ក្រុងរីយ៉ាដៈ ​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត ​កំពុង​បង្កើត​ផែនការ​កសាង​ទីក្រុង​ដ៏​ធំ​បំផុត​នៅ​ពេល​អនាគត​ជាមួយ​នឹង​ការ​សន្យា​អំពី​មនុស្ស​យន្ត​ចេះ​និយាយ និង​តាក់ស៊ី​អាកាស ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​​ច្រើន​សែន​នាក់ រួម​ទាំង​លោក​សាស្ដ្រាចារ្យ Abdullah វា​គ្រាន់​តែ​ជា​ក្ដី​សុបិន​មួយ​ដែល​ពិបាក​យល់​តែ​ប៉ុណ្ណោះ។

លំនៅឋាន​ គឺ​ជា​រឿង​មួយ​ដែល​មិន​សប្បាយ​ចិត្ត​របស់​សាធារណជន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។

អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ប្រទេស​នាំចេញ​ប្រេង​មួយ​នេះ​បាន​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​ដល់​ប្រជាជន​ខ្លួន​​ដោយ​មិន​គិត​ការ​ប្រាក់។

ប៉ុន្តែ​ពេល​នេះ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត កំពុង​ជំរុញ​ការ​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​នៅ​​ក្នុង​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដែល​មាន​ភាព​ចម្រូង​ចម្រាស និង​កំពុង​ធ្វើ​ការ​រឹត​បន្តឹង​ចំពោះ​ប្រជាជន​ដែល​​មាន​ប្រាក់​ចំណូល​មធ្យម តាមរយៈ​​ការ​កាត់​បន្ថយ​ជា​បណ្ដើរៗ​នូវ​ការ​ធានា​របស់​រដ្ឋ​ចំពោះ​ប្រជា​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​សុខុមាលភាព ខណៈ​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ទាប​។

សម្រាប់​មនុស្ស​ជា​ច្រើន​ដូច​ជា​លោក Abdullah ដែល​ជា​ឪពុក​មាន​វ័យ ​៣៩ ឆ្នាំ​ ​និង​មាន​កូន​ ៣ ​នាក់ កំពុង​រស់នៅ​ក្នុង​អាផាតមិន​ជួល​មួយ​កន្លែង​ក្នុង​ទីក្រុង​រីយ៉ាដ បញ្ហា​នេះ​បាន​ពន្យារ​ក្ដី​​សុបិន​នៃ​ការ​សាងសង់​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​លោក នៅ​ជាយ​ទីក្រុង​នេះ​។

បន្ទាប់​ពី​រយៈពេល​ជាង ​១ ​ទសវត្សរ៍ ​នៅ​លើ​បញ្ជី​រង់ចាំ​សម្រាប់​កម្ចី​មិន​គិត​ការ​ប្រាក់​ពី​មូលនិធិ​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ លោក Abdullah ឲ្យ​ដឹង​ថា មូលនិធិ​នេះ​បាន​បញ្ជូន​ឈ្មោះ​គាត់​ទៅ​ធនាគារ​ពាណិជ្ជ​ដើម្បី​ទទួល​យក​កម្ចី​ទិញ​ផ្ទះ​តម្លៃ​ ៤៤៥​ ០០០ រីយ៉ាល់ស៍ (១១៩ ០០០ ​ដុល្លារ)។

លោក​បាន​ប្រើ​ប្រាក់​នេះ​ដើម្បី​ចាប់​ផ្ដើម​ការ​សាងសង់​ផ្ទះ​នៅ​ដីឡូត៍​មួយ​មាន​តម្លៃ ​៣៥០ ០០០ ​រីយ៉ាល់ស៍ ដែល​លោក​បាន​យក​កម្ចី​ពី​ធនាគារ​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត ប៉ុន្តែ​ការ​សាងសង់​ត្រូវ​បញ្ឈប់​កាល​ពី​ខែ​ឧសភា បន្ទាប់​ពី​លោក​អស់​ប្រាក់។

បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​១៩៧៤ មូលនិធិ​នេះ គឺ​ជា​ស្ថាប័ន​រដ្ឋ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រសួង​លំនៅឋាន និង​គ្រប​ដណ្ដប់​ប្រហែល ​​១ ភាគ ​៤ ​នៃ​ការ​ទូទាត់​កម្ចី​ទិញ​ផ្ទះ​ប្រចាំ​​ខែ​របស់​លោក Abdullah​។​

លោក Abdullah ​ឲ្យ​ដឹង​ថា ​លោក​នៅ​​តែ​ជម្នះ​ក្នុង​ការ​សង​កម្ចី​ទាំង ​២ ​ដែល​ប្រើប្រាស់​ប្រហែល​ពាក់​កណ្ដាល​​នៃ​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​លោក​ចំនួន ២០ ០០០ ​រីយ៉ាល់ស៍ ​(​៥ ៣០០ ​ដុល្លារ) ចំ​ពេល​ការ​កើន​ឡើង​​ការ​ចំណាយ​លើ​ការ​រស់នៅ​។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP នៅ​ក្រៅ​ផ្ទះ​ដែល​បញ្ចប់​ការ​សាងសង់​ត្រឹម​ពាក់​កណ្ដាល​របស់​លោក​ថា​៖ ​«​ប្រព័ន្ធ​កម្ចី​ទិញ​ផ្ទះ​នឹង​បំផ្លាញ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម វា​នឹង​ធ្វើ​ឲ្យ​យើង​ស្លាប់​»។​

