ទីផ្សារ​អាផាតមិន​នៅ​កម្ពុជា ​នាពេល​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើងៗ​ដោយ​សារ​ការផ្គត់ផ្គង់​បាន​កើន​ឡើង​ជា​លំដាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អត្រា​ជួល​ជា​ទូទៅ​ក្នុង​វិស័យ​នេះ​ធ្លាក់​ចុះ​មួយ​ចំនួន​។

របាយ​ការណ៍​របស់​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែល​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹងថា ចំនួន​អគារ​អាផាត​មិន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ប្រមាណ ​២០​ ភាគរយ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​កន្លង​​ទៅ​។ ទន្ទឹម​នឹង​ចំនួន​នៃ​ការ​កើន​ឡើង​នេះក៏​បាន​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ជួល​ស្នាក់​នៅ​ក៏​ដូច​ជា​ជួល​សម្រាប់​បើក​ការិយាល័យ​ផ្សេងៗ​មាន​ការ​ថយចុះ​ប្រមាណ​៨​ភាគ​រយ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដែល​បាន​វិនិយោគ​លើ​វិស័យ​នេះ​ផ្ទាល់​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ដោយ​លោក​ឧកញ៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការផ្គត់ផ្គង់​អាផាត​មិន​មាន​ការ​កើនឡើង​ច្រើន ខណៈ​ដែល​​អត្រា​ជួល​បាន​ថម​ថយ​តិច​តួចតែ​ទោះបីជា​យ៉ាង​ណា​បញ្ហា​ទាំង​អស់នេះ​មិនមាន​សញ្ញា​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ​។

លោក​ឧកញ៉ា​ នួន រិទ្ធី មាន​ប្រសាសន៍​ថា​ ៖ “​ខ្ញុំ​នៅតែ​មើល​ឃើញ​សញ្ញា​វិជ្ជមាន​ក្នុង​វិស័យ​នេះ ព្រោះ​ចំនួន​ជន បរទេស​ចូល​មក​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​ពិសេស​ក្រុម​អ្នក​វិនិយោគ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធីតា បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាង​លើ ដោយ​អ្នក​នាង​បាន​និយាយ​ថា អត្រា​ជួល​អាផាតមិន​នៅ​កម្ពុជា​នា​ពេល​នេះ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ​។

អ្នកនាង​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​​មាន​ខុន​ដូ មួយ​ចំនួន​ត្រូវ​បាន​​គេ​យក​មក​បំប្លែង​សម្រាប់​ដាក់​ជួល​ផងដែរ ដោយ​ខុនដូ​សម្រាប់​ជួល​ភាគច្រើន​មាន​តម្លៃ​ទាប​ជាង​សេវា​អាផាត​មិន គឺ​តម្លៃ​ជួល​ប្រមាណ​ ១៥ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​សម្រាប់​រយៈពេល​ ១ ​ខែ ចំណែក​សេវា​អាផាតមិន មានតម្លៃ​ចន្លោះ​ពី ​១៨ ទៅ ​២៥ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

របាយ​ការណ៍ CBRE Cambodia បាន​រក​ឃើញ​ថា ចំនួន​អាផាតមិន គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ មាន​ចំនួន​៦,៥០០​យូនីត និង​ឆ្នាំ​២០១៧ មាន​ចំនួន​១,២០០​យូនីត បន្ថែម​ទៀត​ត្រូវ​បាន​ដាក់​ចូល​ទីផ្សារ​។

អ្នក​នាង សុធីតា ​បន្ត​ថា​ ៖ “​នៅ​ឆ្នាំនេះ​សេវា​អាផាតមិន អាច​នឹង​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​លើ​តម្លៃ គុណភាព សេវាកម្ម និង​ការ​គ្រប់គ្រង​”​។

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia អ្នក​នាង Grace Rachny Fong បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា សេវា​អាផាតមិន នៅ​តែ​មាន​អត្រា​ជួល​ខ្ពស់ ប៉ុន្តែ​សម្រាប់​អាផាតមិន ដែល​ស្ថិត​នៅ​តំបន់​ឆ្ងាយៗ និង​មាន​សេវាកម្ម​មិន​សូវ​ល្អ មិន​មាន​បំពាក់​សម្ភារ​ទំនើបៗ និង​តំបន់​ជុំវិញ​មិនមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ងាយ​ស្រួល ពិត​ជា​ពិបាក​រក​អតិថិជន​។ សម្រាប់​អាផាតមិន ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កេងកង​ ១ គឺ​នៅ​តែ​មាន​អតិថិជន​ជួល​ពេញៗ ដោយ​អ្នក​ជួល​ភាគច្រើន​ជា​មន្ត្រី​អង្គទូត នាយក​ក្រុមហ៊ុន​ធំៗ និង​អ្នកបម្រើ​ការងារ​អង្គការ​អន្តរជាតិ។

អាផាតមិន នៅ​តំបន់​បឹង​កេងកង​១​ភាគ​ច្រើន​ជា​អាផាតមិន កម្រិត A និង A Plus​។ ចំណែក​អ្នក​ជួល​អាផាតមិន នៅ​តំបន់​ទួល​ទំពូង ភាគ​ច្រើន​ជានា​យក​ក្រុមហ៊ុន និង​ជា​គ្រូ​បង្រៀន​នៅ​សាលា​អន្តរជាតិ​ធំៗ ព្រោះ​អាផាតមិន​នៅ​តំបន់​នេះ​ភាគ​ច្រើន​ជា​កម្រិត B និង C​។

អ្នក​នាង​បន្ត​ថា​ ៖ “​ទោះជា​យ៉ាងណា អាផាតមិន កម្រិត A ពិបាក​​រក​អតិថិជន​ជួល​បន្តិច​ដោយ​​សារ​វា​មានតម្លៃ​ថ្លៃ ប៉ុន្តែ​សម្រាប់​អា​ផាត​មិនកម្រិត A Plus និង B គឺ​នៅតែមាន​ទីផ្សារ​ល្អ​ដដែល​។

អ្នកនាង​បន្តថា​ ៖ “​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ពួកគេ​មក​ធ្វើការ​នៅទីនេះ​ជា​លក្ខណៈ​គ្រួសារ និង​ធ្វើការ​រយៈពេល​វែង​នៅ​កម្ពុជា​”៕