The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ទីក្រុង ប្រឈម​កង្វះ​លទ្ធភាព​ទិញ​ផ្ទះ

អ្នក​ទីក្រុង ប្រឈម​កង្វះ​លទ្ធភាព​ទិញ​ផ្ទះ

Content image - Phnom Penh Post
គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​នៅ​បុរី​មួយ ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៣ នា​ពេល​កន្លង​មក​។ រូបថត ហ៊ឹន ពីសី

អ្នក​ទីក្រុង ប្រឈម​កង្វះ​លទ្ធភាព​ទិញ​ផ្ទះ

ភ្នំពេញៈ ការ​អភិវឌ្ឍ​លំនៅឋាន​​នៅ​ទីក្រុង​ភ្នំពេញ​បាន​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ជាមួយ​​នឹង​តម្លៃ​កាន់​តែ​​ខ្ពស់ ​ដែល​អ្នក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​លទ្ធភាព​ទទួល​បាន​លំនៅឋាន​​​របស់​អ្នក​មាន​ចំណូល​​​មធ្យម និង​​ទាប​​នៅ​ពេល​ខាង​មុខ​។

របាយការណ៍​​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម ​និង​សំណង់ ​​បង្ហាញ​ថា ​នៅ​ឆមាស​ទី១ ​​ឆ្នាំ ​២០១៩​ គម្រោង​សាងសង់​ជាង​ ២ ០០០ គម្រោង ​ត្រូវ​បាន​អនុម័ត ​ដែល​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ក្នុង​វិស័យ​សំណង់​នៅ​​កម្ពុជា​។

លោក​ គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ KW Cambodia ​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​លំនៅឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ឥត​ឈប់​ ដែល​ជា​សញ្ញា​មួយ​បញ្ជូន​ទៅ​​​អ្នក​មាន​ចំណូល​មធ្យម និង​ទាប​រួម​មាន​មន្ត្រី​រាជការ​ជា​ដើម​មិន​អាច​មាន​​លទ្ធភាព​ទិញ​ផ្ទះ​សម្រាប់​អនាគត​របស់​ពួក​គេ​។

តាម​លោក ​គីម ​ហ៊ាង ​បញ្ហា​បាន​ចាប់​ផ្តើម​មើល​ឃើញ​ជា​បណ្តើរៗ​ហើយ​។ ​លោក​ថ្លែង​ថា​​៖ «ឥឡូវ​កំពុង​មាន​បញ្ហា​ហើយ​ មិន​ចំា​ដល់​អនាគត​ទេ ​មាន​ផ្ទះ​ជា​ច្រើន​តែ​​អត់​មាន​មនុស្ស​​​នៅ​ ខណៈ​មាន​មនុស្ស​ជា​ច្រើន​អត់​មាន​លទ្ធភាព​ទិញ​ផ្ទះ​នៅ​ទៅ​វិញ​​​»។ ​លោក​បន្ត​ថា៖ «នេះ​មាន​ន័យ​ថា ពួក​អ្នក​មាន​លុយ​បាន​ទិញ​ផ្ទះ​ទុក​ ពួក​គេ​មាន​ផ្ទះ​ជា​ច្រើន​​ចាក់សោ​ចោល​ មាន​មនុស្ស​ជា​ច្រើន​​​អត់​​មាន​លទ្ធភាព ​ដោយសារ​ផ្ទះ​​ចេះ​តែ​ឡើង​ថ្លៃ​​»។​

លោក​បន្ត​ថា​ តម្លៃ​ផ្ទះ​បច្ចុប្បន្ន​​នៅ​ជាយ​ក្រុង​ទាប​​បំផុត​ក៏​ជាង​​ ៤ ​​​ម៉ឺន​ដុល្លារ​ដែរ​ ដែល​តម្លៃ​នេះ​នៅ​តែ​ខ្ពស់​សម្រាប់​​បុគ្គលិក​មន្ត្រី​​រាជ​ការ​ និង​អ្នក​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​​សេវាកម្ម​ ដែល​មាន​​ចំណូល​​ពី ​២៥០ ​​ដុល្លារ​ទៅ ​៥០០ ​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង ​១ ​ខែ។​

