ក្រុងវ៉ាស៊ីនតោនៈ ការទទួលខុសត្រូវ​លើ​ការខូចខាត​សេដ្ឋកិច្ច​អាមេរិក​ដែល​បណ្តាលមកពី​ការរីក​រាលដាល​វីរុស​កូរ៉ូណា​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ ដោយ​នៅពេល​នេះ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​តាមដាន​ស្ថានភាព​ហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត​គឺ​សណ្ឋាគារ ទីលាន​វាយ​កូន​ហ្គោល និង​អាជីវកម្ម​អចលនទ្រព្យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ត្រាំ ដែល​បានធ្វើឲ្យ​គាត់​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ពាន់​ពាន់​លាន​ដុល្លារ​។

​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ របស់​គាត់​នៅ​អាមេរិក និង​កាណាដា​ដែល​មាន​ជាង​ ២ ២០០ ​បន្ទប់​ស្ទើរតែ​ទទេ​ស្អាត ចំណែក​ទីលាន​វាយ​កូនហ្គោល​នៅ​អាមេរិក ស្កុតឡេន និង​អៀរឡង់​ក៏​កំពុង​ស្ថិតក្រោម​សម្ពាធ​បិទ​ប្រតិបត្តិការ​ដែរ ខណៈ​ «​សេត​វិមាន​ខាងត្បូង​»​ ​ដែល​ជាទី​ពេញចិត្ត​របស់គាត់ និង​ក្លិប​កម្សាន្ត MaraLago នៅ​ទល់មុខ​ឆ្នេរ​ខ្សាច់​ក្នុង​តំបន់ឆ្នេរ Palm Be-ach ក្នុង​រដ្ឋ Florida បាន​បិទ​រួចទៅហើយ​។

ដូច​សណ្ឋាគារ​ដទៃទៀត​នៅ​ជុំវិញ​ប្រទេស​ដែរ សណ្ឋាគារ​របស់​លោក ត្រាំ ត្រូវ​បង្ខំ​ឲ្យ​បិទទ្វារ ដោយ​រំសាយ​បុគ្គលិក​ស្ទើរ​ទាំងអស់​នឹង​ប្រឈម​ការពិត​ដែលថា ប្រាក់ចំណូល​ ៤៣៥ លាន​ដុល្លារ​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន​របស់ ត្រាំ បាន​រាយការណ៍​កាលពី​ឆ្នាំ​ ២០១៨ ទំនងជា​ដាំ​ក្បាល​ចុះ​លឿន​ក្នុងឆ្នាំនេះ​។

មាន​សំណួរ​ជាច្រើន​ជុំវិញ​ថា តើ​ក្តីបារម្ភ​របស់លោក ត្រាំ អំពី​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់គាត់​កំពុង​តម្រង់​ការឆ្លើយតប​របស់គាត់​ទៅកាន់​វិបត្តិ​នោះ​ត្រង់​ថា តើ​ផ្នែក​ណាមួយ​នៃ​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​ទឹកប្រាក់ ២ ​ពាន់​ពាន់​លាន​ដុល្លារ​កំពុង​ស្ថិតនៅ​រដ្ឋសភា​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បញ្ឈប់​ការធ្លាក់ចុះ​ផ្នែក​សណ្ឋាគារ និង​អាជីវកម្ម​កម្សាន្ត​ឬទេ​? តើ​ការជំរុញ​របស់លោក ត្រាំ សម្រាប់​ការបញ្ចប់​ឲ្យ​បាន​រហ័ស​ចំពោះ​ភាពជាប់គាំង​ដោយសារ​វីរុស​កូរ៉ូណា គឺ​ដើម្បី​សង្គ្រោះ​ក្រុមហ៊ុន​នោះដែរ​ឬ​យ៉ាងណា​?

លោក ត្រាំ កាលពី​ថ្ងៃ​អង្គារ​និយាយថា​៖ «​ប្រទេស​របស់​យើង​...​មិនមែន​សាងសង់​ដើម្បី​បញ្ចប់​ទៅវិញ​នោះទេ​» ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​ត្រឹម​សប្តាហ៍​ទី​ ២ ​ខែ​មេសា​។ លោក​បាន​បន្ថែមថា​៖ «​អ្នក​អាច​បំផ្លាញ​ប្រទេសមួយ​តាម​មធ្យោបាយ​នេះ​ដោយ​បិទ​វា​ទៅ​ចុះ​»​។

វា​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់

ទាំង​លោក​ ត្រាំ និង​កូនប្រុសៗ​របស់លោក​ដែល​មើល​ការខុសត្រូវ​ក្រុមហ៊ុន​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការខូចខាត​ហិរញ្ញវត្ថុ​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នោះទេ​។

ប៉ុន្តែ​ច្បាស់​ណាស់​ថា សណ្ឋាគារ​ជាច្រើន​មាន​ចារឹក​ឈ្មោះ​លោក​ក្នុង​ទីក្រុង New York, Washington, Vancouver Chicago, Las Vegas, និង Hawaii ពិតជា​ទទេ​ស្អាត​។

ទន្ទឹមនឹង​នោះដែរ រមណីយដ្ឋាន​ទីលាន​វាយ​កូនហ្គោល​របស់លោក​ត្រូវ​បានដាក់​បញ្ជា​ឲ្យ​បិទ សូម្បី​នៅ​តំបន់​ដាច់​ស្រយាល​ក្នុងប្រទេស​ស្កុតឡេន​។

