
ទិដ្ឋភាពអតិថិជនដែលទៅទិញទំនិញ និងទស្សនាផ្សារ Aeon2 កាលពីថ្ងៃម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ ផ្សារទំនើប Aeon Mall 2 ដែលវិនិយោគ ១២០ លានដុល្លារ និងបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃម្សិលមិញរំពឹងថានឹងទទួលបានអ្នកចូលទស្សនា ១៤ លាននាក់ក្នុង ១ ឆ្នាំ។ នេះបើយោងតាមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Aeonmall Co., Ltd។
លោក Seiichi Chiba នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Aeonmall Co., Ltd បាននិយាយថា Aeon Mall 2 គឺជាផ្សារដែលទំនើបជាងគេរបស់ក្រុមហ៊ុន Aeonmall នៅទូទាំងពិភពលោកនាពេលនេះ។
លោក Seiichi Chiba បានថ្លែងនៅក្នុងពិធីបើកដំណើរការជាផ្លូវការកាលពីថ្ងៃម្សិលមិញថា៖ «យើងអាចនិយាយថា Aeon Mall2 គឺជាគំរូមួយនៅក្នុងតំបន់អាស៊ានទាំងការរៀបចំ បរិស្ថាន និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប»។
លោក Seiichi Chiba បានប្រាប់ទៀតថាដោយសារកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្រុមហ៊ុនរបស់លោកនឹងពង្រីកសាខាបន្ថែមទៀតនាពេលខាងមុខ តែក្នុងដំណាក់កាលនេះក្រុមហ៊ុននឹងផ្តោតជាសំខាន់ទៅលើការពង្រឹងដំណើរការរបស់ផ្សារទំនើបទាំង ២ នេះជាមុនសិន។
លោក Tetsuyuki Nakagawa នាយកគ្រប់គ្រងម្នាក់ទៀតរបស់ Aeonmall Cambodia Co., Ltd បាននិយាយថាបន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី ៣០ ខែឧសភាកន្លងមកនៅថ្ងៃធម្មតាផ្សារទំនើប Aeon Mall 2 ទទួលបានអតិថិជនប្រហែល ៣ ម៉ឺននាក់ក្នុង ១ ថ្ងៃ ខណៈថ្ងៃសៅរ៍- អាទិត្យ និងបុណ្យ បានកើនដល់ ៨ ម៉ឺននាក់។
Aeon Mall 2 គឺជាកន្លែងដែលផ្តល់ជូនសេវាកម្មគ្រប់បែបយ៉ាងរាប់ទាំងកន្លែងកម្សាន្ត កន្លែងផ្តល់សេវាសាធារណៈរបស់រដ្ឋ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផងដែរ។
នៅក្នុងតំបន់អាស៊ានបច្ចុប្បន្នមានផ្សារទំនើប Aeon ចំនួន ៨ ដោយ Aeon Mall 2 ជាផ្សារដែលធំជាងគេ។ នេះបើតាមលោកនាយកគ្រប់គ្រង Aeonmall Cambodia Co., Ltd ។
ក្នុងតំបន់អាស៊ាន Aeon Mall មាននៅកម្ពុជា ឥណ្ឌូនេស៊ី និង វៀតណាម ហើយក្រុមហ៊ុនរំពឹងថានឹងពង្រីកការវិនិយោគទៅមីយ៉ាន់ម៉ា។ គិតត្រឹមពេលនេះ Aeon Mall មានសាខា ៣១ នៅក្រៅប្រទេសជប៉ុន៕LA