ខ្លួន​ឯង​»។​

លោកស្រី​ Law បាន​ឲ្យ​ដឹង​ថា ​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​កំពុង​ដំណើរ​ការ​​​​ក្នុង​ប្រទេស ​ថៃ ផ្ដល់​ជូន​អ្នក​ទិញ​ជា​ជនជាតិ​ចិន​នូវ​​ទំនុក​ចិត្ត​​លើ​សក្ដានុពល​សេដ្ឋកិច្ច​រយៈ​ពេល​វែង​របស់​ប្រទេស​នេះ។​

លោកស្រី​បាន​បញ្ជាក់​ថា ភាព​តានតឹង​​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ នឹង​ជា​កត្តា​ជំរុញ​មួយ​ផ្សេង​ទៀត​ ដែល​នឹង​ផ្លាស់ប្តូរ​ចំណាប់​អារម្មណ៍​របស់​អ្នក​ទិញ​ជា​ជនជាតិ​ចិន​ពី​សហរដ្ឋ​អាមេរិក​ទៅ​​ប្រទេស ​ថៃ វិញ​។​​

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដក​ស្រង់​​​គេហ​ទំព័រ​នេះ​ថា ឆ្នាំ​មុន​គឺ​ឆ្នាំ​​ដំបូង​ ដែល​ប្រទេស ​ថៃ ​មាន​ការ​សាក​សួរ​ច្រើន​បំផុត​​​​លើ ​Juwai.com ដែល​អ្នក​ប្រើប្រាស់​​​និយាយ​​ភាសា​ចិន​របស់​​គេហទំព័រ​នេះ​បាន​កើន​ឡើង​ដល់​​ជាង​ ៣,១ លាន​នាក់​ប្រចាំ​ខែ និង​បង្ហាញ​ពី​ការ​ចុះ​ឈ្មោះ ២,​៨ ​លាន​ដង​​មក​ពី​ ៩០ ​ប្រទេស​​។​

ពី​ការ​ជាប់​ចំណាត់​ថ្នាក់​ជា​ទិស​ដៅ​ដ៏​ពេញ​និយម​បំផុត​ទី ​៦ ​កាល​ពី​ឆ្នាំ​ ២០១៦ ប្រទេស ថៃ បាន​កើន​ឡើង​មក​​កាន់​ចំណាត់​ថ្នាក់​ទី ​៣ កាល​ពី​ឆ្នាំ​ ២០១៧​ មុន​ពេល​​ទទួល​បាន​ចំណាត់​ថ្នាក់​​កំពូល​​​នៅ​​ឆ្នាំ ​២០១៨។​

នៅ​ក្នុង​ចំណាត់​ថ្នាក់​ថ្មី​ៗ​នេះ​បន្ទាប់​ពី​​ប្រទេស ​ថៃ​ ប្រទេស​ អូស្ដ្រាលី ជាប់​ចំណាត់​ថ្នាក់​ទី ២ បន្ទាប់​មក ​គឺ​សហរដ្ឋ​​អាមេរិក និង​ចក្រភព​អង់គ្លេស​។​ នេះ​បើ​យោង​តាម​បាងកក​ប៉ុស្តិ៍។

បើ​គិត​ពិត​ម្លៃ​សរុប​ដែល​អតិថិជន​បាន​វិនិយោគ ប្រទេស ថៃ បាន​​ជាប់​ចំណាត់​ថ្នាក់​ទី ៤ ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ ២,៣ ​ពាន់​លាន​ដុល្លារ​ បន្ទាប់​មក​គឺ​អាមេរិក (៣០,​៤ ​ពាន់​លាន​ដុល្លារ) ទីក្រុង​ហុងកុង (១៦,​២​ពាន់​លាន​ដុល្លារ) និង​អូស្ដ្រាលី (១៤,​១​ពាន់​លាន​ដុល្លារ)។ ​​ម៉ាឡេស៊ី​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ​៥​ មាន​ទឹក​ប្រាក់​វិនិយោគ ២ ​ពាន់​លាន​ដុល្លារ​។​

ទាក់ទង​តម្លៃ​វិនិយោគ​សរុប លោក​ស្រី​ Law ប៉ាន់​ប្រមាណ​ថា អាផាតមិន​ទីក្រុង​បាងកក​ថ្មី​​ប្រហែល​ ១៥ ០០០ ​យូនីត ​ត្រូវ​បាន​លក់​​ឲ្យ​អតិថិជន​​មក​ពី​ប្រទេស ចិន ​ដី​គោក និង​ទីក្រុង​ហុងកុង​​ក្នុង​អំឡុង​ឆ្នាំ ​២០១៨។​

