The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ចង់​ធ្វើ​ឯកជន​នីយកម្ម​ ក្រុមហ៊ុន​ផ្តល់​កម្ចី​ទិញ​ផ្ទះ

អាមេរិក​ចង់​ធ្វើ​ឯកជន​នីយកម្ម​ ក្រុមហ៊ុន​ផ្តល់​កម្ចី​ទិញ​ផ្ទះ

Content image - Phnom Penh Post
លោក Mnuchin ក្នុងពេល​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​។ រូបថត AFP

អាមេរិក​ចង់​ធ្វើ​ឯកជន​នីយកម្ម​ ក្រុមហ៊ុន​ផ្តល់​កម្ចី​ទិញ​ផ្ទះ

ក្រុងវ៉ាស៊ីនតោនៈ មួយ​ទសវត្សរ៍​បន្ទាប់ពី​ការផ្ទុះ​វិស័យ​កម្ចី​ទិញ​ផ្ទះ ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចង់​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចំនួន​ ២ ​ក្នុង​វិស័យ​លំនៅឋាន​អាមេរិក​ដែលមាន​តម្លៃ​ច្រើន​ពាន់​ពាន់​លាន​ដុល្លារ​។

ក្នុង​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​គ្រោង​នឹងដាក់​ចេញ​ផែនការ​មួយ​សម្រាប់​កែទម្រង់​ហិរញ្ញប្បទាន​លំនៅឋាន​អាមេរិក រួមទាំង​សហគ្រាស​រដ្ឋ Fannie Mae និង​ក្រុមហ៊ុន Freddie Mac​។

ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ដែល​រួមគ្នា​គាំទ្រ​ជាង​ពាក់កណ្ដាល​នៃ​កម្ចី​ទិញ​លំនៅឋាន​ទាំងអស់​នៅ​អាមេរិក​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការការពារ​ពី​រដ្ឋ ឬ​ធ្វើជា​តូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កម្ចី​ទិញ​ផ្ទះ​កាលពី​ឆ្នាំ​ ២០០៨​។

ការផ្តល់​ថវិកា​សង្គ្រោះ​របស់​រដ្ឋាភិបាល​ចំនួន ១៩០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នោះ​បាន​សង្គ្រោះ​ស្ថាប័ន​ ២ ​នេះ ដោយសារ​ការ​គ្មាន​លទ្ធភាព​សង​បំណុល​ខណៈ​ដែល​អ្នក​ខ្ចីប្រាក់​ស្ថិតក្រោម​លក្ខខណ្ឌ​មិនល្អ (sub-prime) បាន​កើនឡើង​នៅ​ទូទាំង​ប្រទេស​។

ដោយ​មាន​ការយល់ដឹង​តិចតួច​ដោយ​សាធារណជន​ទូទៅ តាមពិត​បញ្ហា​របស់​ស្ថាប័ន​ ២ ​នេះ​មិនមែន​កើត​មាន​ឡើង​ចេញពី​កម្ចី​ទិញ​ផ្ទះ​នោះទេ​។

ផ្ទុយទៅវិញ​ក្រុមហ៊ុន​ទាំង​ ២ ​បាន​ចាក់​បញ្ចូល​សាច់ប្រាក់​ងាយស្រួល​ទៅក្នុង​វិស័យ​លំនៅឋាន​តាមរយៈ​ការទិញ​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារ​ជាច្រើន ហើយ​បន្ទាប់មក​បំប្លែង​កម្ចី​ទាំងនោះ​ទៅ​ជា​មូលបត្រ​ដែល​ហៅថា «​មូលបត្រ​កម្ចី​ទិញ​ផ្ទះ​» ដែល​ក្រុមហ៊ុន​អាច​រក្សាទុក ឬ​លក់​ជូន​ក្រុម​វិនិយោគិន​ជាមួយ​នឹង​ការធានា​ច្បាស់លាស់​។

ប្រព័ន្ធ​នេះ​ជួយ​សម្រួល​ដល់​ការផ្ដល់​ហិរញ្ញប្បទាន​ដល់​ការផ្ដល់​កម្ចី​រយៈពេល​វែង ដូចជា​កម្ចី​ទិញ​ផ្ទះ​រយៈពេល ៣០ ​ឆ្នាំ​ដែល​កម្រ​កើត​មាន​នៅ​ប្រទេស​ផ្សេង​ក្រៅពី​អាមេរិក ប៉ុន្តែ​វា​ជា​គន្លឹះ​ក្នុងការ​សម្រេចបាន «​សុបិន​របស់​ប្រជាជន​អាមេរិក​» នៃ​ការ​មាន​ផ្ទះ​ផ្ទាល់ខ្លួន​។

