ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅតែមាន​សុទិដ្ឋិនិយម​សម្រាប់​ឆ្នាំ​ ២០២០ បើទោះបី​មាន​ការរំខាន​ខ្លះ​ពី​បញ្ហា​មួយ​ចំនួន​ពី​ខាងក្រៅ​ក៏ដោយ​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា មិនមាន​សញ្ញា​ណា​បង្ហាញថា វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខ​មាន​បញ្ហា​នោះទេ​។

លោក​បន្តថា ទោះបី​ជា​បច្ចុប្បន្ន​ប្រទេស​ ចិន ​ដែល​ជា​ប្រទេស​មាន​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើនជាងគេ​កំពុង​មាន​ការផ្ទុះ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ក៏ដោយ ក៏​វា​មិនមាន​អ្វី​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ដែរ​។ ​វិស័យ​អចលនទ្រព្យ​ជា​ការវិនិយោគ​រយៈពេល​វែង​។

លោក​ថ្លែងថា​៖ «​វិស័យ​អចលនទ្រព្យ​ខុសពី​វិស័យ​ផ្សេងៗ​ទៀត (​វិស័យ​ទេសចរណ៍​) ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ភ្លាមៗ​នៅពេល​មានការ​ផ្ទុះ​ជំងឺឆ្លង​ណាមួយ​»​។ លោក​បន្តថា​៖ «​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ​គ្រាន់តែ​ជា​បញ្ហា​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ខ្ញុំ​គិតថា​ក្នុង​រយៈពេល​ ២-៣ ​ខែ វា​នឹង​ត្រូវបាន​ដោះស្រាយ​»​។

ទាក់ទង​ទៅនឹង​ដំណើរ​វិវឌ្ឍន៍​នៃ​​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ទីកន្លែង​គេ​ដឹងថា មាន​តម្លៃ​ទិញ-លក់ និង​ជួល ប្រែប្រួល​ច្រើន​កាលពី​ឆ្នាំ​ ២០១៩ លោក សុខនីម បាន​និយាយថា វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។ លោក​ថ្លែងថា​៖ «​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ពេលនេះ​ធៀប​នឹង​ឆ្នាំមុន​មិន​បាន​ធ្លាក់ចុះ​ទេ តែ​អ្វីដែល​ធ្លាក់ចុះ​គឺ​តម្លៃ​ជួល​»​។

នៅក្នុង​វេទិកាសាធារណៈ​ស្តីពី «​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២០» កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នេះ​នឹង​មានការ​ថមថយ​ខ្លះ ដោយសារ​រដ្ឋាភិបាល​សម្រេច​បិទ​ល្បែង​អនឡាញ​កាលពី​ចុង​ឆ្នាំ​ ២០១៩ ដែល​ធ្វើឲ្យ​អ្នកវិនិយោគ​ចិន​មួយ​ចំនួន​បាន​ចាកចេញ​ពី​កម្ពុជា​។

លោក​បនុ្ត​ថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​​ផ្លូវដង្ហើម កូរ៉ូណា បញ្ហា​លើ​ភាពមិន​ច្បាស់លាស់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន-អាមេរិក និង​បញ្ហា EBA សុទ្ធ​តែមាន​ឥទ្ធិពល​សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​។

ទោះយ៉ាងណា​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នេះ គឺ​មិន​អូសបន្លាយ​ពេល​យូរ​ទេ ហើយ​ការធ្លាក់ចុះ​នេះ គឺមាន​កម្រិត​បន្តិចបន្តួច​តែប៉ុណ្ណោះ មិនគួរ​ឲ្យ​មាន​ព្រួយបារម្ភ​ខ្លាំងពេក​ទេ​»​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថា​នៅក្នុង​ឆ្នាំ​ ២០១៩ ក្រសួង​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ដែល​មាន​តម្លៃ​ប្រមាណ ៩ ៣៥៣ ​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​គម្រោង​សាងសង់​សរុប​ ២ ៨៦៧ ​គម្រោង​ដែល​មាន​តម្លៃ​ប្រមាណ ៥ ២២៨ ​លាន​ដុល្លារ កើនឡើង ៧៨,៨៨ ​ភាគរយ​៕LA