ក្រុង​ប៉េកាំងៈ អាយុជា​មធ្យម​​របស់​អ្នក​ទិញ​ផ្ទះ​​ជនជាតិ​ចិន​​ក្នុង​​ឆ្នាំ ​២០១៨​ គឺ​ ​២៩,៥​ ឆ្នាំ​ដែល​ជា​​អាយុ​មធ្យម​​ក្មេង​ជាង​ប្រទេស​ដទៃ​​ទៀត​នៅ​​ក្នុង​ពិភព​លោក​។ នេះ​បើ​យោង​តាម​របាយការណ៍​​​ថ្មី​មួយ​​​ស្តីពី​ការ​សិក្សា​ស្រាវជ្រាវ​ពី​អ្នក​ទិញ​ផ្ទះ​ជនជាតិ​ចិន​ក្នុង​ឆ្នាំ ​២០១៨។

របាយការណ៍​ដែល​ចេញ​ដោយ​គេហទំព័រ research.ke.com ​​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​​ដែល​ផ្តោត​​​លើ​ឧស្សាហកម្ម​​អចលន​ទ្រព្យ​​បាន​បង្ហាញ​ថា ផ្ទៃ​ក្រឡា​អចលន​ទ្រព្យ​​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​នៃ​អចលន​ទ្រព្យ​​ដែល​ទិញ​​​​ក្នុង​ឆ្នាំ​ ២០​១៨ ​​មាន​​ទំហំ​​ ២៧,៨ ​ម៉ែត្រ​ការ៉េ​ ខណៈ​ដែល ២៤,៣ ​ភាគរយ​នៃ​អចលន​ទ្រព្យ​ដែល​​បាន​ទិញ​មាន​ផ្ទៃ​ក្រឡា​​តិច​ជាង ​២០ ​ម៉ែត្រ​ការ៉េ​។​

របាយការណ៍​នេះ​បាន​បន្ត​ថា​ បើ​​ធៀប​​ជា​មួយ​ក្រុម​អាយុ​ដទៃៗ​ មនុស្ស​ដែល​​កើត​ក្នុង​ទសវត្សរ៍​ ៨០​​ ដែល​មាន​កូន​អាយុ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​​​ កាន់​កាប់​ផ្ទៃ​ក្រឡា​អចលន​ទ្រព្យ​តិច​ជាង​នេះ ពោល​គឺ​មាន​ផ្ទៃ​ក្រឡា​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ ២៧ ​ម៉ែត្រ​​ការ៉េ​​។

របាយការណ៍​នេះ​បាន​​ឲ្យ​ដឹង​ថា​ ​ឧស្សាហកម្ម​អចលន​ទ្រព្យ​​​ចិន​​​បាន​មើល​​ឃើញ​​កំណើន​​លក់​​​ផ្ទះ​មួយ​ទឹក​ ដោយ​ផ្ទះ​ដែល​​មាន​បន្ទប់​ដេក ​២ ​​មាន​ប្រជាប្រិយ​បំផុត​​​​ក្នុង​ទីផ្សារ​លក់​ផ្ទះ​​មួយ​ទឹក​។

របាយការណ៍​នេះ​​បន្ត​ថា៖ «​​៩០ ភាគរយ​នៃ​អ្នក​ទិញ​ផ្ទះ​លើក​ដំបូង ​​បាន​ប្រើប្រាស់​កម្ចី​​ដើម្បី​បង់​ថ្លៃ​ផ្ទះ​​​​ក្នុង​ឆ្នាំ ​២០១៨​ ​ដែល​ជា​សមាមាត្រ​​​ខ្ពស់​បំផុត​​​​ក្នុង​ចំណោម​រាល់​អតិថិជន​​គ្រប់​ក្រុម​​អាយុ​ទាំង​អស់»។

