ភ្នំពេញៈ ការបើក​ដំណើរការ​សាងសង់​ និង​កែលម្អ​ផ្លូវ​ចំនួន​ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន​ត្រូវ​បាន​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​អះអាង​​ថា កំពុង​ចូលរួមចំណែក​​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​មាន​សម្ទុះ​កាន់តែ​ខ្លាំង។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ​បាន​​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​កែលម្អ​ផ្លូវ​ទាំង ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ដែល​មាន​ប្រវែង​សរុប ១០៨,៧៤ ​គីឡូម៉ែត្រ​ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ប្រមាណ ១៥០ ​លាន​ដុល្លារ​ ក្នុង​នោះ​ថវិកា ៩ ​លាន​ដុល្លារ​សម្រាប់​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរ​ទឹក​ភ្លៀង និង​ទឹកកខ្វក់​​។ គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២១។

លោក ហ៊ុន សែន បាន​និយាយ​ថា ការសាងសង់ និង​កែលម្អផ្លូវ​​ទាំងអស់​គឺជា​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ក្រុង​សៀមរាប​តាមរយៈ​ការប្រែ​ក្លាយ​សៀមរាប​ឱ្យ​ក្លាយ​ទៅ​​ជា​ទីក្រុង​ទំនើប និង​ទេសចរណ៍​ដ៏មាន​សក្តានុពល ខណៈ​ខេត្ត​សៀមរាប​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កំណត់​ថា ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង​ ៣ ​របស់​កម្ពុជា រួម​មាន​ រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ និង ខេត្ត​សៀមរាប​។​

លោក​បន្ត​ថា ការរៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅពេល​​នេះ​គឺ​បាន​គិតគូរ​ពី​ការពារ និង​កែលម្អ​បរិស្ថាន ផាសុកភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ (Smart City) ផង​ដែរ។

លោក​បន្ថែម​ថា ក្រោយ​ពី​បញ្ចប់​ការសាងសង់​គម្រោង​នេះ​នឹង​ដើរ​តួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​​តភ្ជាប់​ទីប្រជុំជន​ទៅ​ជាយក្រុង និង​​​ទៅ​តំបន់​ទេសចរណ៍​សំខាន់ៗ ព្រមទាំង​​​បណ្តាញ​ខ្សែ​ផ្លូវជាតិ​នានា​សំដៅ​កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោ​គិន​ ធុរជន និង​ភ្ញៀវ​ទេសចរ ជាពិសេស​បន្ទាប់ពី​វិបត្តិ​ការឆ្លងរាល​ដាល​ជំងឺ​កូវីដ១៩ ត្រូវ​បញ្ចប់។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធថា សៀមរាប​គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​លើ​វិស័យ​អចលន​ទ្រព្យ​ស្រាប់​ហើយ ដូច្នេះ​​នៅ​ពេល​​មាន​ការរៀបចំ​ជួសជុល និង​អភិវឌ្ឍ​ផ្លូវ​បន្ថែម​នោះ​ វិស័យ​អចលនទ្រព្យ​ប្រាកដ​ជា​​នឹង​​ស្ទុះ​ឡើង​​​​ជា​មិន​ខាន ជាពិសេស​អចលនទ្រព្យ​នៅ​តាម​​តំបន់​​​មុខព្រួញ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

លោក​បាន​​បន្ត​ថា តម្រូវ​ការអចលនទ្រព្យ​នៅ​សៀមរាប​នឹង​កើនឡើង​ច្រើន​​​ពេល​ដែល​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ និង​ពិភព​លោក​អាច​គ្រប់គ្រង​ជំងឺ​កូវីដ- ១៩ ​បាន​ដោយ​ជោគជ័យ​។

លោក​ថ្លែង​ថា៖ ​«កន្លែង​ណា​មាន​ការរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​កន្លែង​នោះ​នឹង​មាន​ទីផ្សារ​អចលនទ្រព្យ​រស់​រវើក​ដោយ​ស្វ័យប្រវត្តិ ពិសេស​ខេត្ត​សៀមរាប​ដែល​មាន​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​រួច​ទៅ​ហើយ​​»។