នៅពេល​ដួលរលំ​ទីផ្សារ​លំនៅឋាន​អត្រា​ភាព​ជា​ម្ចាស់​កម្មសិទិ្ធ​ផ្ទះ​បាន​កើនឡើង ៧០ ​ភាគរយ​មុនពេល​ការធ្លាក់​ចុះ​វិញ ដោយសារ​ការប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​ធ្វើ​ឡើង​គ្រប់​ទីកន្លែង​។

ក្នុង​របាយការណ៍​មួយ​កាលពី​សប្ដាហ៍​មុន ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់​ចេញ​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​កំណែទម្រង់​ដល់​ស្ថាប័ន​ទាំង​​ ២ ​នេះ​ដែល​ជា​គោលដៅ​នយោបាយ​រយៈពេល​យូរ​របស់​រដ្ឋបាល​លោក ត្រាំ​។

ក្រុមហ៊ុន Fannie Mae និង​ក្រុមហ៊ុន Freddie Mac ត្រូវ​បាន​បង់​ភាគលាភ​ទៅ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្វី​ដែល​ក្រុម​វិនិយោគិន​ឯកជន​នឹង​ចង់​ផ្លាស់ប្តូរ​។

ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​បាន​ស្ទុះ​ងើបឡើង​វិញ និង​បាន​រីកចម្រើន​កាន់តែ​រឹងមាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រុមហ៊ុន Fannie Mae និង​ក្រុមហ៊ុន Freddie Mac បាន​បញ្ជូន​ប្រាក់ចំណេញ​ដ៏​រឹងមាំ​របស់​ពួកគេ​ត្រង់​ទៅក្នុង​ហិប​ប្រាក់​របស់​រដ្ឋាភិបាល​។

សរុបមក​ចាប់ពី​ការកាន់កាប់​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ ក្រុមហ៊ុន​បាន​បញ្ជូន​ប្រាក់ ៣០០ ​ពាន់​លាន​ដុល្លារ​ទៅ​អ្នក​ជាប់ពន្ធ​ដែល​ច្រើន​ជាង​ប្រាក់​ដែល​ត្រូវ​សង​សម្រាប់​ថវិកា​សង្គ្រោះ​ដែល​បានផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​ទៅទៀត​។

ផែនការ​កែទម្រង់​របស់​លោក Mnuchin ជាប់​ទាក់ទង​នឹង​ច្បាប់​ដែល​ស្នើឡើង និង​វិធានការ​បទប្បញ្ញត្តិ​មួយ​ចំនួន និង​មានបំណង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ទាំង​ ២ ​នេះ ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​រក្សាទុក​ប្រាក់​ចំណេញ​របស់​ពួកគេ​មួយចំនួន​។ កត្តា​នេះ​គួរតែ​បង្កើត​ឲ្យ​មាន​មូលធន​បម្រុង ដើម្បី​ការពារ​ក្រុមហ៊ុន​ទាំង​ ២ ​ក្នុង​ករណី​ដែល​កើតមាន​មហន្តរាយ​កម្ចី​ទិញ​ផ្ទះ​ផ្សេងទៀត​។

ជាក់ស្ដែង ក្រសួង​ហិរញ្ញវត្ថុ​ចង់​បញ្ចប់​ការធានា​របស់​រដ្ឋាភិបាល ហើយ​ជំនួស​មកវិញ​ក្រសួង​មាន​ផែនការ​បង្កើត​ការធានា​មួយ​ដែល​នឹង​អនុវត្ត​ចំពោះ​មូលបត្រ​បំណុល​កម្ចី​ទិញ​ផ្ទះមួយ​ចំនួន​។

លោក Mnuchin បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការគាំទ្រ​ពី​សភា​ក្នុង ​«​រយៈពេល​ពី ៣ ទៅ ៦ ​ខែ​ក្រោយ​»​។

ការចេញផ្សាយ​ផែន​ការកែទម្រង់​ហិរញ្ញប្បទាន​លំនៅឋាន​នេះ​ធ្វើឡើង ខណៈ​ដែល​ក្រុម​ភាគ​ទុនិក​ចាប់​ផ្តើម​ធ្វើឲ្យ​មាន​ការរីកចម្រើន​ក្នុង​ជម្លោះ​ផ្លូវច្បាប់​មួយ ដើម្បី​បញ្ឈប់​ការប្រមូល​ប្រាក់ចំណេញ​ដោយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Fannie Mae និង​ក្រុមហ៊ុន Freddie Mac៕ LA

អត្ថបទគួរចាប់អារម្មណ៍