ខណៈអចលនទ្រព្យនៅតំបន់បឹងកេងកង១ មានតម្លៃកាន់តែថ្លៃ និងពិបាកស្វែងរកទីតាំងទំនេរនោះ បានធ្វើឲ្យអ្នកវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ជាច្រើនងាកទៅចាប់អារម្មណ៍នៅតំបន់បឹងព្រលឹតវិញ។
បច្ចុប្បន្នសង្កាត់បឹងព្រលឹតត្រូវបានគេដឹងថា ជាតំបន់មួយដែលមានសក្តានុពលខ្លាំងសម្រាប់ទីផ្សារអាផាតមិន ព្រោះទីនោះមានមនុស្សរស់នៅច្រើន ស្ថានភាពដីខ្ពស់ នៅចំចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ ព្រមទាំងនៅជិតផ្សារអូឫស្សី ផ្សារអូឡាំពិក និងពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 VTrust បាននិយាយថា បឹងព្រលឹត បានក្លាយជាកន្លែងដែលមានសក្កានុពលខ្លាំងលើផ្នែកអចលនទ្រព្យលំដាប់ទី ២ នៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីតំបន់បឹងកេងកង១ ខណៈដីនៅតំបន់បឹងកេងកង១ នាពេលនេះអាចមានតម្លៃរហូតដល់ជាង ៧០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ នៅតំបន់បឹងព្រលឹត នាពេលនេះមានសំណង់អគារខ្ពស់ៗជាច្រើនកំពុងលេចរូបរាងជាបន្តបន្ទាប់ ពិសេសសំណង់អាផាតមិន។
លោកបានបន្តថា មានអាផាតមិនជាច្រើន ត្រវបានសាងសង់នៅទីនោះ ព្រោះទីនោះនៅជិតតំបន់បឹងកេងកង១ ជាតំបន់មានអចលនទ្រព្យថ្លៃជាងគេក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «បឹងព្រលឹតជាកន្លែងដែលមានគម្រោងសាងសង់អាផាតមិនច្រើន ព្រោះមានអតិថិជនជាច្រើនចូលចិត្តទៅស្វែងរកកន្លែងស្នាក់នៅក្នុងតំបន់បឹងព្រលឹត ដោយសារតម្លៃជួលនៅទីនោះថោកជាងនៅតំបន់បឹងកេងកង១ ហើយទីនោះមិនលិចទឹកទេ។ ជាក់ស្តែងអាផាតមិនជួលរបស់ក្រុមហ៊ុន វីត្រាស់ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងព្រលឹតមានអត្រាប្រើប្រាស់រហូតដល់៩៥ភាគរយ»។
អគ្គនាយកក្រុមហ៊ុនខាងលើបានប្រាប់ទៀតថា បច្ចុប្បន្ននេះដីនៅតំបន់បឹងព្រលឹតមានតម្លៃចាប់ពីជាង ២ ០០០ រហូតដល់ជិត ៤ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោកបានលើកឡើងថា៖«ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៤ មកម្ចាស់អចលនទ្រព្យនៅតំបន់បឹងព្រលឹតចាប់ផ្តើមដំឡើងតម្លៃអចលនទ្រព្យរបស់គេយ៉ាងច្រើន ដោយកន្លែងខ្លះបានដំឡើងថ្លៃរហូតដល់ ៤០ ភាគរយ»។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បានថ្លែងថា ដីនៅសង្កាត់បឹងព្រលឹត ពិតជាមានសក្តានុពល ព្រោះវាស្ថិតនៅចំកណ្តាលរាជធានី ភ្នំពេញ ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងទៀតផង។
ស្ថានភាពដីទីនោះមានកម្ពស់ខ្ពស់មិនសូវមានបញ្ហាទឹកលិចទេ ជាពិសេសនៅទីនោះមានទីតាំងនៅជិតផ្សារធំៗចំនួន ២ គឺផ្សារអូរឫស្សី និងផ្សារអូឡាំពិក។
លោកប្រាប់ទៀតថា ដីនៅតំបន់ខាងក្នុងសង្កាត់បឹងព្រលឹត អាចមានតម្លៃចាប់ពី ២០០០-៣០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោកអះអាងថា៖ «ដី និងអចលនទ្រព្យនៅបឹងព្រលឹត នាពេលនេះមានតម្លៃមិនចាញ់តំបន់បឹងកេងកង១ទេ បើទោះបីជានៅទីនោះគេពិបាករកដីដែលមានទំហំធំក៏ដោយ»។ លោកបន្តថា៖ «នាពេលខាងមុខឆាប់ៗនេះខ្ញុំគិតថា អចលនទ្រព្យនៅសង្កាត់បឹងព្រលឹត នឹងមានភាពទាក់ទាញកាន់តែខ្លាំង»។
របាយការណ៍សិក្សាតម្លៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញរបស់ក្រុម ស៊ីអិល រៀលធី ដែលទើបបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ដីនៅក្នុងសង្កាត់បឹងព្រលឹត តាមមណ្តោយផ្លូវធំមានតម្លៃចន្លោះពី ៣៦០០-៤៦០០ ដុល្លារក្នុង ១ម៉ែត្រការ៉េ ខណៈតាមផ្លូវតូចមានតម្លៃចន្លោះពី២៥០០-៣៥០០ដុល្លារ៕