លោក​បាន​បន្ថែម​ថា៖ «​ការអភិវឌ្ឍ​ផ្លូវ​ថ្នល់ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ទៅ​បណ្តាក់​ទុន​នៅ​ទីនោះ​​ផងដែរ​»​។

លោក​បន្ត​​​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​បើ​គេ​ដក​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុចេញ ខេត្ត​សៀមរាប​គឺជា​កន្លែង​ដែល​វិស័យ​អចលនទ្រព្យ​មាន​ទីផ្សារ​ល្អ​ជាង​គេ​។

យោង​តាម​លោក សុខនឿន បច្ចុប្បន្ន​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ល្អ​បំផុត​ក្នុង​ក្រុង​​សៀមរាប​មាន​តម្លៃ​រហូត​ដល់ ៤ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA លោក នួន រិទ្ធី បាន​និយាយ​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​​​ក្រុង​សៀមរាប បន្ថែម​លើ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី និង​គម្រោង​រៀបចំ​ទីក្រុង​ចិន​ (China Town) ដែល​ទើប​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​​។ លោក​បន្ត​ថា នៅ​ពេល​មាន​ផ្លូវ​កាន់​តែច្រើន ការធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក៏​កាន់តែ​​​ងាយស្រួល ហើយ​​ពេល​នេះ​តម្រូវការ​អចលនទ្រព្យ​សម្រាប់​​អភិវឌ្ឍ​លំនៅឋាន ឬ​កន្លែង​ប្រកប​អាជីវកម្ម​ក៏​មាន​ច្រើន​ដែរ​។

លោក​និយាយ​ថា៖ ​«នេះ​ជា​សញ្ញា​វិជ្ជមាន​​សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​​ក្រុង​សៀមរាប ព្រោះ​ទីណា​មាន​ផ្លូវល្អ និង​ទឹក ភ្លើង​អគ្គិសនី​គ្រប់គ្រាន់ អចលនទ្រព្យ​នឹង​កើនឡើង​គ្រាន់តែ​ការ​កើនឡើង​នោះ​ក៏​អាស្រ័យ​ទៅ​លើ​ទីតាំង​ភូមិសាស្រ្ត​ជាក់ស្តែង​ដែរ​»។

ទោះ​យ៉ាង​ណា​លោក រិទ្ធី បញ្ជាក់​ថា ដោយសារ​ខេត្ត​សៀមរាប​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ ហេតុ​នេះ​អត្រា​កំណើន​តម្លៃ​អចលនទ្រព្យ​ក៏អាស្រ័យ​លើ​កំណើន​នៃ​ភ្ញៀវទេសចរ​ផង​ដែរ​។

អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប​នាពេល​នេះ ​តំបន់​ពាណិជ្ជកម្ម​មមាញឹក​ (ផ្សារ​កណ្តាល) ​​​មាន​តម្លៃ​ពី ៣ ០០០-៤ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ តំបន់​លំនៅ​ឋាន​ក្បែរ​ផ្សារ​កណ្តាល​មាន​តម្លៃ​ពី ៨០០-១ ៥០០ ​ដុល្លារ តំបន់​​តាម​បណ្តោយ​ផ្លូវជាតិ​​​លេខ​ ៦ មាន​តម្លៃ​ ៣០០-១ ៥០០ ​ដុល្លារ តំបន់​លំនៅឋាន​ក្នុង​ក្រុង​តម្លៃ​ពី ៣០០-៥០០ ​ដុល្លារ តំបន់​ជាយ​ក្រុង​តម្លៃ​ពី ៧០-១៥០ ​ដុល្លារ និង​តំបន់​ក្បែរ​ក្រវាត់​ក្រុង​មាន​តម្លៃ​ពី​ ១៥-២៥ ​ដុល្លារ។ នេះ​បើ​តាម​លោក នួន រិទ្ធី៕ LA