
លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Chailin Sear Realty ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍។ ហ៊ឹន ពីសី
ភ្នំពេញ៖ រយៈពេលជាង ១ ឆ្នាំចុង ក្រោយនេះខេត្តកំពតបានក្លាយជាទីតាំងទាក់ទាញសម្រាប់ការវិនិយោគជាពិសេសវិស័យទេសចរណ៍ និងអចលនទ្រព្យ ដែលកំពុងជំរុញដល់កំណើនតម្លៃវិស័យដីធ្លី។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានជួបជាមួយ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Chailin Sear Realty Co., Ltd ដើម្បីពិភាក្សាអំពីដំណើរវិវឌ្ឍន៍នៃវិស័យអចលនទ្រព្យក្នុងខេត្តកំពត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តើស្ថានភាពទូទៅនៅខេត្តកំពតពេលនេះមានការប្រែប្រួលបែបណា បើធៀបនឹង ២-៣ ឆ្នាំមុន?
បើធៀបនឹងស្ថានភាពទូទៅរបស់ខេត្តកំពតកាលពី ២-៣ ឆ្នាំមុនគឺមានការខុសប្លែកគ្នាច្រើនទាំងចំនួនប្រជាជននិងសកម្មភាពសេដ្ឋកិច្ច ដោយបច្ចុប្បន្នខេត្តកំពតទាក់ទាញបាននូវវិនិយោគិនជាច្រើនឲ្យចូលទៅវិនិយោគនៅទីនោះ។
ការវិនិយោគនៅខេត្តកំពតដែលជាតំបន់ឆ្នេរ មានដូចជា គម្រោងសាងសង់សណ្ឋាគារ កាស៊ីណូ កន្លែងកម្សាន្ត ភោជនីយដ្ឋាន លំនៅឋាន រោងចក្រ គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្មជាដើម។ ភាគច្រើននៃគម្រោងទាំងនោះ ត្រូវបាននាំមុខដោយវិនិយោគិនមកពីប្រទេស ចិន អ្នកវិនិយោគក្នុងស្រុក និងជនជាតិកូរ៉េ។
តើអ្វីខ្លះជាសក្តានុពលរបស់ខេត្តកំពត?
ខេត្តកំពតមានសក្តានុពលជាច្រើនដូចជាមានកំពង់ផែសមុទ្រ តំបន់ឆ្នេរជាប់សមុទ្រ តំបន់ភ្នំ តំបន់ទេសចរណ៍ធម្មជាតិ ស្ថានភាពដីមានភាពអំណោយផលសម្រាប់ការដាំដុះ មានព្រំប្រទល់ជាប់ជាមួយប្រទេស វៀតណាម ពិសេសនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។ ទីតាំងភូមិសាស្រ្តបានធ្វើឲ្យខេត្តកំពត មានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការសាងសង់រោងចក្រ ព្រោះនៅមិនឆ្ងាយពីមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (ភ្នំពេញ) និងជិតកំពង់ផែសមុទ្រ។
ពីមុនខេត្តកំពត មិនមានកំពង់ផែសម្រាប់ការចូលចតរបស់កប៉ាល់សមុទ្រធំៗនោះទេ ប៉ុន្តែពេលនេះកប៉ាល់ធំៗ អាចចូលចតបាន ដូច្នេះនឹងមានកប៉ាល់ធំៗចូលផ្ទេរទំនិញនៅខេត្តកំពត ព្រោះការដឹកទំនិញពីកំពតមករាជធានីភ្នំពេញមានចម្ងាយត្រឹមតែជាង ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈចម្ងាយផ្លូវពីកំពង់ផែខេត្តព្រះសីហនុ មកភ្នំពេញជាង ២០០ គីឡូម៉ែត្រ។
តើអ្នកមើលឃើញយ៉ាងណាដែរសម្រាប់វិស័យអចលនទ្រព្យក្នុងខេត្តកំពតក្នុងរយៈពេល ១ ឆ្នាំកន្លងមក?
