ក្រុង​បាងកកៈ តម្រូវ​ការ​ខុនដូ​​ពី​សំណាក់​​ជនជាតិ​ចិន​នៅ​តែ​រឹងមាំ ដោយសារ​ខុនដូ​​ដែល​មាន​ទីតាំង​​​នៅ​​ជិត​​គ្រឹះស្ថាន​អប់រំ​​ និង​សេវា​វេជ្ជសាស្ដ្រ​​ទាក់ទាញ​អ្នក​ទិញ​ថ្មីៗ​ជា​ច្រើន។ នេះ​បើ​​​​យោង​តាម​ទីភ្នាក់ងារ​អចលនទ្រព្យ​​ក្នុង​ប្រទេស ថៃ។​

លោក Thitiwat Teerakulthanyaroj ​ប្រធាន​អភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជកម្ម​​ប្រចាំ​​ក្រុមហ៊ុន Century 21 Thailand បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ​ការ​អប់រំ​ ​និង​ការ​បង្ក​កំណើត​កូន​ក្នុង​កែវ (IVF)​ គឺ​ជា​​និន្នាការ​​ចុង​ក្រោយ​បំផុត​ដែល​ជំរុញ​​ឲ្យ​​ជនជាតិ​​ចិន​ទៅ​ទិញ​ខុនដូ​​នៅ​ទីក្រុង​​បាងកក។​

លោក​ថ្លែង​ថា៖ «​ទីក្រុង​បាងកក​មាន​​ភាព​ពេញ​និយម​សម្រាប់​ឪពុក​ម្ដាយ​ជា​ជនជាតិ​ចិន ដែល​បញ្ជូន​​កូន​របស់​ពួក​គេ​មក​សិក្សា​នៅ​ទី​នេះ​»។ លោក​​បន្ត​ថា​៖ «​អន្តេវាសិកដា្ឋន ដែល​មាន​​ទីតាំង​​​​ចម្ងាយ ​១ គីឡូម៉ែត្រ ​នៃ​គ្រឹះស្ថាន​អប់រំ ជា​កន្លែង​ដែល​ការ​សិក្សា​​​​របស់​ជនជាតិ​ចិន​ជា​ច្រើន​​​អាច​ចុះ​​​កិច្ច​ព្រមព្រៀង​ជួល​រយៈពេល ​១០ ឆ្នាំ»។​

លោក Thitiwat ​បញ្ជាក់​ថា គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​ចង់​បញ្ជូន​កូនៗ​របស់​ពួក​គេ​​មក​សិក្សា​​ក្នុង​ប្រទេស​ ថៃ ​ជំនួស​ឲ្យ​អឺរ៉ុប ដោយសារ​​​ប្រទេស​មាន​ទីតាំង​ជិត​ជាង ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​​ងាយ​ស្រួល​ជាង និង​ថ្លៃ​សិក្សា​​ទាប​ជាង ខណៈ​​រក្សា​ស្ដង់ដា​ល្អ»។​

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​អប់រំ​ថៃ​ជាង ​១០ ​បាន​ធ្វើ​ដៃគូ​ជាមួយ​​សមភាគី​ចិន​ ដែល​ជួយ​​​ឲ្យ​និស្សិត​​ជនជាតិ​ចិន​​​​កើន​ឡើង​ចំនួន​ច្រើន​។​

និស្សិត​ភាគ​ច្រើន ​គឺ​មក​ពី​ខេត្ត​ភាគ​ខាង​​ត្បូង​ដូច​ជា ​ខេត្ត​ក្វាងស៊ី ខេត្ត​ក្វាងទុង និង​ខេត្ត​យូណាន។​ មាន​ការ​​​ធានា​ថា​ រក​ការងារ​ឲ្យ​ធ្វើ​​​បន្ទាប់​ពី​ការ​រៀន​ចប់​ និង​​​មាន​ប្រាក់​ខែ​ខ្ពស់​​ជាង​នៅ​​​ភាគ​ខាង​ត្បូង​ប្រទេស ចិន​។​

