កាលីហ្វ័រនីញ៉ាៈ ក្នុង​រយៈពេល ១០ ​ខែ​ចុងក្រោយ​នេះ​អ្នកស្រី Bei Qin ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley រដ្ឋ​កាលីហ្វ័រនីញ៉ា មិន​ទទួល​បាន​អតិថិ​ជនណា​ម្នាក់​មកពី​ប្រទេស​ ចិន ​ឡើយ ដែល​ជា​ទីផ្សារ​មួយ​ធ្លាប់​ជា​ប្រភព​ដ៏ចម្បង​នៃ​អាជីវកម្ម​របស់គាត់​។

អ្នកស្រី Qin ប្រធាន​ក្រុមហ៊ុន ACEQ Investment Group នៅ​ទីក្រុង Cupertino រដ្ឋ​កាលីហ្វ័រនីញ៉ា​បាន​ថ្លែងថា​៖ «​យើង​មាន​អាជីវកម្ម​ដ៏ល្អប្រសើរ​បំផុត​នៅ​ឆ្នាំ​ ២០១៦ និង ២០១៧​។ រាល់ថ្ងៃ​យើង​មាន​ការសាកសួរ​ព័ត៌មាន​ពី​អតិថិជន​ចិន ហើយ​រៀងរាល់​សប្តាហ៍ គណនី WeChat របស់​យើង​មាន​អ្នក​ចុះឈ្មោះ​ថ្មី​ច្រើនជាង ១០ នាក់​»​។ អ្នកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​បច្ចុប្បន្ន​ថ្ងៃ​ល្អ​ទាំងនោះ​បាន​កន្លង​ផុត​ទៅ​ហើយ​»​។

បន្ទាប់ពី​ ១ ​ទសវត្សរ៍​នៃ​ការកើនឡើង​ការវិនិយោគ​ដោយ​ជនជាតិ​ចិន​ដែលមាន​ប្រាក់​ច្រើន​ក្នុង​ការទិញ​អចលនទ្រព្យ​លំនៅឋាន​នៅ​សហរដ្ឋអាមេរិក ការវិនិយោគ​របស់​ជនជាតិចិន​ដែល​ជា​ចំណែក​ដ៏ធំ​នៃ​អតិថិជន​អន្តរជាតិ​សម្រាប់​រយៈពេល ៧ ​ឆ្នាំ​ជាប់​គ្នា​មក​នោះ​បាន​ធ្លាក់ចុះ ៥៦ ​ភាគរយ ​ក្នុង​រយៈពេល ១២ ​ខែ​គិត​ត្រឹម​ខែមីនា​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ (NAR)​។

ក្នុង​អំឡុង​ពេលនោះ អតិថិជន​ចិន​បាន​ទិញ​អចលនទ្រព្យ​នៅ​អាមេរិក​មាន​តម្លៃ ១៣,៤ ​ពាន់​លាន​ដុល្លារ​ ធៀប​នឹង ៣០,៤ ​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​កន្លងទៅ​។ អតិថិជន​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ២ គឺ​ជនជាតិ​កាណាដា​ដែល​បាន​ចំណាយ​ប្រាក់​សរុប ៨ ​ពាន់​លាន​ដុល្លារ​ សម្រាប់​ការទិញ​ផ្ទះ​នៅ​អាមេរិក​។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ​។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ​សមាគម NAR បាន​មានប្រសាសន៍ថា​៖ «​កត្តាសេដ្ឋកិច្ច​រួមទាំង​ការឡើង​ថ្លៃ​ប្រាក់​ដុល្លារ ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស ​ចិន និង​ការគ្រប់គ្រង​មូលធន​គឺជា​កត្តា​ដែល​ទប់ស្កាត់​អតិថិជន​ដោយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​»​។

លោក​មានប្រសាសន៍​ថា​៖ «​ប៉ុន្តែ​ការកើនឡើង​វោហារស័ព្ទ​ភាពតានតឹង​ពាណិជ្ជកម្ម​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ទំនុកចិត្ត​ចំពោះ​ការទិញ​ផ្ទះ​អាមេរិក​ផងដែរ​រួម​ជាមួយ​នឹង​ភាពមិនប្រាកដប្រជា​ជុំវិញ​ថា​តើ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​នឹង​ត្រូវ​បាន​អនុវត្ត​ដែរ​ឬ​យ៉ាងណា​នៅ​ថ្ងៃ​អនាគត​»​។

គេហទំព័រ Juwai ដែល​គេហទំព័រ​អចលនទ្រព្យ​អន្តរជាតិ​ធំ​បំផុត​របស់​ចិន​បាន​ព្យាករ​ថា និន្នាការ​ធ្លាក់​ចុះ​ក្នុង​ចំណោម​ការទិញ​ផ្ទះ​ពី​សំណាក់​ជនជាតិ​ចិន​នៅ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​កើត​មាន​នៅ​ឆ្នាំក្រោយ​ដោយ​មាន​ការប៉ាន់ប្រមាណ​ថា​នឹង​ធ្លាក់ចុះ​ដល់ ១០ ទៅ ១២ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែ​មីនា ឆ្នាំ​ ២០២០​។

