ការបាញ់​ឆ្ពោះ​របស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ធំៗ និង​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​បាន​ធ្វើឲ្យ​មុខមាត់​ខណ្ឌ​សែនសុខ​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​ចំនួន​អ្នក​ផ្លាស់​ទី​ចូល​ទៅ​រស់នៅ​ទីនោះ​ក៏​មាន​ចំនួន​កាន់តែ​ច្រើន​ផង​ដែរ​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​។

លោក ប៉ូ អ៊ាវគង់ ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​បច្ចុប្បន្ន​នេះ​គេ​អាច​និយាយ​បាន​ថា សែនសុខ គឺជា​ខណ្ឌ​មួយ​ក្នុង​ចំណោម​ខណ្ឌ​សំខាន់ៗ​នៅក្នុង​រាជធានី​ភ្នំពេញ (​ចំការមន ដូនពេញ ៧​មករា ទួលគោក​) ដែល​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ការ​ទៅ​រស់នៅ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ ព្រោះ​ទីនោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​ធំ​ទូលាយ ព្រម​ទាំង​មាន​ស្ថាប័ន​ទាំង​រដ្ឋ​ និង​ឯកជន​ជាច្រើន​ស្ថិត​នៅ​ទី​នោះ​។

លោក​បាន​បន្ត​ថា បើ​និយាយ​ជាទូទៅ​គឺ​សកម្មភាព​នៃ​ការទិញ​លក់​អចលនទ្រព្យ​នៅ​ខណ្ឌ​សែនសុខ​មាន​ភាព​ល្អ​ប្រសើរ​នាពេល​នេះ ចំណែក​បុរី ឬ​សំណង់​ដែល​សាងសង់​រួច​ក៏​មាន​មនុស្ស​ចូល​ទៅ​រស់នៅ​ច្រើន​រហូត​ដល់​ចន្លោះ​ពី​ ៧០-៨០ ​ភាគរយ​ផង​ដែរ​។ ការ​ដែល​មាន​មនុស្ស​ចូលទៅ​រស់នៅ​ច្រើន​បែប​នេះ ក៏​ព្រោះ​ទីនោះ​កំពុង​ក្លាយ​ជា​កន្លែង​ដែល​មាន​លក្ខណៈ​អំណោយផល​គ្រប់​យ៉ាង​សម្រាប់​ការ​រស់នៅ​ដូចជា​ប្រព័ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល ងាយស្រួល​ប្រកប​អាជីវកម្ម​មាន​ទីតាំង​នៅ​ជិត​ផ្សារ​ទំនើប​សាលារៀន​អន្តរជាតិ​មន្ទីរពេទ្យ និង​នៅ​មិន​ឆ្ងាយ​ពី​ចំណុច​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​។

លោក​មាន​ប្រសាសន៍​ថា៖ «​មាន​អ្នក​ខ្លះ​បាន​លក់​លំនៅឋាន​របស់​ខ្លួន​ពី​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ ហើយ​នាំ​គ្នា​ទៅ​ទិញ​លំនៅឋាន​នៅក្នុង​ខណ្ឌ​សែនសុខ ព្រោះ​នៅ​ទី​នោះ​អចលនទ្រព្យ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នៅ​កណ្តាល​ក្រុង ហើយ​ទី​នោះ​ក៏​មាន​សេវាកម្ម​ចម្រុះ​ជាច្រើន​កំពុង​តែ​កើតឡើង​ជា​បន្តបន្ទាប់​ជិត​ដូច​តំបន់​បឹង​កេងកង​ផង​ដែរ​»​។

បើ​តាម​លោក អ៊ាវគង់ ដី​លំនៅឋាន​ប្រភេទ Shophouse ដែល​ស្ថិតនៅ​ជិត​ផ្លូវ​មេ​ក្បែរ​ផ្សារ​ទំនើប Aeon 2 និង​ Makro អាច​មាន​តម្លៃ​ចន្លោះ​ពី​​ ២០០០-៣០០០ ​ដុល្លារ ចំណែក​ដី​ដែល​មាន​ទំហំ​ធំៗ​ស្ថិត​នៅ​ជាប់​ផ្លូវ​ហាណូយ អាច​មាន​តម្លៃ​ចាប់ពី​ជាង​ ២០០ ​ទៅ​ជាង​ ៦០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

