The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាផាតមិន​តម្លៃ​មធ្យម​នៅ​វៀតណាម​ នឹង​អភិវឌ្ឍ​ខ្លាំង

អាផាតមិន​តម្លៃ​មធ្យម​នៅ​វៀតណាម​ នឹង​អភិវឌ្ឍ​ខ្លាំង

Content image - Phnom Penh Post
ទិដ្ឋភាព​មើល​ពីទីខ្ពស់​​ក្នុង​ប្រទេស​​ វៀតណាម​​។ ទីផ្សារអាផាតមិន​តម្លៃ​មធ្យម​នឹ​ង​​ល្អ​ក្នុង​ឆ្នាំ​នេះ។ រូបថត ANN

អាផាតមិន​តម្លៃ​មធ្យម​នៅ​វៀតណាម​ នឹង​អភិវឌ្ឍ​ខ្លាំង

ក្រុង​ហាណូយៈ ទីផ្សារ​អចលន​ទ្រព្យ​របស់​ប្រទេស ​វៀតណាម ​នៅ​ឆ្នាំ​​នេះ នឹង​មើល​ឃើញ​ការ​អភិវឌ្ឍ​ខ្លាំង​ក្នុង​ផ្នែក​អាផាតមិន​តម្លៃ​មធ្យម។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ។

លោក Duong Duc Hien ប្រធាន​ផ្នែក​លក់​លំនៅឋាន​ប្រចាំ​ក្រុមហ៊ុន​អចលន​ទ្រព្យ Savills Hanoi បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​មួយ​ដែល​ចេញ​ផ្សាយ​​របាយការណ៍​ស្តីពី​ទីផ្សារ​អចលន​ទ្រព្យ​ក្រុង​ហាណូយ​ប្រចាំ​​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ហាណូយ​​ក្នុង​​ខែ​នេះ៖ «ឆ្នាំ ២០១៩ ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​នៅ​ជា​ឆ្នាំ​របស់​ទីផ្សារ​ផលិត​តម្លៃ​មធ្យម​ដោយ​មាន​តម្លៃ​ សមរម្យ ដែល​ស័ក្តិសម​សម្រាប់​ថវិកា​របស់​មនុស្ស​ភាគ​ច្រើន»។

លើស​ពី​នេះ​ទៀត លោក Hien បានថ្លែង​ថា លំនៅឋាន​ប្រភេទ shop-houses អចលន​ទ្រព្យ​ដែល​មាន​ដី​ធំ (landed property) និង​ផលិតផល​អចលន​ទ្រព្យ​នានា​ដែល​ត្រូវ​បាន​សាងសង់​នៅ​ជិត​ទីតាំង​ផ្តល់​សេវាកម្ម​ផ្សេង​ៗ ក៏​នឹង​ទាក់ទាញ​​អ្នក​ប្រើប្រាស់​ផង​ដែរ។

លោក​បន្ត​ថា ទីផ្សារ​នៅ​តែ​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ផលិតផល​ទាំង​នោះ ដោយ​សារ​និន្នាការ​​​អន្តោ​ប្រវេសន៍​​​​​ពី​បណ្តា​ខេត្ត និង​ទីក្រុង​​ផ្សេង​ៗ​ទៅ​កាន់​ទីក្រុង​ធំ​ៗ ពោល​គឺជា​និន្នាការ​នៃ​ការ​បំបែក​គ្រួសារ និង​បំបែក​ផ្ទះ​រស់​នៅ​ក្នុង​ទីក្រុង។

លោក​បន្ថែម​ថា ទីផ្សារ​មិន​រំពឹង​ថា​នឹង​មើល​ឃើញ​ប្រភេទ​អចលន​ទ្រព្យ​ថ្មី​​ទេ។ ផលិតផល​អចលន​ទ្រព្យ​ដែល​មាន​ស្រាប់​នឹង​មើល​ឃើញ​នូវ​ការ​កែ​សម្រួល​ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ទាំង​នោះ​កាន់​តែ​មាន​ភាព​សមរម្យ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន។ ឧទាហរណ៍ ទីផ្សារ​នឹង​មិន​សាងសង់​អាផាតមិន​ទំហំ ៩០ ម៉ែត្រ​ការ៉េ​ដែល​មាន ៣ បន្ទប់​​ទៀត​ឡើយ ពី​ព្រោះ​បន្ទប់​ទាំង​​នោះ​​មាន​ទំហំ​តូច​ពេក។

ទន្ទឹម​នឹង​នេះ​ដែរ ការ​រចនា​អាផាតមិន នឹង​ពង្រីក​ហោណាំង វេរ៉ង់ដា និង​បង្អួច ដើម្បី​ឲ្យ​ពន្លឺ​ថ្ងៃ​ចូល ហើយ​និន្និការ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​ឲ្យ​ទីផ្សារ​លំនៅឋាន​សម្រេច​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ នេះ​បើ​យោង​តាម​លោក Hien។

លោក Le Vu Thanh Tam អ្នក​ជំនាញ​មក​ពី​បណ្ឌិត​សភា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វៀតណាម បាន​​ថ្លែង​ថា ការ​ព្យាករ​វិជ្ជមាន​អំពី​សូចនាការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​​របស់​វៀតណាម នឹង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​ដោយ​ស្ថិរភាព​នៃ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ។