បច្ចុប្បន្ន​តម្លៃ​ផ្ទះ​បុរី​នៅ​ទីក្រុង​ភ្នំពេញ​​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ឯកជន​​មាន​តម្លៃ​ជា​មធ្យម​ចន្លោះពី ​​៧ ​ម៉ឺន ​​​ដល់​ជាង ​១០ ​ម៉ឺន​ដុល្លារ ខណៈ​ប្រភេទ​វីឡា​មាន​តម្លៃ​​ពី​ជាង​ ​២០ ​ម៉ឺន ​​ទៅ ​៣០ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ។​

លោក​ សន​ សៀប ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ ​Key Real Estate Co.,Ltd ​បាន​ឲ្យ​​ដឹង​ថា គោល​នយោបាយ​​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​​​​លំនៅឋាន​​តម្លៃ​សមរម្យ​​​នៅ​ជាយ​ក្រុង​​ភ្នំពេញ​ជា​ដំណោះស្រាយ​មួយ​សម្រាប់​អ្នក​មាន​ចំណូល​ទាប និង​មធ្យម​​។ លោក​ថ្លែង​ថា​​៖ «ជា​ដំណោះស្រាយ​ រដ្ឋ​គួរ​តែ​អភិវឌ្ឍ​​​លំនៅឋាន​នៅ​តំបន់​ជាយ​​​ក្រុង​ឲ្យ​បាន​ច្រើន​ ​ព្រោះ​ដី​នៅ​ជាយ​ក្រុង​នៅ​មាន​តម្លៃ​ទាប​​​នៅ​ឡើយ​​»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ លោក ​សន ​សៀប ​សង្កេត​ឃើញ​ថា ​បច្ចុប្បន្ន​​លំនៅឋាន​នៅ​តាម​បុរី​មាន​តម្លៃ ​១០ ម៉ឺន​ដុល្លារ ​​​ក៏​លក់​​ដាច់​ច្រើន​ដែរ​។ លោក​​និយាយ​ថា​៖ «យើង​គិត​ទៅ​អ្នក​មាន​លទ្ធភាព​ទិញ​ផ្ទះ​តម្លៃ ​១០ ​ម៉ឺន​ដុល្លារ មាន​លទ្ធភាព​ច្រើន​ គេ​ទិញ​សម្រាប់​រស់នៅ​ផង​ ទិញ​សម្រាប់​ជួល​ផង​ ព្រោះ​បុរី​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ ​ទឹក​ ភ្លើង ​ផ្លូវ ​លូ​ ហើយ​មាន​សន្តិសុខ​សុវត្ថិភាព​​ទៀត​»។

សម្រាប់​​លោក​ គីម ហ៊ាង​ យល់​​ថា ​​រដ្ឋាភិបាល​គួរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​លំនៅឋាន​មាន​តម្លៃ​សមរម្យ​នៅ​លើ​ដី​រដ្ឋ​ ដោយ​​​​ធ្វើ​ការ​ដេញ​​ថ្លៃ​គម្រោង​​វិនិយោគ​​​ជា​​​បើក​ចំហ​ និង​តម្លាភាព​។ លោក​ថ្លែង​ថា៖ «ទស្សនៈ​របស់​ខ្ញុំ​ រដ្ឋ​មិន​គួរ​លក់​ដី​សាធារណៈ​ទៅ​ឲ្យ​ឯកជន​ទេ រដ្ឋ​គួរ​ឲ្យ​វិស័យ​ឯកជន​ធ្វើ​ការ​ដេញ​ថ្លៃ​គម្រោង​ដី​ជា​ផែនការ​មេ​ ​កុំ​ឲ្យ​មាន​ការ​អន្តរាគមន៍ កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​ នោះ​ទើប​ប្រជាជន​ទូទៅ​ និង​មន្ត្រី​រាជការ ​​ទទួល​បាន​ផល​ប្រយោជន៍​​ពិត​​ប្រាកដ​​ បើ​មិន​អ៊ីចឹង​​​ទេ​អ្នក​ទទួល​ផល​ប្រយោជន៍​មាន​តែ​មនុស្ស​បួន​ដប់​នាក់​ប៉ុណ្ណោះ​​»​។