ពួក​គេ​មាន​ចំនួន​ប្រហែល​ពាក់​កណ្ដាល​​នៃ​អ្នក​ទិញ​​ជា​ជន​បរទេស​នៅ​​ក្នុង​ទីក្រុង​បាងកក។​

នេះ​មាន​ន័យ​ថា ប្រសិន​បើ​អ្នកទិញ​ជា​ជនជាតិ​ចិន បាន​ទិញ​យូនីត​​ក្នុង​តម្លៃ​ជា​មធ្យម​ ៥ លាន​បាត​ (ប្រហែល ១៦ ម៉ឺន​ដុល្លារ) ការ​វិនិយោគ​សរុប​ក្នុង​​អំឡុង​ឆ្នាំ ២០១៨ ដោយ​អតិថិជន​ចិន​មក​ពី​​ចិន​ដីគោក​ និង​​​ទីក្រុង​ហុងកុង​ មាន​ចំនួន ៧៥ ​ពាន់​លាន​បាត (ប្រហែល ២,៤ ពាន់​លាន​ដុល្លារ)។​

បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ថា ទីក្រុង​ដែល​ត្រូវ​បាន​គេ​​ស្រាវជ្រាវ​រក​អចលន​ទ្រព្យ​ច្រើន​បំផុត​ទាំង ៦ ​ក្នុង​​ប្រទេស ថៃ គឺ​ទីក្រុង​បាងកក ប៉ាតាយ៉ា ឈៀងម៉ៃ ​ភូកេត សាតាហ៊ីប និង​កោះ​សាមុយ។​

ទីតាំង​ដែល​មាន​សាកសួរ​អំពី​អចលន​ទ្រព្យ​ច្រើន​ជាង​គេ​ទាំង​ ៥ រួម​មាន​ទីក្រុង​បាងកក ឈៀងម៉ៃ បាតាយ៉ា ភូកេត និង​កោះ​សាមុយ ដោយ​​តម្លៃ​អចលន​ទ្រព្យ​ដែល​ត្រូវ​បាន​សាកសួរ​​សរុប​មាន ៥៤៧,៧ លាន​ដុល្លារ។ តម្លៃ​សាកសួរ​មធ្យម​នៃ​​អចលន​ទ្រព្យ​មាន​ចំនួន ១២២ ០០០ ដុល្លារ។

ការ​ទិញ​សម្រាប់​ការ​វិនិយោគ គឺ​ជា​ការ​ជំរុញ​ឈាន​មុខ​គេ​ក្នុង​ចំណោម​អ្នក​ទិញ​ជា​ជនជាតិ​ចិន ដែល​មាន​ចំនួន ៧២,៤ ​ភាគរយ​នៃ​អ្នក​ទិញ​សរុប បន្ទាប់​មក​គឺ​ការ​ប្រើប្រាស់​លក្ខណៈ​បុគ្គល ការ​សម្រាក​លំហែ​កាយ ការ​ចូល​និវត្តន៍ ការ​អប់រំ និង​ការ​ជួល។​

ទោះ​ជា​ទីក្រុង​បាងកក​បាន​នាំមុខ​គេ​ខាង​ផ្នែក​ទិសដៅ​វិនិយោគ​អចលន​ទ្រព្យ​ពិភព​លោក​​បើ​គិត​ពី​​ចំណាប់​អារម្មណ៍​​របស់​ជនជាតិ​ចិន​ក្តី ក៏​មាន​ការ​គំរាម​កំហែង​រយៈ​ពេល​វែង​ចំពោះ​ភាព​ទាក់ទាញ​របស់​ទីក្រុង​នេះ​ផង​ដែរ​ជា​ពិសេស​កម្រិត​​​បំពុល​បរិយាកាស​ខ្ពស់​ដែល​​មើល​ឃើញ​​ពេល​បច្ចុប្បន្ន។​

​លោកស្រី​ថ្លែង​ថា​៖ «អ្នក​ទិញ​ជនជាតិ​ចិន​មិន​ចង់​ទៅ​បរទេស ដើម្បី​គ្រាន់​តែ​ជួប​ប្រទះ​​កម្រិត​​​បំពុល​បរិយាកាស​ដូច​គ្នា​​ទៅ​នឹង​អ្វី​ដែល​បាន​ជួប​ប្រទេះ​នៅ​ប្រទេស​កំណើត​ឡើយ»៕ LA​

អត្ថបទគួរចាប់អារម្មណ៍