ជា​ខេត្ត​បង្កើត​ក្រោយ​គេ ទីក្រុង​នៃ​ខេត្ត​ត្បូងឃ្មុំ​រហូត​មក​ដល់​ពេល​នេះ​ហាក់​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​ធំៗ​ណា​មួយ​ចូលទៅ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ប្រែ​ក្លាយ​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្តាល​ព្រៃ​ចម្ការ​ម៉ៃសាក់​នេះ​ឲ្យ​សម​ជា​ទីក្រុង​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​រស់​រវើក​នៅ​ឡើយ​ទេ​។

អ្នកវិនិយោគ​គម្រោង​ពុះ​ដីឡូត៍​លក់ «​ភូមិឋាន​សុភមង្គល​» ដែល​មាន​ផ្ទៃដី​ ២០ ​ហិកតា​លោក វេង ស៊ីគួរ បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា​លោក​មាន​ផែនការ​ចង់​សាងសង់​លំនៅឋាន​សម្រាប់​លក់​នៅក្នុង​ទីក្រុង​ថ្មី​នេះ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ៣ ​ទៅ​ ៤ ​ម៉ឺន​ដុល្លារ តែ​នៅ​ពេល​នេះ​ការសាងសង់​មិន​ទាន់​អាច​ដំណើរការ​ទៅ​មុខ​បាន​ទេ ព្រោះ​ប្រជាជន​មិនទាន់​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​នោះ​ដោយ​ពួកគេ​កំពុង​រង់ចាំ​មើល​ពី​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​សំណាក់​អាជ្ញាធរ​ជា​មុន​សិន​។

លោក​មាន​ប្រសាសន៍​ថា៖ «​ក្នុង​ស្ថានភាព​បែប​នេះ​បើ​រាជរដ្ឋាភិបាល​បោះដៃ​មុន​តាមរយៈ​ការបង្កើត​ផ្សារ និង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​លក់​នោះ​នឹង​អាច​មាន​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​វិនិយោគ​តាម​ក្រោយ​ជា​មិនខាន ព្រោះ​បើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​ភ្លាម ពួកគេ​នឹង​មិន​ហ៊ាន​ចំណាយ​ទុន​ធំ​នោះ​ទេ ដោយសារ​ពួកគេ​ខ្លាច​ខាតបង់​»​។

លោក​បន្ត​ថា៖ «​អ្វី​សំខាន់​នាពេល​នេះ​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ដើរ​ជា​មុន ប៉ុន្តែ​បើ​ទុក​ស្ថានភាព​ឲ្យ​នៅ​បែប​នេះ​គឺ​ប្រជាជន​នឹង​មិន​ចូល​ទៅ​រស់នៅ​ទីក្រុង​ថ្មី​នេះ​ទេ ព្រោះ​ពួកគេ​សុទ្ធ​តែ​រង់ចាំ​មើល​គ្នា​ទៅវិញ​ទៅមក​»​។

លោក ស៊ីគួរ បាន​ប្រាប់​ទៀត​ថា​គម្រោង​ពុះ​ដីឡូត៍​លក់​របស់​លោក​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០០-៩០០០ ​ដុល្លារ​ក្នុង​ ១ ​ឡូត៍​ដែល​អតិថិជន​ភាគច្រើន​មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​ខេត្ត​នេះ​ទេ​។ ពួកគេ​ជា​អ្នកស្រុក​រស់នៅ​តំបន់​ជិតៗ​នោះ ដែល​មាន​បំណង​ចង់​ចូល​មក​រស់នៅក្នុង​ទីក្រុង​ថ្មី ត្បូងឃ្មុំ​។

