សិង្ហបុរីៈ អ្នកទិញ​អចលនទ្រព្យ​តាម​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ដែល​គ្មាន​លទ្ធភាព​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា​ជាក់ស្តែង ដោយសារ​ការរីក​រាលដាល​កូវីដ​១៩ ពេលនេះ​បាន​ធូរស្រាល​បណ្តោះអាសន្ន​ពី​ផ្លូវច្បាប់​។

ច្បាប់​កូវីដ​ ១៩ (​វិធានការ​បណ្តោះអាសន្ន​) ​ត្រូវបាន​ពង្រីក​វិសាលភាព​គ្របដណ្តប់​នូវ​ជម្រើស​ទិញ​ (OTP) និង កិច្ចព្រមព្រៀង​លក់ និង​ទិញ រវាង​អ្នកអភិវឌ្ឍន៍ និង​អ្នកទិញ​នៅ​ទីតាំង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ ការផ្លាស់ប្តូរ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​សុក្រ ទី​ ៩ ខែតុលា​។

ច្បាប់​នេះ​ក៏បាន​គ្របដណ្តប់ OTP និង​កិច្ចព្រមព្រៀង​លក់-ទិញ ឬក៏​កិច្ចព្រមព្រៀង​សម្រាប់​ភតិសន្យា​ជាមួយ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ផងដែរ​។

រយៈពេល​នៃ​ការបន្ធូរបន្ថយ​ដែល​ពីដំបូង​ឡើយ​មាន​រយៈពេល​ពីថ្ងៃ​ទី​ ២០ ​ខែមេសា​ ដល់​ថ្ងៃទី​ ១៩ ខែតុលា​ សម្រាប់​អ្នកទិញ​ផ្ទះ និង​អ្នក​អភិវឌ្ឍន៍​បាន​ពង្រីក​ដល់​ទៅ​ថ្ងៃទី​ ៣១ ខែធ្នូ​។ ដូចគ្នា​នេះ​ដែរ រយៈពេល​បន្ធូរបន្ថយ​សម្រាប់​អ្នក​ទិញ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នឹង​ផុត​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ​។

ក្រសួង​អភិវឌ្ឍន៍​ជាតិ (MND) បាន​ឱ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ខ្លួន​ពិចារណា​ចំពោះ​ការផ្តល់​យោបល់​ពី​អ្នកទិញ និង​អ្នក​អភិវឌ្ឍន៍​នៃ​អចលនទ្រព្យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ពង្រីក​ការបន្ធូរបន្ថយ​ដើម្បី​ធានា​ភាពស្មើគ្នា​ក្នុង​ការ​ទទួល​បាន​។

រឿងនេះ​មានបំណង​ជួយ​អ្នកទិញ​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​ចំពោះ​អចលនទ្រព្យ​លំនៅឋាន ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដែល​គេ​ប្តេជ្ញាចិត្ត​ទិញ​រួចហើយ​។

ក្រសួង​នីតិកម្ម MinLaw បាន​ឱ្យ​ដឹងថា ការពង្រីក​រយៈពេល​កាន់តែ​យូរ​ដល់​ការបន្ធូរបន្ថយ​បាន​ផ្តល់​សម្រាប់​លក្ខណវិនិច្ឆ័យ​ច្បាស់លាស់​នៃ​កិច្ចសន្យា រួមទាំង OTP និង​កិច្ចព្រមព្រៀង​លក់​ទិញ​ជាមួយ​អ្នក​អភិវឌ្ឍន៍ ពេល​ដែល​រឿងនេះ​បន្ត​ប្រឈម​ភាពមិន​ច្បាស់លាស់​ជាក់ស្តែង​។

MinLaw លើកឡើង​ថា​៖ «​ការពង្រីក​រយៈពេល​នឹង​ជួយ​អ្នកទិញ​...​ដែល​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​ទូទាត់ ជាពិសេស​អ្នក​ដែល​បង់​ទៅ​អ្នក​អភិវឌ្ឍន៍​ផ្ទាល់​ដោយ​មិនបាន​យក​កម្ចី​ពី​ធនាគារ ដោយ​មាន​ផលប៉ះពាល់​តិចតួច ចំពោះ​លំហូរ​សាច់ប្រាក់​របស់​អ្នក​អភិវឌ្ឍន៍​»​។

អ្នកស្រី Tricia Song ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ Colliers International បាន​ហៅ​ការពន្យារពេល​នៃ​ការបន្ធូរបន្ថយ​ថា «​វិជ្ជមាន​មធ្យម​ប៉ុន្តែ​ត្រូវបាន​រំពឹងទុក​» បន្ទាប់ពី​អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ត្រូវបាន​ផ្តល់​រយៈពេល ៦ ​ខែ​បន្ថែម​ដើម្បី​បញ្ចប់​ការសាងសង់​។

