អ្នកវិនិយោគ និងអ្នកជំនាញបានអះអាងថា ការទិញលក់លំនៅឋាននៅតាមបុរី និងសំណង់ផ្ទះល្វែងនាពេលនេះគឺមានភាពល្អប្រសើរ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះវាជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក៏ដោយ។
អគ្គនាយកក្រុមហ៊ុន TOWN CITY Real Estate លោក វ៉ន ចាន់ថន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការលក់លំនៅឋាននៅតាមបុរី និងសំណង់នានាបានបន្តកើនឡើងល្អប្រសើរ ព្រោះបើសិនជាលក់មិនចេញមិនមានគម្រោងថ្មីៗកើតឡើងជាបន្តបន្ទាប់ស្របពេលដែលបុរីធំៗកំពុងពង្រីកការសាងសង់របស់ខ្លួនបន្ថែមទៀត។ លោកបានបន្តថាប្រជាជនកើនឡើងនៅរាជធានីភ្នំពេញជាប្រចាំហេតុនេះតម្រូវការលំនៅឋានក៏កើនឡើងព្រមគ្នាផងដែរ។
លោកបានអះអាងថា៖ «កំណើនជីវភាពប្រជាពលរដ្ឋកំណើនប្រជាសាស្ត្រ ពិតជារួមចំណែកធ្វើឲ្យទីផ្សារបុរីនានាកាន់តែមានសញ្ញាវិជ្ជមាន»។
យោងតាមការសិក្សារបស់ក្រុមហ៊ុន VTrust Appraisal បានឲ្យដឹងថា គិតចាប់ពីឆ្នាំ ២០០០ រហូតដល់ដំណាច់ឆ្នាំ ២០១៧ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍បុរី និងសំណង់លំនៅឋានជាង ៥០០ គម្រោងដែលស្មើនឹងផ្ទះសង់ថ្មីសរុបប្រហែល ១២៥០០០ ខ្នងផ្ទះ។ ដោយឡែកនៅឆ្នាំ ២០១៨ មានផ្ទះចំនួន ១៣០០០ ខ្នងបានសាងសង់ និងលក់ចេញប្រមាណ ៨០ ភាគរយ។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal បានប្រាប់ថា បើធៀបរវាងឆ្នាំ ២០១៧ និងឆ្នាំ ២០១៦ ឃើញថាការលក់លំនៅឋានមានភាពប្រសើរក្នុងឆ្នាំ ២០១៧ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៨ នេះក្រុមហ៊ុនរបស់លោកនៅមិនទាន់បានសិក្សានៅឡើយទេ ប៉ុន្តែបើតាមការសាកសួរម្ចាស់គម្រោងមួយចំនួនឃើញថាលំនៅឋាននៅតែមានការអភិវឌ្ឍថ្មីៗជាច្រើនទៀត ហើយការលក់មានភាពល្អប្រសើរផងដែរ។
លោកបានអះអាងថា៖ «ស្ថានភាពនៃការលក់ជាក់ស្តែងនាឆ្នាំនេះគឺកំពុងកើនឡើង ប៉ុន្តែបើសួរថា កើនឡើងប៉ុន្មានភាគរយនោះយើងមិនទាន់អាចនិយាយបាននៅឡើយទេ»។
ប្រធានគ្រប់គ្រងទូទៅនៃបុរីរិទ្ធ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩៨ អ្នកនាង ស៊ូ ហ្វាង បានឲ្យដឹងថាការលក់លំនៅឋានរបស់បុរីរិទ្ធនៅតែមានកំណើនល្អប្រសើរ បើទោះជាឆ្នាំបោះឆ្នោតក្តី តែយើងមិនឃើញមានសញ្ញាណាមួយដែលបង្ហាញពីការលក់ធ្លាក់ចុះនោះទេ។ អ្នកនាងបានបន្តថា នៅពេលខាងមុខឆាប់ៗនេះក្រុមហ៊ុនក៏គ្រោងនឹងចាប់ផ្តើមអភិវឌ្ឍគម្រោងថ្មីទៀតផង។
អ្នកនាងនិយាយថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍បុរីរិទ្ធនឹងចាប់ផ្តើមគម្រោងថ្មីទៀតនៅលើផ្ទៃដីចន្លោះពី ៦ ទៅ ៧ ហិកតានៅក្រោយការបោះឆ្នោតជាតិខាងមុខនេះ»។
បើតាមអ្នកជំនាញវិស័យអចលនទ្រព្យ សំណង់លំនៅឋានដែលមានតម្លៃចន្លោះពីជាង ៣០០០០ ដុល្លារទៅ ៦០០០០ ដុល្លារគឺកំពុងមានទីផ្សារល្អជាងគេ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា ទីផ្សារបុរីតាមការវាយតម្លៃរបស់លោកនៅតែល្អប្រសើរ ព្រោះអ្នកពូកែនៅតែពូកែ អ្នកមានឈ្មោះល្បីនៅតែទទួលបានជោគជ័យដោយសារទទួលបានទំនុកចិត្តពីអតិថិជន ប៉ុន្តែអ្នកធ្វើមិនបានគិតពីគុណភាព និងមិនយកចិត្តទុកដាក់នឹងបរាជ័យ។
លោកមានប្រសាសន៍ថា៖ «នេះជារឿងធម្មតាក្នុងយន្តការទីផ្សាសេរី បើអ្នកមិនយកចិត្តទុកដាក់ អ្នកខ្សោយ អ្នកនឹងបរាជ័យហើយ»។ លោកបានបន្តថា៖ «នៅឆ្នាំនេះការសាងសង់បុរី និងលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារច្រើនមែនទែន ប៉ុន្តែតម្លៃលំនៅឋានបានងាកមកកាន់អ្នកមានជីវភាពមធ្យមច្រើនជាងមុន»។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាម្ចាស់គម្រោងអភិវឌ្ឍន៍បុរីវិមានភ្នំពេញបានថ្លែងថាការអភិវឌ្ឍ និងសាងសង់លំនៅឋានថ្មីៗទាំងសំណង់ផ្ទះល្វែង និងខុនដូនៅតែមានភាពល្អប្រសើរ ហើយការលក់ក៏នៅតែធម្មតាដែរ ដោយមិនមានសញ្ញាណាមួយលើសតម្រូវការនោះទេ ខណៈដែលការចូលមកដល់នៃអ្នកវិនិយោគចិនកាន់តែច្រើន បានធ្វើឲ្យវិស័យនេះបន្តរីកចម្រើននៅទូទាំងប្រទេស។
លោកបន្តថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍយ៉ាងលឿននេះ យើងក៏មានបញ្ហាប្រឈមផងដែរ ដោយសារបច្ចុប្បន្នជាងមានបច្ចេកទេសជំនាញ និងកម្មករក្នុងវិស័យសំណង់កំពុងប្រឈមការខ្វះខាត។
លោកឧកញ៉ាបានថ្លែងថា៖ «បើធៀបនឹងឆ្នាំមុន ចំនួនបុរីក្នុងស្រុកមិនកើនឡើងនោះទេ ប៉ុន្តែបើគិតពីការវិនិយោគក្នុងវិស័យនេះទូទាំងប្រទេសមានការកើនឡើង ដោយសារកំណើននៃការវិនិយោគពីអ្នកវិនិយោគអន្តរជាតិនានា»៕