ត្បូងឃ្មុំ គឺជា​ក្រុង​គំរូ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ប្លង់​មេ​របស់​វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ទីក្រុង​នេះ​មាន​ការ​រៀបចំ​ប្លង់គោល​បែងចែក​តំបន់​ពាណិជ្ជកម្ម​តំបន់​លំនៅឋាន និង​តំបន់​រដ្ឋបាល ពិសេស​ទី​នោះ​មាន​ការ​រៀបចំ​បែងចែក​ប្រព័ន្ធ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដាច់​ពី​គ្នា​ទៀត​ផង​។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន Huttons CPL ដែល​បាន​ចុះ​សិក្សា​ពី​សក្តានុពល​របស់​ខេត្ត​ត្បូងឃ្មុំ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ថ្លែង​ថា​ត្បូងឃ្មុំ​ជា​ទី​ក្រុង​ពិសេស​មួយ​ដែល​មាន​ការរៀបចំ​ប្លង់គោល​បែងចែក​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​ទទួល​បាន​ជោគជ័យ និង​ជាការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ដោយសារ​វា​ជា​ខេត្ត​ថ្មី ទើប​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ធំៗ​ចូល​ទៅ​វិនិយោគ​សាងសង់​ផ្សារ ឬ​បុរី​នៅ​ឡើយ​ទេ​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា​នាពេល​អនាគត​ទីក្រុង​នេះ​នឹង​មាន​ការរីកចម្រើន​លឿន​ដែល​ស័ក្តិសម​ជា​ទីក្រុង​គំរូ​មួយ​នៅ​កម្ពុជា ព្រោះ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីក្រុង​អាច​និយាយ​ថា​មាន​ភាព​ល្អប្រសើរ​»​។

លោក​ឧកញ៉ា​បន្ត​ថា​ទោះ​ជា​យ៉ាង​ណា​បច្ចុប្បន្ន​យើង​ឃើញ​មាន​សកម្មភាព​ពុះ​ដីឡូត៍​លក់​កើត​មាន​ច្រើន​នៅ​ជុំវិញ​ទីក្រុង​ថ្មី​នេះ​ដែល​លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​គួរ​មាន​ការ​គ្រប់គ្រង​សកម្មភាព​ពុះ​ដីឡូត៍​លក់​មាន​ការ​គ្រប់គ្រង និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាស់លាស់​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្លូវ លូ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​ដើម្បី​កុំ​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់ និង​តំបន់​នោះ​មិន​អាច​អភិវឌ្ឍ​បាន​ល្អ​ប្រសើរ​នាពេល​ខាង​មុខ​។

ក្រុមហ៊ុន លី ហួរ គ្រុប ក៏​គ្រោង​នឹង​សាងសង់​ផ្សារ និង​លំនៅឋាន​នៅក្នុង​ទីក្រុង​ថ្មី​នេះ​ផង​ដែរ​នាពេល​អនាគត​។

លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប បាន​និយាយ​ថា​លោក​មាន​គម្រោង​វិនិយោគ​ផ្សារ និង​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​ត្បូងឃ្មុំ​បន្ទាប់ពី​ការបោះឆ្នោត​រួច ប៉ុន្តែ​គម្រោង​នេះ​នឹង​ដំណើរការ ឬ​អត់​ មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​ទាមទារ​ការសិក្សា​ច្បាស់លាស់​សិន​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា៖ «​ខ្ញុំ​មាន​ដី​សម្រាប់​អភិវឌ្ឍន៍​គម្រោង​នេះ​រួច​ហើយ ហេតុ​នេះ​ការអភិវឌ្ឍ​នៅពេល​ណា​រង់ចាំ​តែ​ពេលវេលា និង​ស្ថានភាព​ទីផ្សារ​អំណោយផល ឬ​អត់​តែ​ប៉ុណ្ណោះ​»​។

ក្រុង​ត្បូងឃ្មុំ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​ស្រុក​ពញាក្រែក ស្រុក​តំបែរ និង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ ខេត្ត​ត្បូងឃ្មុំ មាន​ស្រុក​ចំនួន​ ៦ និង​ក្រុង​ ១ ​ជា​ចំណុះ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ ១ ​លាន​នាក់​។

លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

លោក​បណ្ឌិត បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​អ្នក​គូរ​ប្លង់ និង​រៀបចំ​ប្លង់គោល​សម្រាប់​ទីក្រុង​នេះ​បាន​ប្រាប់​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​វិនិយោគ​នៅ​ទីក្រុង​ថ្មី​នេះ​៕