ស្ថានភាពតម្លៃអចលនទ្រព្យនៅខេត្តកំពតចាប់ផ្តើមប្រែប្រួលខ្លាំងក្នុងរយៈពេលប្រហែល ១ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នការទិញលក់ដីកំពុងមានភាពផុលផុសយ៉ាងខ្លាំងដែលធ្វើឲ្យតម្លៃដីបានកើនឡើងជាបន្តបន្ទាប់។ សម្រាប់ដីនៅតំបន់អភិវឌ្ឍន៍ថ្មី (តំបន់ក្រៅក្រុង) បានកើនឡើងចន្លោះពី ២ ទៅ ៣ ដងបើធៀបនឹងដើមឆ្នាំ ២០១៨ ខណៈតំបន់ក្នុងក្រុងកើនឡើងក្នុងរង្វង់ ១៥ ភាគរយ។
អចលនទ្រព្យនៅតំបន់អភិវឌ្ឍន៍ថ្មី ត្រូវចែកចេញជា ២ គឺដីនៅតំបន់ជាប់ឆ្នេរសមុទ្រ អាចមានតម្លៃចន្លោះពី ៦០ ទៅ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងតំបន់នៅក្បែរជើងភ្នំអាចមានតម្លៃចាប់ពី ៨០ ទៅ ១៥០ ដុល្លារ។ សម្រាប់ដីនៅតំបន់មាត់ព្រែក ពីក្រុងកំពតទៅក្រុងកែប អាចមានតម្លៃចន្លោះពី ១៥០-២៥០ ដុល្លារ។
ចំណែកដីនៅតាមផ្លូវធំៗ មានតម្លៃចន្លោះពី ១,៥០០ ទៅ ២,៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីលំនៅឋានផ្លូវតូចមានតម្លៃចន្លោះពី ៣០០-៥០០ ដុល្លារ។
តើបច្ចុប្បន្នក្នុងខេត្តកំពត មានគម្រោងសាងសង់ធំៗដែរ ឬទេ?
ខ្ញុំមិនទាន់ឃើញមានការសាងសង់សំណង់ធំៗទេនាពេលនេះ ប៉ុន្តែខ្ញុំគិតថា ចាប់ពីដើមឆ្នាំ ២០១៩ ទៅខេត្តកំពតនឹងមានការវិវឌ្ឍលឿនដូចខេត្តព្រះសីហនុ។ ខ្ញុំដឹងថា មានវិនិយោគិនបរទេស ពិសេសជនជាតិចិនជាច្រើនកំពុងនាំគ្នាទៅទិញដីនៅខេត្តកំពត។
គម្រោងធំៗដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយភាគច្រើនជាកន្លែងកម្សាន្ត សណ្ឋាគារ ភោជនីយដ្ឋាន និងកាស៊ីណូជាដើម។ ប្រសិនបើយើងខកខានមិនបានទៅកំពត ៦-៧ ខែយើងប្រាកដជានឹងឃើញមានការផ្លាស់ប្តូរច្រើនជាមិនខាន។ ខ្ញុំអាចនិយាយថា យ៉ាងយូររយៈពេល ២ ឆ្នាំទៀតខេត្តកំពតនឹងមានការអភិវឌ្ឍខ្លាំង។
តើលោកគិតថា តម្លៃអចលនទ្រព្យនៅខេត្តកំពតនឹងបន្តកើនឡើងខ្ពស់ទៀត ឬទេ?
តាមបទពិសោធក្នុងការងារអចលនទ្រព្យក្នុងរយៈពេលជិត ២០ ឆ្នាំខ្ញុំអាចព្យាករថា តម្លៃអចលនទ្រព្យនៅតំបន់អាភិវឌ្ឍន៍ក្នុងខេត្តកំពតអាចនឹងកើនឡើងទេ្វដងបើធៀបនឹងពេលនេះ សម្រាប់រយៈពេល ២-៣ ឆ្នាំខាងមុខ ខណៈខេត្តកំពតអាចនិយាយថានឹងក្លាយជាកន្លែងដឹកជញ្ជូន, តំបន់ទេសចរណ៍ និងជាកន្លែងប្រកបរបរកសិកម្មដ៏សម្បូរបែបនៅកម្ពុជា។
តើការពង្រីកផ្លូវជាតិលេខ ៣ បានរួមចំណែកអ្វីខ្លះដល់វិស័យអចលនទ្រព្យក្នុងខេត្តកំពត?
ការពង្រីកផ្លូវជាតិលេខ ៣ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្លូវនេះអាចនិយាយថា ជាសរសៃឈាមធំសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារ ផ្លូវនេះមានចម្ងាយជិតជាងគេសម្រាប់ការដឹកជញ្ជូនទំនិញពីភ្នំពេញទៅកំពង់ផែសមុទ្រ។ ការពង្រីកនេះមិនត្រឹមតែបង្កភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យតម្លៃអចលនទ្រព្យតាមបណ្តោយផ្លូវនេះកើនឡើងផងដែរ។
បច្ចុប្បន្នដីតាមបណ្តោយផ្លូវជាតិលេខ ៣ ចាប់ពីចោមចៅទៅដល់ទំនប់ ៧ មករា មានតម្លៃចន្លោះពី ៨០ ដុល្លារទៅដល់ ១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចាប់ពីទំនប់ ៧ មករា ទៅដល់អង្គតាសោមអាចមានតម្លៃពី ២០ ទៅដល់ ៨០ ដុល្លារនិងពីអង្គតាសោមដល់ក្បែរខេត្តកំពត(ដីធំៗ) អាចមានតម្លៃក្នុងរង្វង់ក្រោម ២០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ៕LA