លោក​បន្ត​ថា​៖ ​«ខ្ញុំ​មាន​អតិថិជន​​ជា​ច្រើន​ជា​ជន​បរទេស​មក​ពី​​​​ចិន កូរ៉េ​ខាង​ត្បូង​ និង​សិង្ហបុរី​ ពួក​គេ​មិន​ចង់​ទិញ​ដី ឬ​គាត់​​មិន​អាច​ទិញ​ដី​បាន​ទេ ​តែ​គាត់​មាន​លុយ​សាងសង់​ គាត់​​ចង់​សហការ​ជាមួយ​រដ្ឋ​ ដោយសារ​រដ្ឋ​មាន​​ដី មាន​​ន័យ​ថា រដ្ឋ​ចេញ​ដី ក្រុមហ៊ុន​ចេញ​លុយ​សាងសង់​ លក់​ក្នុង​តម្លៃ​សមរម្យ»។​

គម្រោង​រដ្ឋាភិបាល​

បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចំនួន ​៣ ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ គឺ​ទី​១​ គម្រោង​របស់​ក្រុមហ៊ុន​ Worldbridge Land ​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ទី​២ គម្រោង​របស់​ក្រុមហ៊ុន Bun Ches Group ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៥ ក្នុង​ខណ្ឌ​ព្រែកព្នៅ និង​ទី​ ​៣ ​គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់នៅ​រួម​​​របស់​ក្រុមហ៊ុន​ជប៉ុន ​Arakawa ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​។

គម្រោង​ទាំង​ ​៣ ​នេះ​បច្ចុប្បន្ន​​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាងសង់​នៅ​ឡើយ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​​ក្រុមហ៊ុន ​Worldbridge Homes ​លោក យក់ ​សុធីរិទ្ធ​ ដែល​កំពុង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​​សមរម្យ បាន​ឲ្យ​ដឹង​ថា​ គម្រោង​លំនៅឋាន​នេះ​បាន​​សាងសង់​ផែនការ​​ជំហាន​ទី១​ បាន​ប្រមាណ ​៧០​ ភាគរយ​ហើយ ​​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​​ឆ្នាំ ២០២០​។

លោក​បញ្ជាក់​ថា៖​ «​គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​នឹង​​ចូលរួម​អនុវត្តគោល​នយោបាយ​​កាត់​បន្ថយ​ភាព​ក្រីក្រ គំាទ្រ​​​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​​គោល​នយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​ ហើយ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ទី​១​ នៅ​កម្ពុជា​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​​សង្គម»។

តាម​លោក​ យក់ ​សុធីរិទ្ធ​ ក្រុមហ៊ុន​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ ២៥ ០០០ ដុល្លារ ដោយ​​គ្មាន​ប្រាក់​កក់​ និង​បង់​រំលស់​គ្មាន​​ការ​ប្រាក់​រយៈពេល​ ២ ឆ្នាំ។

លោក​ បេង​ហុង​ សុជាតិ​ខេមរ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​​ទៅ​នឹង​គម្រោង​ផ្សេង​ទៀត ​ដោយ​​បង្វែរ​ឲ្យ​សួរ​អ្នក​នាំាពាក្យ​ក្រសួង។​

លោក ​សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម​ និង​សំណង់​ មិន​​អាច​ទាក់ទង​សុំ​ព័ត៌មាន​លម្អិត​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក៕ LA

អត្ថបទគួរចាប់អារម្មណ៍