ក្រុងបាងកកៈ អត្រាត​ការវាយតម្លៃ​ដី​ជា​មធ្យម​ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​សម្រាប់​រយៈពេល ៤ ​ឆ្នាំ​ខាងមុខ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​ ២០២០ នឹង​កើនឡើង ៨ ​ភាគរយ​ទូទាំង​ប្រទេស​ធៀប​នឹង​អត្រា​តម្លៃ​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។

អ្នកស្រី Wilawan Veerakun អគ្គនាយិការង​នាយកដ្ឋាន​រតនាគារ​របស់​ប្រទេស​ថៃ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា អត្រា​ការវាយតម្លៃ​ដី​ប្រហែល ៧០ ភាគរយ​នៃ​ដី​សរុប​ត្រូវ​បាន​រក្សាទុក​នៅ​ដដែល​ពី​តម្លៃ​លើក​មុន ខណៈ​ដែល ២៩ ភាគរយ​នៃ​ដី​សរុប​កើនឡើង ហើយ ១ ភាគរយ​ធ្លាក់ចុះ​។

អ្នកស្រី Wilawan បាន​ឲ្យ​ដឹងថា អត្រា​តម្លៃ​នៃ​ការវាយតម្លៃ​ដី​នៅ​ខេត្ត​កំផែង​ពេជ្រ កើនឡើង​ខ្លាំង​ ២០០ ​ភាគរយ​ធៀប​នឹង​អត្រា​តម្លៃ​បច្ចុប្បន្ន​។ ប៉ុន្តែ​អត្រា​តម្លៃ​ថ្មី​នេះ​មាន​ភាពស្រប​គ្នា​ទៅនឹង​អត្រា​តម្លៃ​នៅ​បណ្ដា​ខេត្ត​ផ្សេង​ទៀត ហើយ​អត្រា​តម្លៃ​វាយតម្លៃ​ដី​សម្រាប់​ខេត្ត​កំផែង​ពេជ្រ មិន​ត្រូវ​បាន​កែតម្រូវ​នោះទេ​សម្រាប់​ ២ ​លើកចុងក្រោយ​នេះ​។

វិធីសាស្ត្រ​វាយតម្លៃ​ដី​ថ្មី​នេះ​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការបង់ពន្ធ​លើដី និង​អគារ​នៅពេល​ខាងមុខ​ដែល​ជំនួស​ពន្ធ​លំនៅឋាន និង​ដី និង​ពន្ធ​អភិវឌ្ឍន៍​ក្នុង​ស្រុក​ដែល​ទទួលរង​ការរិះគន់​ដោយសារ​តែ​ហួស​សម័យ​។

អ្នកស្រី Wilawan បាន​ឲ្យ​ដឹងថា អត្រា​តម្លៃ​វាយតម្លៃ​ដី​នៅ​តំបន់​រាជ​ដាំរី និង​តំបន់​ឈីដលុម ដែល​ជា​ទីតាំង​របស់​ផ្សារទំនើប Siam Paragon ជា​មធ្យម​មាន​កម្រិត​ខ្ពស់បំផុត ដោយ​មាន​តម្លៃ​ចន្លោះ​ពី ៩ សែន ទៅ ១ លាន​បាត​ក្នុង ៤ ម៉ែត្រការ៉េ ស្ថិតក្រោម​អត្រា​តម្លៃ​ដែល​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​នេះ​។

អ្នកស្រី​បាន​ឲ្យ​ដឹងថា សម្រាប់​ដី​នៅតាម​បណ្ដោយ​ខ្សែ​រថភ្លើង​អគ្គិសនី តម្លៃ​ជា​មធ្យម​បាន​កើនឡើង​ពី ៨ ទៅ ១០ ភាគរយ​។

អត្រា​តម្លៃ​នៃ​ការវាយតម្លៃ​ដី​ថ្មី​នេះ​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត នឹង​មិន​កើនឡើង​ខ្លាំង​នោះទេ​ដើម្បី​ចៀសវាង​ការកេងចំណេញ​តម្លៃ ដោយសារ​តែ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន មិន​ត្រូវ​បានបញ្ចប់​នៅ​ឡើយ​។ នេះ​បើ​យោងតាម​អ្នកស្រី Wilawan ។

ទោះបី​ជា​តម្លៃ​វាយតម្លៃ​ដី​របស់​នាយកដ្ឋាន​រតនាគារ​ជាធម្មតា​មាន​រយៈពេល ៤ ឆ្នាំ​ម្តង​ក៏ដោយ ក៏​នាយកដ្ឋាន​នេះ​មាន​សិទ្ធិ​ក្នុង​ការផ្លាស់ប្តូរ​តម្លៃ បើ​តម្លៃ​ទីផ្សារ​កើនឡើង​ខ្លាំង​។

នៅក្នុង​ការវិវឌ្ឍ​មួយ​ផ្សេង​ទៀត​អ្នកស្រី Wilawan បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​លោកស្រី​មាន​ផែនការ​ជំរុញ​វិស័យ​ឯកជន​ឲ្យ​អភិវឌ្ឍ​ដី​រដ្ឋ ដោយ​មាន​ទំហំ​វិនិយោគ​ប្រមាណ​ចំនួន ៧២ ពាន់​លាន​បាត (​ប្រហែល ២,៣៣ ពាន់​លាន​ដុល្លារ​) ក្នុង​រយៈពេល ៥ ​ឆ្នាំក្រោយ​។

ក្នុង​ចំណោម​ទឹកប្រាក់ ៧២ ពាន់​លាន​បាត​នេះ ៣៨ ពាន់​លាន​នឹង​បាន​មកពី​ការវិនិយោគ​រួម ស្ថិតក្រោម​ផែនការ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន ៣០ ពាន់​លាន​នឹងចូលរួម​ដោយ​ក្រុមហ៊ុន​ធំៗ ហើយ​ទឹកប្រាក់​នៅ​សល់​នឹងត្រូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ម៉ៅការ​ខ្នាតតូច​។

នាយកដ្ឋាន​រតនាគារ​កំពុង​ស្វែងរក​ការវិនិយោគ​លើ​គម្រោង​ធំៗ​មួយចំនួន​ដែល​រួមទាំង​ការសាងសង់​សណ្ឋាគារ​តូចៗ​នៅ​មាត់ទន្លេ​ខាងកើត​នៃ​ទន្លេ​ចៅព្រះយ៉ា​ដែល​មាន​តម្លៃ ១,៦ ​ពាន់​លាន​បាត ការពង្រីក​មជ្ឈមណ្ឌល​សន្និបាតជាតិ​ព្រះមហាក្សត្រី ស៊ីរីគីត ដែលមាន​តម្លៃ ៦ ​ពាន់​លាន​បាត និង​ការអភិវឌ្ឍ​គម្រោង​ម៉រឈីត​មាន​តម្លៃ ២៦ ​ពាន់​លាន​បាត​។

អ្នកស្រី Wilawan ឲ្យ​ដឹងថា នាយកដ្ឋាន​ប្រមូលបាន ៩,២ ពាន់​លាន​បាត​ (​ប្រហែល​ ២៩៨ លាន​ដុល្លារ​) នៅក្នុង​អំឡុង​រយៈពេល ១០ ​ខែ​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​នេះ​៕ LA