លោក Tam បាន​ថ្លែង​ថា ជាមួយ​នឹង​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​វៀតណាម​បាន​ចូល​រួម និង​ផល​ប៉ះ​​ពាល់​វិជ្ជមាន​ពី​ឧស្សាហកម្ម ៤.០ ប្រទេស ​​វៀតណាម ​នឹង​ទទួល​បាន​ការ​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​ពី​ក្រុមហ៊ុន​មូលនិធិ​នានា និង​គម្រោង​ថ្មីៗ រួម​ទាំង​មូលធន​កាន់​តែ​ច្រើន​សម្រាប់​វិស័យ​អចលន​ទ្រព្យ​ផង​ដែរ។

លោក​​បន្ថែម​ថា ហេតុ​ដូច្នេះ​ហើយ ប្រជាជន​ប្រហែល​ពី ២,៥ ទៅ ៣ លាន​នាក់​មក​ពី​តំបន់​ជនបទ​នឹង​ផ្លាស់​ទីលំនៅ​ទៅ​កាន់​ទីក្រុង រួម​ជា​មួយ​នឹង​បុគ្គលិក និង​វិស្វករ​បរទេស​រាប់​ម៉ឺន​នាក់​​ផ្សេង​ទៀត ដូច​ជា​​តម្រូវ​ការ​ផ្ទះ​នឹង​កើន​ឡើង​នៅ​ក្នុង​ផ្នែក​ជា​ច្រើន។

ស្រប​ពេល​នេះ​ដែរ​ ការ​ផ្គត់ផ្គង់​រំពឹង​ថា​នឹង​ធ្លាក់ចុះ ព្រោះ​មិន​មាន​អាផាតមិន​ច្រើន​សល់​ពី​គម្រោង​ចាស់​ៗ​នោះ​ទេ ហើយ​ទីផ្សារ​នឹង​មិន​មើល​ឃើញ​មាន​គម្រោង​ថ្មី​ច្រើន​ដែរ ដោយ​សារ​កង្វះ​ដី និង​លទ្ធភាព​ហិរញ្ញវត្ថុ​ទាប​របស់​វិនិយោគិន។ តម្រូវ​ការ​នឹង​​បង្កើន​សម្ពាធ និង​ជំរុញ​ឲ្យ​តម្លៃ​កើន​ឡើង។ នេះ​បើ​​​តាម​លោក Tam។

លោក Tam ថ្លែង​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ដាក់​កម្រិត​ឥណទាន​​សម្រាប់​វិស័យ​អចលន​ទ្រព្យ និង​មូលបត្រ ប៉ុន្តែ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​បង្កើន​ការ​ផ្តល់​កម្ចី​សម្រាប់​វិស័យ​ផលិតកម្ម និង​អាជីវកម្ម ហេតុ​ដូច្នេះ គម្រោង​អចលន​ទ្រព្យ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​​បាន​ឥណទាន។

ក្រៅ​ពី​វិធានការ​ឥណទាន រដ្ឋាភិបាល​​នឹង​រឹត​បន្តឹង​ផែនការ​ប្រើប្រាស់​ដី និង​រឹត​បន្តឹង​លើ​ការ​​គ្រប់គ្រង​គម្រោង​អចលន​ទ្រព្យ ដូច្នេះ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ​ទំនង​ជា​ថយ​សម្ទុះ ដែល​មាន​ន័យ​ថា តម្លៃ​អចលន​ទ្រព្យ​ទំនង​ជា​មិន​កើន​ឡើង​ទេ​ក្នុង​ខេត្ត​ និង​ទីក្រុង​ជា​ច្រើន ជា​ពិសេស​ទីក្រុង​ហាណូយ និង​ក្រុង​ហូជីមិញ។ លោក​បន្ថែមថា មាន​គម្រោង​ខ្លះ​ក៏​អាច​កាត់​បន្ថយ​តម្លៃ​លក់​ផង​ដែរ។

លោក Tam បន្ត​​ថា ជាមួយ​​ការ​ព្យាករ​​វិជ្ជមាន​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិធានការ​​​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​​អចលន​ទ្រព្យ វៀតណាម​នឹង​មិន​មើល​ឃើញ​ការ​ឡើង​ថ្លៃ​ខ្លាំង​ជ្រុល ឬ​ជាប់​គាំង​ឡើយ។

យ៉ាង​ណា​ក្តី ទីផ្សារ​នេះ​អាច​ជួប​បញ្ហា​​ប្រឈម​ពី​ការ​ប្រែប្រួល​ការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច ការ​ផ្គង់ផ្គង់​និង​តម្រូវ​ការ​​ទីផ្សារ និង​គោលនយោបាយ​​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​វៀតណាម។

លោក Tam បាន​មាន​ប្រសាសន៍​បន្ត​​ថា ដើម្បី​​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​​​​ពី​កត្តា​ទាំង​នោះ ទី​ភ្នាក់ងារ​គ្រប់គ្រង​រដ្ឋ និង​សហគ្រាស​នានា​ក្នុង​វិស័យ​អចលន​ទ្រព្យ ចាំបាច់​ត្រូវ​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ព្រម​ទាំង​សកម្មភាព​​អាជីវកម្ម ហើយ​ទី​ភ្នាក់ងារ​រដ្ឋ​គួរ​ធ្វើ​ពិពិធកម្ម​ប្រភព​មូលធន​សម្រាប់​អាជីវកម្ម៕ ANN/KC

អត្ថបទគួរចាប់អារម្មណ៍