ទាក់ទង​នឹង​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​ទី​នោះ​លោក​បាន​បញ្ជាក់​ថា សម្រាប់​ដី​នៅក្នុង​ខណ្ឌ​សែនសុខ​អាច​និយាយ​ថា​កើនឡើង​ក្នុង​រង្វង់​ ១០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ កន្លង​មក លើកលែង​តែ​តំបន់​នៅក្បែរ​ផ្សារ​ទំនើប Aeon 2 និង Makro ដែល​លោត​ឡើង​ចន្លោះ​ពី​ ១៥ ​ទៅ​ ២០ ​ភាគរយ​។

ទោះ​ជា​យ៉ាង​ណា​លោក អ៊ាវគង់ បាន​បញ្ជាក់​ថា​ការ​កំណត់​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​អាច​និយាយ​ថា មាន​ភាពស្មុគស្មាញ​បន្តិច ដោយសារ​តែ​កម្ពុជា​មិន​ទាន់​មាន​ប្លង់គោល​សម្រាប់​កំណត់​តំបន់​អភិវឌ្ឍន៍​ឲ្យ​បាន​ច្បាស់លាស់ ខណៈ​នៅ​ប្រទេស​អភិវឌ្ឍន៍​គេ​មាន​ការ​កំណត់​ច្បាស់លាស់​។

លោក​បាន​លើក​ឡើង​ថា៖ «​សម្រាប់​រយៈពេល​ចន្លោះ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ខាង​មុខ ខ្ញុំ​គិត​ថា​តំបន់​ក្នុង​ខណ្ឌ​សែនសុខ​ចាប់ពី​ខេមកូ ស៊ីធី ទៅ​ដល់ ហ្គ្រែន​ភ្នំពេញ ដែល​ពី​មុន​សុទ្ធតែ​ជា​បឹង​នោះ​នឹង​ក្លាយ​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍ​ខ្លាំង​» ។

បច្ចុប្បន្ន​នៅក្នុង​ខណ្ឌ​សែនសុខ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ដំណើរការ​សាងសង់​ដែល​មាន​ដូចជា ខេមកូ ស៊ីធី ហ្គ្រែន​ភ្នំពេញ បុរី​ប៉េងហួត វិមាន​ភ្នំពេញ ពិភពថ្មី ភ្នំពេញ​ថ្មី បុរី​ទួលសង្កែ បុរីអង្គរ​ភ្នំពេញ គម្រោង The Premier Land គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់​ក្រុមហ៊ុន​ជីបម៉ុង​លែន និង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ជប៉ុន​ ARATA Garden Residences ជាដើម​។

លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បាន​និយាយ​ថា បើ​និយាយ​ពី​សកម្មភាព​នៃ​ការទិញ​លក់​ដី​នៅ​ក្នុង​ខណ្ឌ​សែនសុខ គឺ​មាន​ភាព​មមាញឹក​ខ្លាំង​ចន្លោះ​ពី​ឆ្នាំ​ ២០១២-២០១៦ ​ខណៈ​ចាប់ពី​ឆ្នាំ​ ២០១៧ រហូត​មក​ដល់​ពេល​នេះ​ការទិញ ដី​ហាក់​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ដូច​ពេល​មុន​ទេ ប៉ុន្តែ​ពេល​នេះ​សកម្មភាព​នៃ​ការសាងសង់​លំនៅឋាន និង​ការ​លក់​របស់​គម្រោង​នីមួយៗ​កំពុង​មាន​ភាព​ល្អប្រសើរ​។

ទោះបី​ជា​យ៉ាង​ណា​លោក​ប្រាប់​ទៀត​ថា បើ​តាម​ការសង្កេតមើល​សម្រាប់​ពេល​ថ្មីៗ​នេះ​មិន​មាន​គម្រោង​ថ្មីៗ​ចាប់ផ្តើម​នៅ​ទីនោះ​ទេ តែ​សម្រាប់​គម្រោង​ដែល​មាន​ស្រាប់​គឺ​បាន​ពង្រីក​សកម្មភាព​របស់​ខ្លួន​ជា​បន្តបន្ទាប់​។ លោក​បន្ត​ថា ការបោះ​ទីតាំង​នៃ​ផ្សារ​ទំនើប Aeon2 និង Makro ក៏បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​សម្រាប់​សក្តានុពល​នៅ​ទី​នោះ​។

ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត​នា​ដើម​ឆ្នាំ​ ២០១៨ ​នេះ​រកឃើញ​ថា ទឹកថ្លា គឺជា​សង្កាត់​ដែល​អចលនទ្រព្យ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅក្នុង​ចំណោម​សង្កាត់​ទាំងអស់​នៃ​ខណ្ឌ​សែនសុខ​ដោយ​បច្ចុប្បន្ន​ដី​នៅ​តាម​បណ្តោយ​ផ្លូវធំ​មាន​តម្លៃ​ចន្លោះ​ពី​ ២០០០ ​ទៅ​ ៣៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ខណៈ​ដី​នៅ​ផ្លូវ​តូច​មាន​តម្លៃ​ពី​ ៨០០ ​ទៅ​ ២០០០ ​ដុល្លារ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដី​នៅ​តាម​ផ្លូវធំ​មាន​តម្លៃ​ចន្លោះ​ពី​ ១០០០ ​ទៅ​ ២៥០០ ​ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់ពី​ ៥០០ ​ទៅ​ ១៥០០ ​ដុល្លារ​។

ចំណែក​ក្នុង​សង្កាត់​ឃ្មួញ តាម​បណ្តោយ​ផ្លូវធំ​ដី​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០ ​ទៅ​ ១០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី​ ១០០ ​ទៅ​ ៣០០ ​ដុល្លារ​។ ក្នុង​សង្កាត់​ក្រាំងធ្នង់ តាម​ផ្លូវធំ​មាន​តម្លៃ​ ២៥០ ​ទៅ​ដល់​ ១៣០០ និង​តាមផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី​ ១០០ ​ទៅ​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

បើ​និយាយ​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណបខេមកូ និង ហ្គ្រែនភ្នំពេញ នាពេល​នេះ​គឺ​មិន​មាន​សកម្មភាព​សាងសង់​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ដើមហេតុ​ដំបូង​ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​សែនសុខ នាពេល​នេះ គឺ​គេ​មិន​អាច​ភ្លេច​និយាយ​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ដ៏ធំ​ទាំង​ ២ ​នេះ​ឡើយ​។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ​មិន​លើក​ទូរស័ព្ទ​ឡើយ​ទោះ​ព្យាយាម​ជាច្រើន​លើក​ក៏ដោយ​។

លោក ហោ វាសនា អភិបាលរង​នៃ​គណៈអភិបាលខណ្ឌ​សែនសុខ នាពេល​កន្លង​មក​ធ្លាប់​បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ប្រជាជន​ភាគច្រើន​បាន​ផ្លាស់ប្តូរ​លំនៅ​របស់​ខ្លួន​ពី​ផ្នែក​កណ្តាល​នៃ​រាជធានី ដូចជា​ខណ្ឌ​ចំការមន ដូនពេញ ៧​មករា ជាដើម​បាន​មក​រស់នៅ​ទីនេះ​ជា​បន្តបន្ទាប់ គឺ​បន្ទាប់ពី​មាន​ការ​វិនិយោគ​ជាច្រើន​។ ទាំង​នេះ​ក៏​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​ខណ្ឌ​នេះ​ហក់​ឡើង​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រជាជន​មូលដ្ឋាន​រួម​ទាំង​អ្នក​ចំណូល​ថ្មី​អាច​ធ្វើការ​ផ្លាស់ប្តូរ​ដើម្បី​មាន​លទ្ធភាព​ពង្រីក​អាជីវកម្ម ឬ​មុខរបរ​របស់​ពួកគេ​ផង​ដែរ​។ ​ជាក់ស្តែង​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ខណ្ឌ​សែនសុខ​នា​រយៈពេល​ជិត​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើនឡើង​ពី​ ១២ ម៉ឺន​នាក់​ទៅ​ ១៦ ​ម៉ឺន​នាក់​។

លោក​អភិបាលរង​រូប​នេះ​បន្ត​ថា៖ «​កំណើន​ប្រជាជន​នៅ​ខណ្ឌ​សែនសុខ​មាន​ចំនួន​កើនឡើង​ខ្លាំង​ស្រប​ពេល​ដែល​ចំនួន​អចលនទ្រព្យ​នៅ​តំបន់​នេះ​មាន​សម្ទុះ​យ៉ាង​គំហុក​ដូចជា​សំណង់​លំនៅឋាន អគារ​ផ្សារ​ទំនើប និង​សំណង់​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​បន្ត​រីកដុះដាល​រៀងរាល់​ថ្ងៃ​»​។

លោក វាសនា បាន​បន្ត​ទៀត​ថា បើ​និយាយ​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន បង្ហាញ​ពី​កំណើន​ជីវភាព​ប្រសើរ​ឡើង​គឺ​ស្ទើរតែ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ទាំង​មូល​។ ចំណែក​ការ​សាងសង់ ការ​ទិញ-លក់ ក៏​មាន​ប្រជាជន​មួយ​ចំនួន​ទិញ​លក់​​ ដើម្បី​ធ្វើការ​វិនិយោគ​រកប្រាក់​ចំណេញ និង​សម្រាប់​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​ដែរ​។