ភាព​តានតឹង​ទ្វេដង

សម្ពាធ​នេះ​ត្រូវ​បាន​គេ​គិត​ថា​រឹត​តែ​ខ្លាំង ដោយ​លោក Majid ដែល​ជា​បុគ្គលិក​រដ្ឋាភិបាល​អាយុ ​៤១ ឆ្នាំ ដែល​រក​ប្រាក់​បាន​ច្រើន​ជាង​បន្តិច​បើ​ធៀប​នឹង​ប្រាក់​ចំណូល​ប្រចាំ​ខែ។ ​ប្រាប់​ចំណូល​របស់​លោក​មាន​ប្រមាណ ​១៤ ៨២០ រីយ៉ាល់ស៍ (៣ ៩៥០ ដុល្លារ)។​

ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​​មធ្យម​ទាប​បែប​នោះ កំពុង​ជួប​ការ​ពិបាក​រួច​ទៅ​ហើយ​ ដោយសារ​តែ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​ឧបត្ថម្ភធន​ ការ​កើន​ឡើង​ថ្ងៃ​ទឹក អគ្គិសនី ​តម្លៃ​ប្រេង​សាំង និង​ការ​ហូតពន្ធ​បន្ថែម​ (VAT) ​៥ ​ភាគរយ។​

លោក​ Majid ដែល​ស្ថិត​​នៅ​ក្នុង​ចំណោម​ប្រជាជន​ប្រហែល​ ៥០០ ០០០ ​នាក់ បាន​ឲ្យ​ដឹង​ថា ឈ្មោះ​របស់​លោក​​នៅ​លើ​បញ្ជី​រង់ចាំ​របស់​មូលនិធិ​នេះ សម្រាប់​កម្ចី​ដែល​មិន​គិត​ការ​ប្រាក់​ ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ដែល​រំពឹង​ត្រឹម​ឆ្នាំ ​២០២០។​

មូលនិធិ​នេះ និង​ក្រសួង​លំនៅឋាន ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​របស់​ AFP សម្រាប់​ផ្តល់​ព័ត៌មាន​នោះ​ទេ។

លោក Najah al-Otaibi អ្នក​ជំនាញ​​របស់​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​ បាន​ប្រាប់ ​AFP ថា​៖ «​គន្លឹះ​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​លំនៅឋាន​នៅ​ប្រទេស ​អារ៉ប៊ី សាអ៊ូឌីត​ គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ដល់​ការ​ផ្ដល់​មូលនិធិ​របស់​វិស័យ​ឯកជន​ និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រយៈពេល​យូរ​លើ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​»។​

ប៉ុន្តែ​ទាំង​អស់​នេះ​ គឺ​ជា​វិបត្តិ​ចំពោះ​ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីត ដែល​រស់នៅ​​ជា​ច្រើន​ទសវត្សរ៍​​មក​ហើយ​ចំពោះ​កម្ចី​ការ​ប្រាក់​ទាប​ និង​ការ​រស់នៅ​ដោយ​​មិន​មាន​ការ​បង់​ពន្ធ​។​

នេះ​ជា​ការ​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ប្រទេស​ផលិត​ប្រេង​មួយ​នេះ ក្នុង​ការ​កាត់​ផ្ដាច់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ពី​ការ​ឧបត្ថម្ភធន​ពី​សំណាក់​រដ្ឋាភិបាល​ ចំ​ពេល​មាន​ឱនភាព​សារពើពន្ធ​ដែល​ព្យាករ​ថា នឹង​កើន​ឡើង​ដល់ ​៣៥ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ២០១៩ ឬ​ ៤,២ ​ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)។​

លោកស្រី Karen Young មក​ពី​វិទ្យាស្ថាន​សហគ្រាស​អាមេរិក​ បាន​ប្រាប់ AFP ​ថា​៖ «​ក្នុង​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត ពេល​នេះ​មាន​ភាព​តានតឹង​ទ្វេ​ដង គឺ​ទី​១ ការ​ផ្ដល់​លំនៅឋាន​តម្លៃ​ទាប​សម្រាប់​យុវជន​វ័យ​ក្មេង ដែល​មិន​សូវ​មាន​​ប្រាក់ ដោយសារ​ការ​ចំណាយ​លើ​ការ​រស់នៅ​កាន់​តែ​ខ្ពស់ ស្រប​ពេល​​មាន​ការកាត់​បន្ថយ​ការ​ឧបត្ថម្ភធន និង​ភាព​គ្មាន​ការងារ​ធ្វើ​ និង​​ទី២ គឺ​ត្រូវ​ពង្រីក​សេវា​ហិរញ្ញវត្ថុ​ ដើម្បី​បង្កើន​ឥណទាន​»។​

ប្រទេស​នាំចេញ​ប្រេង​ឈាន​មុខគេ​របស់​ពិភព​លោក​មួយ​នេះ ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​ស្វែងរក​ដៃគូ​ឯកជន​ក្នុង​​​ការ​ចំណាយ​​​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​​​សង់​លំនៅឋាន​​តម្លៃ​ទាប​​ប្រហែល ១,៥ ​​លាន​ខ្នង ​នៅ​ក្នុង​​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ៕ AFP/LA