យោង​តាម​កាសែត​ South China Morning Post និង​គេហទំព័រ www.admissionpremium.com ជា​គេហទំព័រ​ព័ត៌មាន​ចុះ​ឈ្មោះ​ចូល​រៀន​​ជា​ភាសា​ថៃ និង​ចិន ចំនួន​​និស្សិត​ជនជាតិ​ចិន​បាន​កើន​ឡើង ​២ ​ដង​ពី​ ១ ម៉ឺន​នាក់ ​ដល់​ប្រហែល ​២ ម៉ឺន​នាក់ ​ក្នុង​​ពេល ១ ​ទសវត្សរ៍​​កន្លង​មក។​

សាកល​វិទ្យាល័យ​សាធារណៈ​​ក្នុង​ប្រទេស ​ចិន អាច​ទទួល​និសិ្សត​បាន​តែ​ពី ២ ទៅ​ ២,​៥ លាន​នាក់​ប៉ុណ្ណោះ ទោះ​បី​ជា​​​​​​ប្រទេស​នេះ​មាន​ទារក​​​កើត​ពី​ ៦ ទៅ ​៧ លាន​នាក់ ​​​ក្នុង ​១ ​ឆ្នាំ​​​ក្តី។​

លោក​ Thitiwat បាន​ឲ្យ​ដឹង​ថា ការ​បង្ក​កំណើត​កូន​ក្នុង​កែវ​ក្នុង​​ប្រទេស ​ថៃ ​កំពុង​មាន​ការ​ទាក់​ទាញ​​​កាន់​តែ​ខ្លាំង​ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន ដោយសារ​​​មាន​តម្លៃ​​​ទាប​ជាង​នៅ​អាមេរិក សិង្ហ​បុរី ម៉ាឡេស៊ី ឬ​​នៅ​​ឥណ្ឌា។ អត្រា​ទទួល​​បាន​ជោគជ័យ​មាន​កម្រិត​ខ្ពស់​។​

លោក​មាន​ប្រសាសន៍​ថា​៖ «​មាន​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​ជិត ​១០០ លាន​នាក់ មាន​បំណង​យក​កូន​ទី​២»។ លោក​បន្ថែម​​ថា​៖ «​ការ​ចំណាយ​របស់​ពួក​គេ​ ​គឺ​ប្រហែល​ ៥០០ ០០០ ​​បាត​ (ប្រហែល ១៥ ០០០ ​ដុល្លារ) ក្នុង​​គ្រួសារ​មួយ​»។​

អតិថិជន​​ដែល​ជាវ​សេវា​​​បង្ក​កំណើត​កូន​ក្នុង​កែវ ជា​ធម្មតា​នឹង​ចំណាយ​រយៈពេល​ពី​ ៣០ ទៅ ៤៥​ ថ្ងៃ​​​សម្រាប់​រយៈពេល​មុន និង​ក្រោយ​ពេល​ទទួល​សេវា។ ពួក​គេ​នឹង​​ស្វែង​រក​​យូនីត​នៅ​ជិត​មន្ទីរ​ពេទ្យ​​ ឬ​មជ្ឈមណ្ឌល​បង្ក​កំណើត​​កូន​ក្នុង​កែវ ដើម្បី​ជួល ជា​ពិសេស​​នៅ​តំបន់​ Ploenchit តំបន់ Sukhumvit និង​​ Rama IX។​

លោក Thitiwat ​លើក​ឡើង​ថា​៖ «​មាន​តម្រូវ​ការ​ថ្មី​សម្រាប់​ការ​ជួល​ផ្ទះ​គ្រួសារ​តូច​ និង​ផ្ទះ​ក្នុង​ក្រុង​ (townhouses) រយៈពេល​វែង​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ក្រុម​វិនិយោគិន»។​

គេហទំព័រ​អចលនទ្រព្យ​ Juwai.com របស់​ចិន​ បាន​រាយការណ៍​​​ កាល​ពី​ឆ្នាំ​មុន​ថា ​​​​ប្រទេស ​ថៃ ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី៤​ ក្នុង​ចំណោម​អ្នក​ទិញ​ជា​ជនជាតិ​ចិន​ និង​​ក្រុម​​វិនិយោគិន​​​ជនជាតិ​ចិន​ ដែល​​ស្វែងរក​ឱកាស​វិនិយោគ​​នៅ​បរទេស​ដែល​មាន​តម្លៃ ​២,៣ ​ពាន់​លាន​ដុល្លារ​៕ LA​