អ្នកស្រី​និយាយ​ថា​៖ «​ការពន្យារពេល​ប្រហែល​មាន​មធ្យោបាយ​ខ្លះ​ដើម្បី​ជួយ​អ្នកទិញ​លំនៅឋាន ដែល​មាន​លក្ខណសម្បត្តិ​សម្រាប់​ការបន្ធូរបន្ថយ ពេល​លក្ខខណ្ឌ​សេដ្ឋកិច្ច​របស់​ពួកគេ ប្រហែល​មិន​ប្រសើរ​ឡើង ប្រសិន​បើ​លក្ខខណ្ឌ​កូវីដ​១៩​នៅតែ​បន្ត​»​។

អ្នកស្រី​បន្ថែមថា​៖ «​សម្រាប់​អ្នក​អភិវឌ្ឍន៍​លំនៅឋាន គម្លាត​ហិរញ្ញវត្ថុ​ណា​ ១ ​បណ្តាល​មកពី​ការពន្យារពេល​ដល់​អ្នក​អ្នកទិញ​ផ្ទះ គួរតែ​ត្រូវបាន​កាត់បន្ថយ​»​ត្រឹម​ ៦ ​ខែ​បន្ថែម ដែល​ពួកគេ​ត្រូវតែ​បញ្ចប់​ការសាងសង់​។

ស្ថិតក្រោម​ច្បាប់​នេះ អ្នកទិញ​ប្រហែល​ផ្តល់​ដំណឹង​សម្រាប់​ការបន្ធូរបន្ថយ​ដល់​អ្នក​អភិវឌ្ឍន៍​។ រឿងនេះ​បាន​ទប់ស្កាត់​អ្នក​អភិវឌ្ឍន៍​អំឡុងពេល​បន្ធូរបន្ថយ​ពី​ការកាត់​ទុក ឬ​ដកហូត​ផ្នែក​ណា​ ១ ​នៃ​ថ្លៃ​កក់​ដែល​បាន​បង់​ក្រោម OTP ឬ​ពី​ការបញ្ចប់​កិច្ចព្រមព្រៀង​ប្រសិនបើ​អ្នកទិញ​មិនអាច​បង់ប្រាក់​។

អ្នក​អភិវឌ្ឍន៍​ក៏​អាច​ផ្តល់ដំណឹង​សម្រាប់​ការពន្យារពេល​ដល់​អ្នក​ទិញ​ដែល​ស្វែងរក​ការការពារ​បណ្តោះអាសន្ន​ពី​ការប្តឹង អំឡុង​ពេល​បន្ធូរបន្ថយ ប្រសិន​បើ​វា​មិនអាច​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា ដោយសារ​ការរីករាលដាល​។

ភាគី​នៅក្នុង​ OTP ​ត្រូវតែ​ជូនដំណឹង​សម្រាប់​ការបន្ធូរបន្ថយ​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ​។ ពេលដែល​ការជូនដំណឹង​ត្រូវបាន​ផ្តល់​អ្នក​អភិវឌ្ឍន៍​មិនអាច​ដំឡើង​អត្រា​ការប្រាក់​ជា​ឯកតោភាគី​បានឡើយ ឬ​ដាក់​ការគិតថ្លៃ​ថ្មី​លើ​ការទូទាត់​យឺត​ជាង​អ្វីដែល​បាន​ផ្តល់​ក្នុង​កិច្ចព្រមព្រៀង​លក់​ និង​ទិញ​ឡើយ ហើយ​អត្រា​ទូទាត់​ ឬ​ក៏​ការគិតថ្លៃ​ក្រោម​កិច្ចព្រមព្រៀង​លក់​ និង​ទិញ​នឹង​ត្រូវ​បានគិត​ ៥ ​ភាគរយ​នៃ​អត្រា​ការប្រាក់​ធម្មតា​ក្នុង​ ១ ​ឆ្នាំ​។

ប្រសិនបើ​ភាគី​ណា​ ១ ​មិនអាច​បំពេញ​តាម​កិច្ចព្រមព្រៀង សូម្បី​បន្ទាប់ពី​ការជូនដំណឹង​សម្រាប់​ការបន្ធួរបន្ថយ​ដែល​ត្រូវបាន​ផ្តល់ជូន ពួកគេ​អាច​ស្នើសុំ​ការត្រួតពិនិត្យ​របស់​អ្នកវាយតម្លៃ​។

ពាក្យសុំ OTP ​ត្រូវតែ​ដាក់ជូន​ត្រឹម​ថ្ងៃទី​ ២៨ ខែ កុម្ភៈ ឆ្នាំ​ ២០២១ និង​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ​ សម្រាប់​កិច្ចព្រមព្រៀង​លក់ និង​ទិញ​៕ Straitstimes_ANN/RR