
រូបភាពផ្ទះរបស់គម្រោង «ភូមិផ្កាត្រកួន»។ រូបថត សហការី
ស្របពេលកំណើនសេដ្ឋកិច្ច និងកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរកាន់តែមានការកើនឡើងនោះ អ្នកជំនាញនានាបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលត្រូវធ្វើការវិនិយោគលើលំនៅឋានបែបលម្ហែកាយហើយ ដើម្បីផ្តល់សេវាកម្មស្នាក់នៅសម្រាប់រយៈពេលខ្លីដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់។
លោក ហ៊ិន សុជាតិ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A TownCambodia ដែលបានវិនិយោគលើលំនៅឋានលម្ហែកាយដំបូងគេនៅលើរមណីយដ្ឋានគិរីរម្យដោយដាក់ឈ្មោះ V Kirirom Resort បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនរបស់លោកបានវិនិយោគលំនៅឋានបែបលម្ហែកាយនៅលើរមណីយដ្ឋានគិរីរម្យចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយមានផ្ទះសរុបប្រមាណ ១៣០ (ដំណាក់កាលទី ១) ជាប្រភេទវីឡាលម្ហែកាយ ដោយលក់ក្នុងតម្លៃចន្លោះពី ៤៤ ០០០ ដុល្លារទៅដល់ ១៣៥ ០០០ ដុល្លារ ក្នុង ១ ខ្នង ខណៈបច្ចុប្បន្នការលក់សម្រេចបានប្រមាណជាង ៣០ ភាគរយ។
លោកបាននិយាយថា៖ «ទីផ្សាររបស់យើងបានផ្តោតភាគច្រើននៅប្រទេសជប៉ុន ដែលអតិថិជនរបស់យើង ៦០ ភាគរយជាជនជាតិជប៉ុន និង ៤០ ភាគរយជាជនជាតិខ្មែរ»។ លោកបន្តថា៖ «ការសាងសង់របស់យើងនឹងធ្វើឡើងនៅពេលអតិថិជនត្រូវការ ឬពេលមានតម្រូវការសេវាកម្មស្នាក់នៅកើនឡើងសម្រាប់ទេសចរ ឬនិស្សិតដែលកំពុងសិក្សានៅទីនោះ»។
លំនៅឋានលម្ហែកាយដែលវិនិយោគដោយ A2A Town Cambodia ស្ថិតក្នុងគម្រោងដំណាក់កាលទី ១ នេះស្ថិតនៅលើផ្ទៃដីជាង ៥០០ ហិកតាដែលការវិនិយោគលើគម្រោងចម្រុះរួមមាន ភោជនីយដ្ឋាន ផ្ទះតង់ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ សណ្ឋាគារផងដែរដោយឡែកទីលានវាយកូនហ្គោលនឹងចាប់ផ្តើមសាងសង់នូវគម្រោងទី ២ ដែលនឹងចាប់ផ្តើមក្នុងពេលដ៏ឆាប់ៗនេះ។
ទាក់ទងនឹងលំនៅឋានបែបលម្ហែ លោក សុជាតិ បានបញ្ជាក់ថា៖ «ខ្ញុំគិតថាដល់ពេលដែលអ្នកវិនិយោគគួរគិតពីការសាងសង់លំនៅឋានលម្ហែកាយហើយ ដោយសារប្រាក់ចំណូលរបស់ប្រជាជនខ្មែរកំពុងកើនឡើងដែលអាចអនុញ្ញាតឲ្យពួកគាត់មានលទ្ធភាពទិញលំនៅឋានបែបនេះបាន»។ លោកបន្តថា៖ «ប្រសិនជាពួកគេមិនស្នាក់នៅ ពួកគេអាចទិញហើយជួលត្រឡប់មកក្រុមហ៊ុនវិញ ដោយអាចទទួលបានផលចំណេញពីការវិនិយោគក្នុង ១ ឆ្នាំ ៦ ភាគរយ»។
អ្នកវិនិយោគគម្រោងមួយឈ្មោះ «ភូមិផ្កាត្រកួន» ក្នុងទំហំដី ១៥ ហិកតា ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល លោក ឌិន សុមេធារិទ្ធ បានថ្លែងឲ្យដឹងថាដោយសារលោកមើលឃើញថាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមិនសូវមានកន្លែងកម្សាន្ត និងសម្រាកចុងសប្តាហ៍ ទើបលោកសម្រេចចិត្តវិនិយោគរមណីយដ្ឋាននេះឡើង ដែលមានបឹង ផ្ទះលម្ហែកាយបែបសហគមន៍ ផ្សារបន្លែ កន្លែងអាំងសាច់ សាលាសិល្បៈ កន្លែងដាំបន្លែបែបធម្មជាតិ និងប៉មមើលទេសភាពក្នុងភូមិជាដើម។

លំនៅឋាននៅក្នុងគម្រោង V Kirirom Resort។ រូបថត សហការី
