ក្រុងហុងកុងៈ តម្រូវការ​ខ្ពស់ និង​តម្លៃ​ថ្លៃ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​អាផាតមិន​នៃ​ខុនដូ​របស់​ក្រុមហ៊ុន Sun Hung Kai Properties ក្នុង​ទីក្រុង​ហុងកុង កាលពី​ខែ​មិថុនា​បាន​បង្ហាញថា ទីផ្សារ​អចលនទ្រព្យ​នៅ​មិន​ទាន់​ថយចុះ​នៅ​ឡើយ​ទេ បន្ទាប់ពី​មេដឹកនាំ​ទីក្រុង​ហុងកុង​បាន​ដាក់​ចេញ​ការយក​ពន្ធ​លើ​អាផាតមិន​ដែល​ទំនេរ​។ នេះ​បើ​យោង​តាម​ការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​មួយ​នេះ​បាន​លក់​ផ្ទះល្វែង​អាផាតមិន​បាន​ចំនួន ៤៤ យូនីត​ក្នុង​ចំណោម ៤៥ យូនីត​នៅ​តំបន់ North Point កាលពី​ខែ​មុន​ដែល​មាន​អាផាតមិន​ប្រភេទ​ផ្សេងៗ​រាប់​ចាប់ពី​ប្រភេទ​អាផាតមិន​ស្ទូឌីយោ​រហូត​ដល់​អាផាតមិន ២ បន្ទប់​។

តម្លៃ​មាន​ចាប់ពី ១០,២៥ លាន​ដុល្លារ​ហុងកុង (១,៣ លាន​ដុល្លារ​អាមេរិក​) ដល់ ២១,៨៧ លាន​ដុល្លារ​ហុងកុង​ដោយ​ផ្អែក​លើ​ការចុះ​ភាគរយ​អតិបរមា​ដែល​ត្រូវ​បាន​ផ្តល់​ជូនទៅ​ឲ្យ​អតិថិជន​។

វិធានការ​ដក​ហូតពន្ធ​លើ​អាផាតមិន​ដែល​ទំនេរ​ដែល​ស្នើ​ដោយ​លោក Carrie Lam ប្រធាន​មន្ត្រី​ប្រតិបត្តិ​ទីក្រុង​ហុងកុង​កាលពី​ខែ​មុន​គឺជា​ការប៉ុនប៉ង​មួយ​ផ្សេង​ទៀត​ដើម្បី​បន្ធូរបន្ថយ​កំណើន​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​នេះ​ដែល​បាន​កើនឡើង​ជាង ៥០ ភាគរយ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ​ដែល​បន្ថែម​ហានិភ័យ​នៃ​ការផ្ទុះ​ភ្លាមៗ​របស់​វិស័យ​នេះ​។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​បន្ត​ថា ការលក់​អាផាតមិន​នៅ​តំបន់ North Point បង្ហាញ​បញ្ហា​ប្រឈម​ដោយសារ​តម្លៃ​សម្រាប់​អាផាតមិន​ស្ទូឌីយោ​ដែល​មាន​ទំហំ ២៨៦ ហ្វីតការ៉េ (២៦,៥៧ ម៉ែត្រការ៉េ​) លក់​ក្នុង​តម្លៃ ១០,២៥ លាន​ដុល្លារ​ហុងកុង​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​សម្រាប់​តំបន់​នេះ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Midland Realty Services​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន Sun Hung Kai Properties បាន​ដំឡើង​តម្លៃ​សម្រាប់​អាផាតមិន​បន្ទាប់​ចំនួន ៣៦ ដែល​នឹង​ត្រូវ​ដំឡើង​តម្លៃ​ជា​មធ្យម ១០ ភាគរយ​ថែម​ទៀត​ផង​។

លោក Louis Chan អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អនុប្រធាន​ប្រតិបត្តិ​ផ្នែក​លំនៅឋាន​របស់​ក្រុមហ៊ុន Centaline Property Agency បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​កំពុង​ធ្វើ​ការងារ​ដោយ​សហការ​ជាមួយ​នឹង​ច្បាប់​ពន្ធ​ថ្មី​នេះ​។ ការដាក់​លក់​យូនីត​ថ្មីៗ​ធ្វើ​ឡើង​កាន់តែ​លឿន​ជាង​មុន​»​។

គម្រោង​អាផាតមិន​គឺជា​ផ្នែក​នៃ​គម្រោង​លំនៅឋាន​ទំនើប Victoria Harbour របស់​ក្រុមហ៊ុន Sun Hung Kai ដែល​ធ្លាប់​ជា​ទីតាំង​លំនៅឋាន​សាធារណៈ​ធំ​បំផុត​ក្នុង​ស្រុក​ភាគ​ខាង​កើត​របស់​ទីក្រុង​នេះ​។ តម្លៃ​ជា​មធ្យម​គឺ​ប្រហែល ៥០ ៣៦៨ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ បន្ទាប់ពី​បូក​បញ្ចូល​ការលក់​ចុះ​ភាគរយ​សម្រាប់​អតិថិជន​ចំនួន ១៩ ភាគរយ​។

កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​នេះ​បាន​ដាក់លក់​អាផាតមិន​ ១៦៨ យូនីត​នៃ​គម្រោង St Martin របស់​ខ្លួន​ដែល​ស្ថិត​នៅ​តំបន់​តៃប៉ូ​ក្នុង​ទីក្រុង​ហុងកុង​ដែល​លើស​ពី​ផែនការ​ដែល​មាន​តែ ១២៨ យូនីត​៕ KC