ក្រុម​អ្នក​ជំនាញ និង​អ្នក​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ពី​ដំណើរ​វិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​ ២០១៨​ នេះ វា​ជា​អ្វី​ដែល​ផ្តល់​ទំនុក​ចិត្ត​ក្នុង​វិស័យ​នេះ ខណៈ​ការបារម្ភ​តិចតួច​ពី​ប្រជា​ពលរដ្ឋ​កំពុង​កើត​មាន​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធីតា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃ​ចន្ទ​ថា ឆ្នាំ​ ២០១៨ មាន​វិស័យ​មួយចំ​នួន​នឹង​កើន​ឡើង​នូវ​ការ​ផ្គត់ផ្គង់ និង​​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ដោយ​​ចំនួន​ខុនដូ​ ១៣ ០០០​ យូនីត នឹង​ដាក់​ចូល​ទីផ្សារ​នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ជួល​កើន​ឡើង។ ចំណែក​តម្រូវ​ការ​អគារ​ការិយាល័យ​​នៅ​តែ​ល្អ​ប្រសើរ ដោយ​អគារ​កម្រិត B និង C មាន​តម្រូវការ​ខ្ពស់ ខណៈ​ផ្សារ​ទំនើប ក៏​កំពុង​មាន​​ការ​ប្រែប្រួល​ខ្លាំង​ផងដែរ ដោយ​សារ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ២​ទៀត នឹង​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​នេះ​។

អ្នក​នាង​បន្ត​ថា​ ៖ «​ខ្ញុំ​គិត​ថា​លំហូរ FDI នៅ​តែ​មាន​ស្ថិរភាព មិន​ធ្លាក់​ចុះ​នោះ​ទេ ហើយ​ទីផ្សារ​នេះ​កំពុង​មាន​តម្រូវការ​ស្រូប​យក​ច្រើន​ដែល​ធ្វើ​ឲ្យ​ការ​ទិញ​លក់​បុរី​នៅ​តែ​ល្អ​ប្រសើរ​»​។

អ្នក​នាង​បន្ត​ថា​ ៖ «​ទីផ្សារ​បុរី​បាន​ងាក​មក​កាន់​តម្លៃ​សមរម្យ ហើយ​កម្លាំង​ទិញ​នៅ​តែ​ខ្លាំង ព្រោះ​បុរី​ផ្តោត​លើ​ប្រជាជន​ក្នុង​ស្រុក​»។

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia អ្នក​នាង Grace Rachny Fong បាន​​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ថានភាព​អចលនទ្រព្យ​នឹង​មិន​ប្រែប្រួល​ខ្លាំង​នោះទេ ព្រោះ​ចុងឆ្នាំ ​២០១៧ មាន​គម្រោង​ធំ​ ២ បាន​បើក​សម្ពោធ​ជា​អ្វី​ដែល​ផ្តល់​ទំនុក​ចិត្ត​ដល់​ទីផ្សារ​នេះ​។ ជា​មួយ​នេះ​សកម្មភាព​នៃ​ការ​ទិញ​លក់ ជួល​នៅ​ក្នុង​ក្រុមហ៊ុន​របស់​យើង នៅ​តែ​មាន​ភាព​សកម្ម​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​​នានា​។

អ្នក​នាង​បន្ត​ថា ចំណែក​​ទីផ្សារ​ខុនដូ​នៅ​តែ​មាន​សក្តានុពល ដោយ​គម្រោង​ដែល​បាន​សាងសង់​កាលពី​មុន​បាន​បញ្ចប់​ច្រើន ហើយ​ការ​លក់​នៅ​តែ​ល្អ សម្រាប់​គម្រោង​ដែល​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​ខុនដូ​តម្លៃ​ខ្ពស់ និង ​ស្ថិត​នៅ​ទីតាំង​មិន​អំណោយ​ផល​ជួប​ការ​លំបាក​។

អ្នក​នាង​បន្ត​ថា​ ៖ «​បើ​សិន​ជា​ពិនិត្យ​មើល លំហូរ FDI វិញ ខ្ញុំ​គិត​ថា អាច​ស្ថិត​ក្នុង​សភាព​ទ្រឹង ឬ​អាច​ធ្លាក់​ចុះ​តិច​តួច ព្រោះ​អ្នក​វិនិយោគ​ពី​អឺរ៉ុប​មាន​ការ​បារម្ភ ប៉ុន្តែ អ្នក​វិនិយោគ​ក្នុង​តំបន់​អាស៊ី ពួក​គេ​​នៅ​តែ​ចូល​មក​កាន់​ទីនេះ​»​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ឆ្នាំ​ ២០១៨ គ្មាន​អ្វី​ជា​ឧបសគ្គ​នោះ​ទេ ព្រោះ​ស្ថានភាព​អាច​គ្រប់​គ្រង​បាន ទោះបី​វា​ជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ក្តី ប៉ុន្តែ​បើ​មើល​តម្លៃ​ដីធ្លី ឬ​អចលនវត្ថុ​ដទៃ​ទៀត នៅ​តំបន់​ខ្លះ​បាន​កើន​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​រួច​ទៅ​ហើយ ដូច្នេះ​អ្នក​ទិញ​មាន​តែ​ទិញ​យក​ទៅ​ប្រើ​ប្រាស់ ហើយ​ការ​ប្រែ​ប្រួល​តម្លៃ​ដីធ្លី វា​អាស្រ័យ​លើ​ដី​នោះ​ស្ថិត​នៅ​តំបន់​ណាមួយ​។