កាលពី​ថ្ងៃ​សៅរ៍​លោក ត្រាំ បាន​និយាយថា៖ «​វា​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់ ហើយ​វា​ធ្វើឲ្យ​សណ្ឋាគារ Hilton ឈឺចាប់ និង​ធ្វើឲ្យ​ចង្វាក់​សណ្ឋាគារ​ប្រណីតៗ​លើ​ពិភពលោក​មាន​ការឈឺចាប់​»​។

មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​មោទនភាព ឬ​ហេតុផល​ផ្សេងៗ​សម្ព័ន្ធ​អាជីវកម្ម​របស់ ត្រាំ នៅ​ចចេស​បន្ត​ប្រតិបត្តិការ​។

បុគ្គលិក​ផ្នែក​ទទួលភ្ញៀវ​នៅ​សណ្ឋាគារ Trump International Hotel & Tower នៅ Central Park ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយ​ដោយ​សុំ​មិន​ប្រាប់​ឈ្មោះថា​៖ «​សណ្ឋាគារ​នៅ​បើក​មែន ប៉ុន្តែ​ភោជនីយដ្ឋាន​បាន​បិទ​ដំណើរការ ស្ប៉ា​ក៏​បិទ អាង​ហែល​ទឹក​ក៏​បិទ​។

បុគ្គលិក​រូបនោះ​បានស្នើ​ថា​៖ «​អាហារ​ពេញ​តាម​ដងផ្លូវ យើង​អាច​ទៅ​ទិញ​ឲ្យ​អ្នក និង​យក​ឲ្យ​អ្នក​ដល់​បន្ទប់​គេង​តែម្តង​»​។

លោក John Boardman ប្រធាន​នៃ​សាខា​សម្ព័ន្ធ​អង្គការ Unite Here នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា សណ្ឋាគារ Trump International នៅ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​នៅតែ​បន្ត​ប្រតិបត្តិការ ទោះបី​បញ្ឈប់​បុគ្គលិក​ច្រើន​ក៏ដោយ​។

លោក Boardman បាន​និយាយថា​៖ «​វា​មិន​សម​ទាល់តែ​សោះ​សម្រាប់​ពួកគេ​បន្ត​បើក​ដំណើរការ​។ សណ្ឋាគារ​នេះ​ដូចជា​មាន​ភ្ញៀវ​ស្នាក់នៅ​ត្រឹមតែ ៣ ​ភាគរយ​ប៉ុណ្ណោះ​»​។

ការចោទប្រកាន់​ពី​ការកេងចំណេញ

ចាប់តាំងពី​ចូលកាន់​តួនាទី​ជា​ប្រធានាធិបតី លោក ត្រាំ បាន​ការពារ​ខ្លួន​ពី​សម្ពាធ និង​ពាក្យបណ្តឹង​ដែល​ចោទប្រកាន់​លោក​អំពី​ការទទួល​បាន​ផលប្រយោជន៍​ពី​អចលនទ្រព្យ​របស់ខ្លួន​ក្នុងពេល​កាន់អំណាច​ជា​ប្រធានាធិបតី​។

អ្នកដឹកនាំ​ធុរកិច្ច មន្ត្រីការទូត និង​មហាក្សត្រ​មកពី​តំបន់​មជ្ឈិមបូព៌ា​បាន​ស្វែងរក​ការ​ស្នាក់នៅ​ដោយ​ទទួល​ការគាំទ្រ​ពី​រូបគាត់​នៅ​សណ្ឋាគារ​របស់គាត់ ជាពិសេស សណ្ឋាគារ Trump International ដែល​ទើបតែ​ដាក់​របាំង​ពី​សេតវិមាន​។

កាសែត The Washington Post បាន​រាយការណ៍​អំពី​ទឹកប្រាក់​ដ៏ច្រើន​ដែល​ស្តេច និង​មន្ត្រីការទូត​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចំណាយ​ដើម្បី​កក់សណ្ឋាគារ​របស់ ត្រាំ ហើយ​គាត់​បានគិត​តម្លៃ​ក្នុង​អត្រា​ខ្ពស់​ពី​ភ្នាក់ងារ​សេវាកម្ម​ពេល​គាត់​ធ្វើ​ដំណើរ​ទៅកាន់​អចលនទ្រព្យ​ផ្ទាល់ខ្លួន​រួមទាំង​តម្លៃ​រាប់សិប​ពាន់​ដុល្លារ​សម្រាប់​រទេះរុញ​លេង​កូន​ហ្គោល​។

ពាក្យបណ្តឹង​ជាច្រើន​បាន​ចោទប្រកាន់​លោក ត្រាំ អំពី​ការ​កេងចំណេញ​ពី​ការិយាល័យ​របស់ខ្លួន​ដែល​ប្រឆាំង​ទៅនឹង​ឃ្លា​ «​ផលប្រយោជន៍​» របស់​រដ្ឋធម្មនុញ្ញ​អាមេរិក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​ជាប់ចោទ​ទេ​។

លោក Elizabeth Wydra, ប្រធាន​មជ្ឈមណ្ឌល​គណនេយ្យភាព​រដ្ឋធម្មនុញ្ញ បាន​ប្រាប់ថា​៖ «​គ្រប់ពេល​ទាំងអស់ វា​សំខាន់​ណាស់​ដែល​ប្រជាជន​អាមេរិក​ដឹង​ច្បាស់​ថា លោក​ប្រធានាធិបតី​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​ដល់​សាធារណៈ​ជា​ចម្បង និង​មិន​ទទួលបាន​ប្រយោជន៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នោះទេ​»៕ RR