ក្រុងបាងកកៈ អតិថិជនជាជនជាតិចិនកំពុងគ្របដណ្ដប់លើទីផ្សារអចលនទ្រព្យនៅទីក្រុងបាងកក ប្រទេសថៃដោយគ្មានការព្យាករណាមួយថានឹងធ្លាក់ចុះនោះទេក្នុងរយៈពេលខ្លីខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Prasert Taed-ullayasatit ប្រធានកិត្តិយសរបស់សមាគមខុនដូថៃ ខណៈលោកថ្លែងថា អ្នកទិញជាជនជាតិចិនក្នុងចំនួនដ៏ច្រើនបានចូលក្នុងទីផ្សារខុនដូរបស់ទីក្រុងបាងកកក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមក ហើយនិន្នាការនេះត្រូវបានរំពឹងថានឹងនៅតែបន្តកើតមាន។
លោកថ្លែងថា៖ «ជនជាតិចិនបានទិញ [យូនីតខុនដូ] ជាសាច់ប្រាក់សុទ្ធ»។ លោកបន្តថា៖ «គម្រោងខុនដូមួយនៅជិតស្ថានីយដឹកជញ្ជូនសាធារណៈមួយ ដែលការសាងសង់ត្រូវបានបញ្ចប់កាលពីឆ្នាំមុនបានមើលឃើញការផ្ទេរកម្មសិទ្ធិច្រើនក្នុងចំណោមអ្នកទិញជនជាតិចិន ទោះជាពួកគេចំណាយប្រាក់ពី ១០ ទៅ ២០ ភាគរយខ្ពស់ជាងអ្នកទិញជាជនជាតិថៃក៏ដោយ»។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាកាលពីឆ្នាំមុនការផ្ទេរកម្មសិទ្ធិខុនដូទៅឲ្យអ្នកទិញជនបរទេសមានតម្លៃសរុប ៧១ ពាន់លានបាត (២,១៣ ពាន់លានដុល្លារ) ដែលស្មើនឹង ២៧ ភាគរយនៃការលក់ខុនដូសរុបនៅក្នុងទីក្រុងបាងកក។
ក្នុងចំនួននោះ ១ ភាគ ៣ ឬស្មើនឹង ២៣,៦ ពាន់លានបាតគឺបានមកពីអ្នកទិញនៅប្រទេសចិនដីគោក និងទីក្រុងហុងកុង ដែលកើនឡើងពីប្រហែល ១៣ ពាន់លានបាតកាលពីឆ្នាំ ២០១៦។
លោក Prasert អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pruksa Real Estate ទទួលបន្ទុកពាណិជ្ជកម្មតម្លៃខ្ពស់បានឲ្យដឹងកាលពីម្សិលមិញក្នុងសិក្ខាសាលាមួយស្ដីពីទីផ្សារខុនដូថា៖ «បញ្ហាដែលអាចកើតឡើងជាមួយភាពជាម្ចាស់កម្មសិទ្ធិខុនដូរបស់ជនជាតិចិនគឺថាម្ចាស់ជាជនជាតិចិនភាគច្រើនអាចមិនស្នាក់ក្នុងយូនីតនេះដោយខ្លួនឯងបានទេ ប៉ុន្តែជំនួសមកវិញដាក់ជួលឲ្យទីភ្នាក់ងារទេសចរណ៍ ឬដាក់ជួលឲ្យគេហទំព័រជួលលំនៅឋាន Airbnb»។
លោកថ្លែងថាការវិនិយោគរបស់ចិនក្នុងការអភិវឌ្ឍអចលនទ្រព្យថៃតាមរយៈការវិនិយោគរួមជាមួយក្រុមហ៊ុនថៃនៅឆ្នាំនេះមានល្បឿនលឿនជាងក្រុមវិនិយោគិនបរទេសផ្សេងទៀតរួមទាំងវិនិយោគិនជប៉ុនដែលសកម្មបំផុតក្នុងអំឡុង ៣ ឆ្នាំមុន។
លោក Prasert បញ្ជាក់ថាក្រុមហ៊ុនសរុប ១៩ មកពីប្រទេសចិន និងទីក្រុងហុងកុងជាមួយនឹងការវិនិយោគសរុបចំនួន ៣៣៤ ពាន់លានបាត (១០ ពាន់លានដុល្លារ) បានចូលក្នុងទីផ្សារអចលនទ្រព្យថៃ។ ក្រុមហ៊ុនជប៉ុនបានជាប់ចំណាត់ថ្នាក់ទី ២ ដោយមានការវិនិយោគសរុបចំនួន ២៥៣ ពាន់លានបាត បន្ទាប់មកក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីមានចំនួន ៣១ ពាន់លានបាត។
លោក Phattarachai Taweewong អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រឹក្សាយោបល់អចលនទ្រព្យប្រចាំនាយកដ្ឋានស្រាវជ្រាវរបស់ក្រុមហ៊ុន Colliers International Thailand ថ្លែងថា ទីផ្សារខុនដូនៅក្រុងបាងកកនឹងបន្តមានស្ថានភាពល្អប្រសើរនៅឆ្នាំនេះ។
ការផ្គត់ផ្គង់ខុនដូថ្មីដែលបានចាប់ផ្តើមដំណើរការនៅទីក្រុងបាងកកក្នុងឆ្នាំ ២០១៨ នឹងជិតដល់កម្រិតនៅឆ្នាំ ២០១៧ ក្នុងចំនួនប្រហែល ៥៥ ០០០ យូនីត៕ LA