លោកបន្តថា៖ «ផ្ទះលម្ហែកាយក្នុងគម្រោងនេះមានផ្ទះជាង ១០០ ដែលលក់ក្នុងតម្លៃចន្លោះពី ២០០០០ ទៅ ៣០០០០ ដុល្លារ និងជាប្រភេទផ្ទះឈើដែលខ្ញុំបានទិញឈើពីផ្ទះចាស់ៗយកមកកែច្នៃ»។ លោកបន្តថា៖ «អ្នកវិនិយោគក្នុងគម្រោងនេះអាចជួលផ្ទះត្រឡប់វិញដល់ក្រុមហ៊ុនប្រសិនជាពួកគេមិនត្រូវការសេវាកម្មស្នាក់នៅ និងកម្សាន្តជាប្រចាំ»។
លោក សុមេធារិទ្ធ បានប្រាប់ទៀតថាគម្រោងនេះនឹងបើកដំណើរការនៅមុនពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ ២០១៩ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ព្រោះការបើកការដ្ឋានសាងសង់គម្រោងនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗ។ គម្រោងនេះមានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ។
ទោះយ៉ាងណា លោកមិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគម្រោងនេះទេ។
អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត លោក ឃាង ពុទ្ធី បានថ្លែងស្រដៀងគ្នាថាកម្ពុជាគួរដល់ពេលវិនិយោគលើលំនៅឋានប្រភេទលម្ហែកាយហើយ ទោះបីជាទីផ្សារមានចំនួនតិច តែអ្នកវិនិយោគក៏តិច ហើយគម្រោងបែបនេះ ប្រៀបដូចការសាងសង់ខុនដូកាលពី ១០ ឆ្នាំមុនគឺពេលប្រកាសគម្រោងភ្លាមលក់ដាច់អស់ភ្លាមៗតែម្តង។
លោកបន្តថា អ្នកវិនិយោគគួរចាប់ផ្តើមវិនិយោគ លំនៅឋានប្រភេទនេះ ហើយគួរជ្រើសរើសទីតាំងនៅជិតទន្លេ ឬសមុទ្រ ហើយមានតម្លៃចន្លោះពី ៥០០០០ ទៅ ២០០០០០ ដុល្លារអាមេរិក។

ទិដ្ឋភាពនៃគម្រោង V Kirirom Resort ថតពីខាងលើ។ រូបថត សហការី
លោកបានអះអាងថា៖ «តម្លៃដែលដាក់ចេញសម្រាប់លំនៅឋានបែបនេះអាស្រ័យលើទីតាំង ទំហំដី គុណភាពសំណង់ និងការរចនាដើម្បីមានភាពទាក់ទាញ ហើយដីលំនៅឋានបែបនេះមិនទាន់មានតម្លៃថ្លៃនៅឡើយទេ ព្រោះវាមិនមែនជាដីសម្រាប់ធ្វើពាណិជ្ជកម្ម»។ លោកបន្តថា៖ «ខ្ញុំអំពាវនាវឲ្យអ្នកមានលទ្ធភាព គួរចាប់ផ្តើមវិនិយោគលំនៅឋានបែបនេះ ព្រោះវាជាឱកាសល្អបើរង់ចាំគេធ្វើច្រើនវានឹងមានភាពប្រកួតប្រជែងកាន់តែខ្លាំង»។
លោក ពុទ្ធី បានបន្តថាដីគួរតែមានទំហំ ៦០០ ម៉ែត្រការ៉េព្រោះបើទំហំដីតូចពេកអាចមានបញ្ហា ព្រោះលំនៅឋានបែបនេះជាលំនៅឋានបែបលម្ហែដែលត្រូវការទីធ្លាល្អ ហេតុនេះអ្នកវិនិយោគគួរតែសិក្សាពីការរៀបចំគម្រោង ទីតាំង និងអតិថិជនគោលដៅរបស់ខ្លួនឲ្យបានច្បាស់។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី បាននិយាយថា សេវាកម្មផ្ទះលម្ហែ ផ្ទះស្នាក់ ឬភូមិស្នាក់ កំពុងមានប្រជាប្រិយភាព និងចាប់ផ្តើមមានការពេញនិយមជាបណ្តើរៗដោយសារប្រជាពលរដ្ឋចាប់ផ្តើមមានជីវភាពសមរម្យ ហើយនិន្នាការស្រឡាញ់ធម្មជាតិបានចាប់ផ្តើម ប៉ុន្តែលោកសំណូមពរឲ្យអ្នកនៅទីក្រុងស្វែងរកសេវាកម្មកម្សាន្តបែបនេះ ដើម្បីឲ្យការវិនិយោគគម្រោងបែបនេះទទួលបានជោគជ័យដោយនិរន្តរភាព និងចូលរួមថែរក្សាធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
លោកមានប្រសាសន៍ថា៖ «ជាមួយគ្នានេះភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនចូលចិត្តរមណីយដ្ឋាន និងផ្ទះលម្ហែកាយបែបនេះ»។ លោកបន្តថា៖ «ប្រជាជនក្នុងស្រុកចាប់ផ្តើមស្រឡាញ់ធម្មជាតិ ព្រោះបើមិនស្រឡាញ់ធម្មជាតិ ពេលបុណ្យទានពួកគេកកកុញនៅទីក្រុងហើយ មិនមែនចេញដើរកម្សាន្តស្ងាត់ទីក្រុងបែបនេះទេ។ ខ្ញុំគិតថាដល់ពេលវិនិយោគគម្រោងបែបនេះហើយ»៕