ក្រុងហ្សាការតាៈ ខណៈ​ធនាគារ​កណ្ដាល​ឥណ្ឌូនេស៊ី​ដំឡើង​អត្រា​ការប្រាក់ ដើម្បី​ការពារ​រូបិយប័ណ្ណ​ដែល​ផុយស្រួយ​របស់​ខ្លួន​លោក Perry Warjiyo ទេសាភិបាល​ធនាគារ​កណ្តាល​កំពុង​ពឹង​ផ្អែក​ទៅ​លើ​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ​ដែល​មាន​ដំណើរការ​យឺត ដើម្បី​ជួយ​រក្សា​សម្ទុះ​កំណើន​សេដ្ឋកិច្ច​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

កាលពី ៥ ឆ្នាំ​មុន​តម្លៃ​ផ្ទះលែ្វង​ប្រណីត​នៅ​ឥណ្ឌូនេស៊ី​បាន​កើនឡើង​ខ្ពស់​ក្នុង​គ្រា​តម្លៃ​ទំនិញ​កើនឡើង​ដែល​បាន​មើលឃើញ​អ្នក​ទិញ​មាន​ទ្រព្យ​ច្រើន​មួយ​ចំនួន​បង់​ជា​សាច់ប្រាក់​សុទ្ធ​ក្នុង​ការទិញ​ផ្ទះ​។ កំណើន​តម្លៃ​ទំនិញ​បាន​បញ្ចប់ កំណើន​សេដ្ឋកិច្ច​កាន់តែ​យឺត ហើយ​ច្បាប់​ទប់ស្កាត់​ការ​កេងចំណេញ​ទីផ្សារ​អចលនទ្រព្យ​បាន​បញ្ចប់​កំណើន​ទីផ្សារ​អចលនទ្រព្យ​នេះ​។

នៅពេល​នេះ​អាជ្ញាធរ​ចង់​លើក​ទឹក​ចិត្ត​អ្នក​ទិញ​។ ចាប់ពី​ខែ​សីហា ធនាគារ​កណ្ដាល​នឹង​លុបចោល​លក្ខខណ្ឌ​តម្រូវ​ប្រាក់​កក់​ដំបូង​អប្បបរមា ១៥ ភាគរយ​នៃ​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នក​ទិញ​ផ្ទះ​លើកដំបូង និង​បន្ធូរបន្ថយ​ច្បាប់​ផ្ដល់​កម្ចី​ក្នុង​គោលបំណង​គាំទ្រ​កំណើន​ឥណទាន​ដែល​ចុះ​ខ្សោយ​​មួយ​នេះ​។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ដកស្រង់​សម្ដី​របស់​លោក Warjiyo ខណៈ​លោក​ថ្លែង​ក្នុង​បទសម្ភាស​មួយ​កាលពី​ខែ​មុន​ថា​៖ «​យើង​ត្រូវ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​របស់​យើង​»​។ លោក​បញ្ជាក់​ថា​អចលនទ្រព្យ​អាច​មាន​ឥទ្ធិពល​ច្រើន​លើ​វិស័យ​ផ្សេង​ទៀត​។

វិធានការ​នេះ​ធ្វើ​ឡើង ខណៈ​ឥណ្ឌូនេស៊ី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នៃ​ការ​ហូត​ចេញ​មូលធន​ដែល​បាន​បណ្តាល​ឲ្យ​ធនាគារ​កណ្តាល​ដំឡើង​អត្រា​ការប្រាក់ ១ ភាគរយ​ក្នុង​រយៈពេល ៦ សប្តាហ៍​ដើម្បី​ការពារ​ប្រាក់​រូពៀ​។

លោក Filianingsih Hendarta មន្ដ្រី​ជាន់ខ្ពស់​នៅ​ធនាគារ​កណ្ដាល​ឥណ្ឌូនេស៊ី​ប៉ាន់​ប្រមាណ​ថា​ច្បាប់​កម្ចី​ទិញ​ផ្ទះ​ដែល​ត្រូវ​បាន​បន្ធូរបន្ថយ​នឹង​បន្ថែម ០,០៤ ភាគរយ​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​។ ចំនួន​នោះ​ស្ដាប់​ទៅ​តិច ប៉ុន្តែ​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​នឹង​កាត់​បន្ថយ​ល្បឿន​កំណើន​របស់​ខ្លួន​ដែល​ធ្វើឲ្យ​កំណើន​សុទ្ធ​ពី​ការផ្លាស់ប្តូរ​ច្បាប់​នេះ​ទទួល​បាន​ការស្វាគមន៍​។

ធនាគារ​កណ្តាល​បាន​ព្យាករ​ថា សេដ្ឋកិច្ច​នឹង​កើនឡើង​ចន្លោះ​ពី ៥,១ ទៅ ៥,២ ភាគរយ​ធៀប​នឹង ៥,០៧ ភាគរយ​កាលពី​ឆ្នាំ ២០១៧​។

ប៉ុន្តែ​ដោយសារ​តែ​អវត្តមាន​ទីផ្សារ​អចលនទ្រព្យ​ដែល​មាន​កំណើន​ខ្លាំង និង​ការដំឡើង​អត្រា​ការប្រាក់​ដែល​ព្យាយាម​ធ្វើ​អចលនទ្រព្យ​ក្លាយ​ជា​សសរស្ដម្ភ​សេដ្ឋកិច្ច​មួយ​នោះ​អាច​បញ្ជាក់​ពី​កង្វះខាត​ជម្រើស​គោលនយោបាយ​ដែល​គួរ​ជឿ​ទុកចិត្ត​បាន​របស់​អាជ្ញាធរ​នៅក្នុង​បរិយាកាស​បច្ចុប្បន្ន​។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍​ទៀត​ថា ក្រុមហ៊ុន Standard & Poor''s រំពឹង​ថា​ការលក់​អចលនទ្រព្យ​នឹង​ស្ថិត​នៅ​ថេរ​នៅ​ឆ្នាំ​នេះ ទោះបី​ជា​មាន​វិធានការ​ថ្មី​របស់​ធនាគារ​កណ្តាល​ក៏ដោយ​។

ដោយ​សំដៅ​ដល់​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ លោក Kah Ling Chan អ្នកវិភាគ​បាន​ថ្លែង​ថា​៖ «​យើង​មិន​គិត​ថា​នឹង​មាន​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏ធំ​មួយ​នោះ​ទេ​។ អ្វីៗ​នឹង​ប្រហែល​ជា​ដើរ​ក្នុង​ល្បឿន​យឺត រហូត​ដល់​ឆមាស​ទី ២ ឆ្នាំ ២០១៩ បន្ទាប់ពី​បោះឆ្នោត​»​។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក្រុមហ៊ុន Rumah123.com ដែល​ជា​ក្រុមហ៊ុន​កម្រៃ​ជើងសា​លំនៅឋាន​អនឡាញ​ធំ​ជាង​គេ​នៅ​ឥណ្ឌូនេស៊ី​បាន​កត់ត្រា​ការលក់​យឺត​។ លោក Ignatius Untung នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា​៖ «​ចំនួន​អ្នកទិញ​ហាក់​ដូចជា​ស្ងៀមស្ងាត់​នៅពេល​នេះ​»៕ LA