ការ​ចាប់ផ្តើម​រីកលូតលាស់​នៃ​ខណ្ឌ​នេះ​គេ​អាច​សង្កេត​ឃើញ​ថា​ទីផ្សារ​អចលនទ្រព្យ​បាន​រីកដុះដាល​យ៉ាង​ឆាប់រហ័ស​។

លោក​បាន​បង្ហាញ​ថា៖ «​តាម​អ្វី​ដែល​ខ្ញុំ​សង្កេត​មើល​ទៅ ដូច​មិន​អាច​រក​ខណ្ឌ​ណា​មក​ប្រៀប​ជាមួយ​ខណ្ឌ​សែនសុខ​បាន​នៅ​ក្នុង​សម្ទុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ទេ លើកលែង​តែ​ខណ្ឌ​ចំការមន​ដែល​មាន​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាមួយ​នឹង​ការប្រមូលផ្តុំ​សេវាកម្ម និង​ពាណិជ្ជកម្ម​ច្រើន​»​។

ខណៈ​កាលពី​ចុង​ឆ្នាំ​ ២០១៧ កន្លងមក​ផ្សារ​ទំនើប Makro បាន​បើក​ដំណើរការ ហើយ​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​ផ្សារ​ទំនើប Aeon 2 នឹង​បើក​ដំណើរការ​ទៀត​នោះ ខណ្ឌ​សែនសុខ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើង​។

លោក ជា សុខហេង ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Chip Mong Land ដែលមាន​គម្រោង​ឈ្មោះ The Park Land Sen Sok ក្នុង​ខណ្ឌ​សែនសុខ​បាន​និយាយ​ថា ខណ្ឌ​សែនសុខ​ពិតជា​មាន​សក្តានុពល​ខ្លាំង​សម្រាប់​អ្នក​ដែល​សង់​បុរី​លក់ ជាពិសេស​តំបន់​ភ្នំពេញ​ថ្មី នៃ​ខណ្ឌ​សែនសុខ​កំពុង​ក្លាយ​ជា​តំបន់​បឹងកេងកង​ទី​ ២ ដែល​មាន​អ្វី​គ្រប់​យ៉ាង​ដូចជា ហាង​កាហ្វេ​ហ្រ៊េនដ៍ ផ្សារ​ទំនើប សាលារៀន​អន្តរជាតិ​។

លោក​បន្ត​ថា នៅ​ពេល​ខាង​មុខ​នៅ​ទីនោះ​ក៏​នឹង​មាន​កន្លែង​តាំងពិព័រណ៍ កន្លែង​រៀប​អាពាហ៍ពិពាហ៍​។

លោក​បញ្ជាក់​ថា៖ «​អ្នក​ដែល​ទៅ​រស់នៅ​ក្នុង​ខណ្ឌ​សែនសុខ​នឹង​កាន់​តែ​មាន​ភាព​ងាយស្រួល ព្រោះ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​អ្វី​ដែល​នៅ​ឆ្ងាយ​ទៀត​ទេ​»​។

លោក ភូ សម្បត្តិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​បុរីភ្នំពេញ​ថ្មី បាន​និយាយ​ថា​រហូត​មក​ដល់​ពេល​នេះ​បុរី​ភ្នំពេញ​ថ្មី​បាន​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​ចំនួន​ ៧ រួច​មក​ហើយ​នៅក្នុង​ខណ្ឌ​សែនសុខ ដោយ​ក្នុង​នោះ​គម្រោង​ចំនួន​ ៦ បាន​លក់​អស់​ហើយ​។ សម្រាប់​គម្រោង​ចុងក្រោយ​នេះ​ការ​លក់​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​លឿន​។

លោក​បាន​និយាយ​ថា៖ «​សែនសុខ ជា​ទីតាំង​ល្អ ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ភ្នំពេញ​ថ្មី​បាន​ជ្រើសរើស​បង្កើត​គម្រោង​ជាច្រើន​នៅ​ទី​នោះ​»​។

ខណ្ឌ​សែនសុខ គឺជា​ខណ្ឌ​ទើប​បាន​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​ ២០០៩ ដែល​មាន​ផ្ទៃដី​ប្រមាណ​ ៥៩ ​គីឡូម៉ែត្រ​ការ៉េ និង​មាន​ព្រំប្រទល់​ជាប់​នឹង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ទួលគោក ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ព្រែកព្នៅ​៕