ការ​បង់​ប្រាក់​​ប្រចាំ​ខែ​​របស់​អ្នក​ទិញ​ផ្ទះ​លើក​ដំបូង​​​ក្នុង​ឆ្នាំ ​២០​១​៨​​ មាន​ជា​​មធ្យម​ ៤២,៩​ ភាគរយ​នៃ​ចំណូល​របស់​ពួក​គេ​ ខណៈ​ដែល​សម្រាប់​​មនុស្ស​ភាគ​ច្រើន​​ ការ​បង់​សង​ប្រចាំ​ខែ​មាន​​ជាង​ ៥០​ ភាគរយ​នៃ​​ប្រាក់​ខែ​របស់​ពួក​គេ។

របាយការណ៍​នេះ​បាន​បង្ហាញ​​ថា ដោយ​សារ​​ភាគ​ច្រើន​នៃ​​អ្នក​ទិញ​ផ្ទះ​លើក​ដំបូង​គឺ​ជា​​​អ្នក​ដែល​​កើត​ក្រោយ​​​ទសវត្សរ៍​ឆ្នាំ ១៩​៨០ ​​និង​ ១៩៩០ ពួក​គេ​ជា​​ច្រើន​ប្រឈម​មុខ​នឹង​សម្ពាធ​កាន់​តែ​ខ្ពស់​ទាក់ទង​នឹង​​​​ការ​បង់​ប្រាក់​សង ដោយ​ភាគរយ​ជា​មធ្យម​​​នៃ​ចំណូល​​ដែល​​​ចំណាយ​​លើ​ការ​បង់សង​ថ្លៃ​ផ្ទះ​ដោយ​​អ្នក​ទិញ​​ដែល​កើត​​ក្នុង​ទសវត្សរ៍​ទាំង​ ២ នេះ ​​មាន​ ៤០,៨ ភាគរយ និង​ ​៤៣,៥ ​ភាគរយ​រៀង​គ្នា​។ ​

ជាង​នេះ​ទៀត​ អនុបាត​ជា​មធ្យម​​​រវាង​​ប្រាក​ចំណូល ​និង​ការ​បង់​ប្រាក់​សម្រាប់​អ្នក​ទិញ​ផ្ទះ​​នៅ​ក្នុង​ទីក្រុង​លំដាប់​ទី​៣ និង​​ទី​៤ ​​ក្នុង​ប្រទេស ​ចិន​ មាន​ ​៤២,៤ ​ភាគរយ​ ពោល​គឺ​ខ្ពស់​ខ្លាំង​ជាង​អ្នក​ទិញ​ផ្ទះ​​នៅ​ក្នុង​ទីក្រុង​លំដាប់​​​​​ខ្ពស់​ជាង​នេះ​។

ស្ថិត​ក្រោម​​​បទ​ប្បញ្ញត្តិ​​ និង​ការ​គ្រប់គ្រង​ជាប់​ជានិច្ច​​​​របស់​ចិន​ទៅ​លើ​ឧស្សាហកម្ម​អចលន​ទ្រព្យ​ ​ទីផ្សារ​នេះ​​​មាន​ការ​ ផ្លាស់​​ប្តូរ​​​ដ៏​ធំ​​ក្នុង​ឆ្នាំ ​២០១៨​។​ ​

យោង​តាម​លោក​ Xu Xiaole ប្រធាន​អ្នក​វិភាគ​​ប្រចាំ​គេហទំព័រ research.ke.com ​ឲ្យ​ដឹង​ថា អតុល្យភាព​ជាក់​ស្តែង​កើត​មាន​យ៉ាង​ច្បាស់​​​ក្នុង​​ទីផ្សារ​អចលន​ទ្រព្យ​​​ចិន​ ដែល​នឹង​បន្ត​ជា​ការ​ផ្តោត​ជា​ចម្បង​សម្រាប់​កំណែ​ទម្រង់​​គោល​នយោបាយ​​​​លំនៅឋាន​​​ចិន៕ People''s Daily/PS