លោក​បន្ត​ថា​ ៖ «​តម្លៃ​ដី​មិន​ធ្លាក់​ថ្លៃ​ទេ ប៉ុន្តែ​វា​ពិបាក​លក់​បន្តិច ដោយ​សារ​ចំនួន​អ្នកទិញ​មិន​សូវ​មាន​សម្ទុះ​ខ្លាំង ហើយ​វា​មិន​ធ្លាក់​ចុះ​ដូច​ឆ្នាំ​២០០៨​ទេ ព្រោះ​ឆ្នាំ​២០០៨ អ្នកវិនិយោគ​បាន​ប្រើប្រាស់​លុយ​ពី​ធនាគារ ប៉ុន្តែ​ក្រោយ​ឆ្នាំ​២០០៨ អ្នក​វិនិយោគ​ភាគច្រើន​ផ្តោតលើ​លុយ​សុទ្ធ​»។

លោក​បន្ត​ថា ចំណែក​ទីផ្សារ​ខុន​ដូ​វិញ​មិនមាន​ហានិភ័យ​នោះ​ទេ ដោយ​សារ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រជាជន​ក្នុង​ស្រុក​ទិញ​ខុនដូ​កើន​ឡើង​ប្រមាណ ៥​ភាគរយ នៃ​ការ​ទិញ​លក់​សរុប​។

ទោះ​ជា​យ៉ាង​ណា​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មិន​សូវ​មាន​សុទិដ្ឋិ​និយម​ច្រើន​ទេ ទាក់ទង​នឹង​តម្លៃ​ដីធ្លី និង​តម្រូវ​ការ​ទិញ​លក់​ក្នុង​វិស័យ​នេះ​ដោយ​លោក​បាន​ថ្លែងថា តម្លៃ​ដីធ្លី​នឹង​មាន​ការ​ប្រែ​ប្រួល ព្រោះ​ប៉ុន្មាន​ឆ្នាំ​នេះ​​អ្នក​លក់​ជា​អ្នក​កំណត់​តម្លៃ ប៉ុន្តែ​ក្នុង​ពេលនេះ​អ្នក​ទិញ​ជា​អ្នក​កំណត់​តម្លៃ​ជំនួស​វិញ ព្រោះ​មាន​អ្នក​ចង់​លក់​ច្រើន អ្នក​ទិញ​តិច ហេតុ​នេះ​ទីផ្សារ គឺ​អ្នក​ទិញ​ជា​អ្នក​កំណត់​តម្លៃ​។

លោក​បន្តថា បើនិ​យាយ​ពី​ខុនដូ គឺ​ចប់​ហើយ ព្រោះ​អ្នក​ដែល​បាន​សាងសង់ និង​អ្នក​ជាប់​គាំង​បាន​បញ្ចប់​អស់​ហើយ ប៉ុន្តែ​គម្រោង​ថ្មីៗ​ប្រកាស​សាង​សង់​ទំនង​ជា​មិនមាន​ច្រើន​នោះ​ទេ​។

លោក​បន្ត​ថា​ ៖ «​បើ​សិន​ជា​មើល​​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស ខ្ញុំ​គិត​ថា​មិន​កើន​ឡើង​ទេ​ប៉ុន្តែ​ក៏​នឹង​មិន​ធ្លាក់​ចុះ​ដែរ​»​។ លោក​បន្ថែម​ថា​ ៖ «​ចំណែក​ទីផ្សារ​លំនៅឋាន​នឹង​នៅតែ​ល្អ ប៉ុន្តែ​លំនៅឋាន​តម្លៃ​សមរម្យ​មាន​ប្រជា​ប្រិយភាព​ជាង​»​។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា ជា​ទូទៅ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ទីផ្សារ​លំនៅឋាន​មាន​តម្លៃ​ខ្ពស់​ហាក់​ទ្រឹង​បន្តិច ប៉ុន្តែ​លំនៅឋាន​មាន​តម្លៃ​ទាប​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ហើយ​ការ​វិនិយោគ​ក្នុង​វិស័យនេះ នឹង​នៅ​តែ​បន្ត​កើនឡើង ដោយ​អ្នក​វិនិយោគ​ជាតិ អន្តរជាតិ ពិសេស​អ្នក​វិនិយោគ​ចិន កូរ៉េ ជប៉ុន សិង្ហ​បុរី ជាដើម​នៅតែ​ចូល​មក​កម្ពុជា​។

លោក​ឧកញ៉ា​បន្ត​ថា​ ៖ «​អ្វីៗ​នៅ​តែ​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​នេះ ទាំង​ការ​ចាប់​ផ្តើម​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​លំហូរ​នៃ​អ្នក​វិនិយោគ​អន្តរជាតិ​នានា​»៕