ការសាកសួរ​ព័ត៌មាន​ដោយ​ជនជាតិ​ចិន​អំពី​អចលនទ្រព្យ​នៅ​អាមេរិក​បាន​ធ្លាក់ចុះ ២៧,៥ ភាគរយ​ នៅ​ត្រីមាស​ទី​ ១ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​បាន​ធ្លាក់ចុះ ៤ ត្រីមាស​ក្នុង​រយៈពេល ៥ ​ត្រីមាស​ចុងក្រោយ​។ នេះ​បើ​យោងតាម​គេហទំព័រ​នេះ​។

រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​ជា​ទិសដៅ​កំពូល​សម្រាប់​ការវិនិយោគ​លំនៅឋាន​របស់​ជនជាតិ​ចិន​នៅ​អាមេរិក​កំពុង​ទទួលរង​ផលប៉ះពាល់​។

លោក Oscar Wei សេដ្ឋវិទូ​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​ទីក្រុង​កាលីហ្វ័រនីញ៉ា (CAR) បាន​ថ្លែងថា និន្នាការ​នៅក្នុង​រដ្ឋ​នេះ​មិន​ខ្លាំង​ដូច​ដែល​របាយការណ៍​របស់ NAR បាន​លើកឡើង​នោះទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​សមាមាត្រ​របស់​អ្នកទិញ​ជនជាតិ​ចិន​ក្នុង​ចំណោម​អ្នកទិញ​អន្តរជាតិ​បាន​ធ្លាក់ចុះ​តិចតួច​ធៀប​នឹង​ឆ្នាំមុន​»​។

លោក​ឲ្យ​ដឹង​ទៀតថា ភាពមិន​ប្រាកដប្រជា​ដែល​បង្កឡើង​ដោយ​ភាពតានតឹង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​រួម​ជាមួយ​នឹង​ការកើនឡើង​តម្លៃ​ផ្ទះ​ដោយសារ​ការធ្លាក់​ចុះថ្លៃ​ប្រាក់​យន់​បាន​ដើរតួនាទី​ក្នុង​ការធ្លាក់ចុះ​ការទិញ​ផ្ទះ​នេះ​។

រដ្ឋាភិបាល​អាមេរិក​បាន​គំរាម​ដកហូត​ពន្ធ​លើ​ទំនិញ​នាំចូល​ដែល​ផលិត​នៅ​ប្រទេស​ចិន​ទាំងអស់​រួមទាំង​ទំនិញ​នាំចូល​តម្លៃ ៣០០ ​ពាន់​លាន​ដុល្លារ​បន្ថែម​ លើ​ពន្ធ ២៥ ភាគរយ ​ដែល​បាន​ដកហូត​រួច​ហើយ​លើ​ទំនិញ​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​ ពី​ប្រទេស ​ចិន​។ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​បាន​ពន្យារពេល​ដកហូត​ពន្ធ​មួយ​ចំនួន​រហូតដល់​ខែក្រោយ ដោយសារ​ក្តីបារម្ភ​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​។

លោក Wei ថ្លែងថា​៖ «​ពន្ធ​នឹង​ឈាន​ទៅ​រក​ការកើនឡើង​តម្លៃ​ទំនិញ​ប្រើប្រាស់​។ ជា​ចុងក្រោយ​នៅពេល​អ្នក​ជួបប្រទះ​អតិផរណា វា​នឹង​ប៉ះពាល់​ដល់​តម្លៃ​ជារួម​មិនមែន​ត្រឹមតែ​តម្លៃ​ទំនិញ​ប្រើប្រាស់​ឡើយ ប៉ុន្តែ​ថែមទាំង​តម្លៃ​សម្រាប់​សាងសង់​ផ្ទះ​ផងដែរ​។ វា​នឹង​ប៉ះពាល់​ដល់​ចំណង់​របស់​មនុស្ស​ក្នុង​ការទិញ​អចលនទ្រព្យ​»​។

លោក​បន្ថែមថា ក្តីបារម្ភ​ជុំវិញ​ការធ្លាក់​ចុះ​តម្លៃ​អចលនទ្រព្យ​អាច​បង្អាក់​អតិថិជន​ចិន​ដែល​មាន​សក្តានុពល ហើយ​បណ្តាល​ឲ្យ​ពួកគេ​រង់ចាំ​រហូត​ទាល់តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវបាន​ដោះស្រាយ​។

ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ​ការឡើង​ថ្លៃ​ប្រាក់​ដុល្លារ​បាន​ធ្វើឲ្យ​ផ្ទះ​អាមេរិក​មាន​តម្លៃ​ថ្លៃ​ជាង​មុន​សម្រាប់​អតិថិជន​ចិន​។ ក្នុង​អំឡុងពេល ១២ ​ខែ​គិត​ចាប់ពី​ខែមីនា​ឆ្នាំ​មុន​មក ប្រាក់​ដុល្លារ​បាន​ឡើងថ្លៃ ១ ​ភាគរយ​ ធៀប​នឹង​ប្រាក់​យន់​ចិន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ NAR៕ People''s Daily/KC