បច្ចុប្បន្ន​នេះ​ចំនួន​អាផាតមិន​ដែល​ដាក់​ចូល​ទីផ្សារ​មិន​បាន​បញ្ឈប់​កំណើន​របស់​ខ្លួន​ទេ​នៅ​តំបន់​ទួលទំពូង និង​ផ្សារ​ដើមថ្កូវ ខណៈ​ទីតាំង​ទាំង​នេះ​ត្រូវ​គេ​ដឹងថា ទទួល​ឥទ្ធិពល​ពី​តំបន់​បឹងកេងកង​ ១ និង​ទន្លេ​បាសាក់​។ ការកើនឡើង​នេះ​ក៏​បាន​ធ្វើឲ្យ​ម្ចាស់​អាផាតមិន​មួយ​ចំនួន​សម្រេច​ទម្លាក់​តម្លៃ​ខ្លះ ដើម្បី​ទាក់ទាញ​អតិថិជន​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី កាលពី​ពេល​ថ្មីៗ​នេះ​និយាយ​ថា ការផ្គត់ផ្គង់​អាផាតមិន​នៅ​ក្នុង​សង្កាត់​ទួលទំពូង និង​ផ្សារ​ដើមថ្កូវ​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​ហើយ​អាច​នឹង​ឈាន​ទៅ​លើស​តម្រូវការ​ផង​ដែរ​នាពេល​ឆាប់ៗ​នេះ​។ លោក​បន្ត​ថា ការកើនឡើង​នៃ​ចំនួន​អាផាតមិន​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​អត្រា​ជួល និង​តម្លៃ​ធ្លាក់​ចុះ​ក្នុង​រង្វង់​ប្រមាណ​ ១០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ អាផាតមិន​ភាគច្រើន​នៅ​ទី​នោះ​គឺ​កម្រិត B​។

បច្ចុប្បន្ន​តម្លៃ​អាផាតមិន​ដែល​មាន​ ១ ​បន្ទប់​គេង​នៅ​តំបន់​នេះ​អាច​រក​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣៥០ ​ដល់​ ៧៥០ ​ដុល្លារ​ក្នុង​ ១ ​ខែ អាផាតមិន​មាន​ ២ ​បន្ទប់​គេង មាន​តម្លៃ​ចន្លោះ​ពី​ ៧៥០ ​ទៅ​ ១៥០០ ​ដុល្លារ និង​អាផាតមិន​មាន​ ៣ ​បន្ទប់​គេង មាន​តម្លៃ​ចន្លោះ​ពី​ ១៥០០ ​ដល់​ ២៥០០ ​ដុល្លារ​។ នេះ​បើ​តាម​លោក​ឧកញ៉ា នួន រិទ្ធី​។

លោក​បញ្ជាក់​ថា៖ «​ទោះ​ជា​ការប្រកួត​ប្រជែង​កើនឡើង និង​កំណើន​នៃ​ការសាងសង់​ក្តី ប៉ុន្តែ​ខ្ញុំ​មិន​មាន​ការព្រួយបារម្ភ​ពី​ទីផ្សារ​នេះ​ទេ ដោយសារ​កម្ពុជា​បាន​ភ្ជាប់​ខ្លួន​ជា​សមាជិក​អាស៊ាន និង​សហគមន៍​សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្វើឲ្យ​វិនិយោគិន​អន្តរជាតិ​កាន់តែ​ច្រើន​ចូល​មក​កម្ពុជា ហើយ​នៅពេល​នោះ​តម្រូវការ​អាផាតមិន​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​»​។ លោក​ថា​៖ «​ទាល់តែ​មាន​ការ​ផ្គត់ផ្គង់​ទើប​មាន​តម្រូវការ ព្រោះ​បើ​យើង​រង់ចាំ​តម្រូវការ​ទើប​មាន​ការ​ផ្គត់ផ្គង់​នោះ​នឹង​កើត​មាន​បញ្ហា​»​។

លោក ឆេង គៀត ចៅសង្កាត់​ទួលទំពូង​ ១ នៃ​ខណ្ឌ​ចំការមន​បាន​និយាយ​ថា ក្នុង​សង្កាត់​របស់​លោក​មាន​អាផាតមិន​កំពុង​សាងសង់ និង​បញ្ចប់​ការសាងសង់​ជាង​ ២០ ​គម្រោង​ដែល​គម្រោង​ទាំងអស់​នោះ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​។

អ្នក​វិនិយោគ​អាផាតមិន Phnom Penh Star ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក​ជា​សង្កាត់​ស្ថិត​នៅ​ជាប់​សង្កាត់​ទួលទំពូង​ ១ បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ទីផ្សារ​អាផាតមិន​នៅក្នុង​សង្កាត់​បឹងត្របែក និង​ទួលទំពូង ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដោយសារ​មាន​គម្រោង​ថ្មីៗ​បាន​កើនឡើង ដែល​ធ្វើឲ្យ​ម្ចាស់​អាផាតមិន​មួយ​ចំនួន​សម្រេច​ទម្លាក់​តម្លៃ​ជួល ដើម្បី​ចាប់​យក​អតិថិជន និង​រក្សា​អតិថិជន​ចាស់​របស់​ខ្លួន​។

លោក​អះអាង​ថា៖ «​អាផាតមិន​របស់​ខ្ញុំ​នាពេល​នេះ​បាន​បញ្ចុះ​តម្លៃ​បន្តិចបន្តួច និង​បាន​ពង្រឹង​ការផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន ដើម្បី​អាច​ទាក់ទាញ​អតិថិជន​ថ្មីៗ​បន្ថែម​ទៀត​បាន​»​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែង​ថា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ នេះ​មាន​អាផាតមិន​ចំនួន​ ១៤៨ ​គម្រោង​បាន​បញ្ចប់​ការសាងសង់ និង​ដាក់​ចូល​ទីផ្សារ​ក្នុង​ចំណោម​អាផាតមិន​សរុប​ចំនួន​ ៣៦៥ ​គម្រោង​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា យើង​ទទួល​ស្គាល់​ថា​ចំនួន​អាផាតមិន​បាន​កើនឡើង​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង និង​ផ្សារ​ដើមថ្កូវ​ដោយមាន​អត្រា​ប្រើប្រាស់​ជា​មធ្យម​ប្រមាណ​ ៧០ ​ភាគរយ​។

បើ​តាម​លោក សុខនីម តម្លៃ​អាផាតមិន​នៅ​តំបន់​ទួលទំពូង និង​បឹងកេងកង ​១ មាន​ភាព​ខុស​គ្នា​ពី​ ២០ ​ទៅ​ ៣០ ​ភាគរយ​។

លោក​បន្ត​ថា៖ “​ទោះ​ជា​តម្លៃ​ខុស​គ្នា​ក្តី តែ​តំបន់​បឹងកេងកង​ ១ នៅ​តែ​មាន​ភាពទាក់ទាញ​ជាង ដោយសារ​តំបន់​នេះ​ជា​តំបន់​ពេញនិយម​របស់​ជនបរទេស ជា​តំបន់​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​មាន​សេវាកម្ម​ចម្រុះ​»​។ លោក​បន្តថា ៖ «​តំបន់​ទួលទំពូង ផ្សារ​ដើមថ្កូវ​មិន​ទាន់​មាន​សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ដូច​តំបន់​បឹងកេងកង​នោះ​ទេ​»៕