ភ្នំពេញៈ តម្លៃដីនៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញនៅតែបង្ហាញពីកំណើនគិតត្រឹមដើមឆ្នាំ ២០១៩ នេះ ដែលកំណើននេះត្រូវបាននាំមុខដោយខណ្ឌ សែនសុខ ខណៈខណ្ឌជ្រោយចង្វារស្ថិតនៅទ្រឹង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត។
របាយការណ៍ស្រាវជ្រាវតម្លៃដី របស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត ដែលភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានឲ្យដឹងថា ជាមួយអត្រាកំណើន ១៧,១ ភាគរយ ធៀបទៅនឹងដើមឆ្នាំ ២០១៨ ខណ្ឌសែនសុខ បានក្លាយជាតំបន់ដែលអចលនទ្រព្យកើនតម្លៃខ្ពស់ជាងគេនាដើមឆ្នាំ ២០១៩ ដែលតាមពីក្រោយដោយតម្លៃដីក្នុងខណ្ឌមានជ័យ ជាមួយនឹងអត្រាកំណើន ១៦ ភាគរយ ខណ្ឌដង្កោ ១២,១ ភាគរយ ខណ្ឌព្រែកព្នៅ ១០,១ ភាគរយ និងខណ្ឌឫស្សីកែវ ៩,៦ ភាគរយ។
របាយការណ៍បង្ហាញថា តម្លៃដីនៅក្នុងខណ្ឌច្បារអំពៅ មានកំណើន ៩,៣ ភាគរយ ខណ្ឌទួលគោក ៦,៣ ភាគរយ ខណ្ឌពោធិ៍សែនជ័យ ៥,៥ ភាគរយ និងខណ្ឌ ៧ មករា ចំនួន ២,៩ ភាគរយ។ ចំណែកតម្លៃដីនៅខណ្ឌដូនពេញ មានកំណើន ១,៧ ភាគរយ ខណ្ឌចំការមន ១ ភាគរយ និងដីនៅខណ្ឌជ្រោយចង្វារមិនមានកំណើនទេ។
លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានប្រាប់ថា ការស្ទុះឡើងនៃតម្លៃដីនៅក្នុងខណ្ឌសែនសុខ គឺដោយសារទីនោះមានគម្រោងធំៗជាច្រើនដូចជា ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារខុនដូ ការិយាល័យ និងលំនៅឋានជាដើម។ បច្ចុប្បន្នខណ្ឌសែនសុខ កំពុងវិវឌ្ឍខ្លួនក្លាយទៅជាកន្លែងរស់នៅ និងប្រកបមុខជំនួញដ៏ពេញនិយមសម្រាប់ប្រជាជនគ្រប់លំដាប់ថ្នាក់។
លោកថ្លែងថា៖ «តម្លៃដីក្នុងខណ្ឌសែនសុខ នឹងបន្តកើនឡើងទៀត ខណៈបច្ចុប្បន្នទីនោះកំពុងមានភាពទាក់ទាញយ៉ាងខ្លាំងពិសេស មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ និងនៅមានដីទំនេរធំៗជាច្រើនទៀត»។
របាយការណ៍បានឲ្យដឹងទៀតថា នាដើមឆ្នាំ ២០១៩ នេះដីលំនៅឋាន ក្នុងខណ្ឌសែនសុខ មានតម្លៃចាប់ពី ៣៥០ ដុល្លារទៅ ១ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកតំបន់ពាណិជ្ជកម្ម មានតម្លៃពី ៨០០ ដុល្លារទៅដល់ ២ ៩០០ ដុល្លារ។
ខណៈរបាយការណ៍បង្ហាញថា តម្លៃដីក្នុងខណ្ឌជ្រោយចង្វារមិនបានកើនឡើង ដីលំនៅឋាន មានតម្លៃចាប់ពី ៥០ ដុល្លារដល់ ១៤០០ ដុល្លារ និងតំបន់ពាណិជ្ជកម្ម មានតម្លៃចន្លោះពី ៥៥០ ដុល្លារទៅ ២ ២៥០ ដុល្លារ។
សម្រាប់ខណ្ឌទាំង ៤ នៅកណ្តាលរាជធានីភ្នំពេញ លោក សន សៀប បាននិយាយថា ទួលគោកនឹងបន្តជាកន្លែងដែលតម្លៃដីនឹងស្ទុះងើបជាងគេដដែលសម្រាប់ឆ្នាំនេះ។
របាយការណ៍ដដែលឲ្យដឹងទៀតថា បច្ចុប្បន្នដីលំនៅឋាននៅកណ្តាលក្រុងមានតម្លៃចាប់ពី ២ ១០០ ដុល្លារដល់ ៤ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងតំបន់ពាណិជ្ជកម្ម អាចមានតម្លៃចាប់ពី ៣ ៥០០ ដុល្លារទៅដល់ ៩ ០០០ ដុល្លារ។
លោក ពឹង សេរី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថា បច្ចុប្បន្នបើយើងពិនិត្យមើលជារួម គឺមានតែតំបន់ក្នុងខណ្ឌសែនសុខប៉ុណ្ណោះ ដែលមានការផ្លាស់ប្តូរលឿន ទាំងតម្លៃអចលនទ្រព្យ សំណង់អគារ និងចំនួនប្រជាជនរស់នៅ។ ការមកដល់នៃផ្សារទំនើបធំៗ នឹងជំរុញឲ្យសំណង់ធំៗលេចឡើងច្រើនបន្ថែមទៀតនាពេលខាងមុខ។
លោកបានបញ្ជាក់ថា៖ «តម្លៃដីពិតជាកើនឡើងច្រើនកាលពីឆ្នាំមុន។ ខ្ញុំគិតថា តម្លៃអចលនទ្រព្យនៅខណ្ឌសែនសុខ នឹងបន្តកើនឡើងខ្ពស់ជាងគេទៀតសម្រាប់រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០១៩ នេះ»៕LA