
ទិដ្ឋភាពរបស់ក្រុមកម្មករនៅក្នុងការដ្ឋានសាងសង់គម្រោង Arakawa។ សហការី
ភ្នំពេញៈ ការសាងសង់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យអារ៉ាខាវ៉ា (Arakawa Residence) ដែលមានទុនវិនិយោគប្រមាណជាង ៧០ លានដុល្លារ ពេលនេះការសាងសង់ដំណាក់កាលទី ១ សម្រេចបានប្រមាណ ៩០ ភាគរយ និងដំណាក់កាលទី ២ បានប្រមាណ ៣០ ភាគរយ ខណៈគម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២២។ នេះបើតាម លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុន Arakawa Co., Ltd។
Arakawa Residence គឺជាគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យដែលវិនិយោគដោយក្រុមហ៊ុន Arakawa Co.,Ltd លើផ្ទៃដី ១,៣៦ ហិកតានៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងដែលបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ នេះត្រូវបានចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ មានអគារកម្ពស់ ២១ ជាន់ចំនួន ១០ អគារ ស្មើនឹង ១ ៦៨០ យូនីត និងដំណាក់កាលទី២ មាន ៦ អគារ ស្មើនឹង ១ ៤៨៤ យូនីត (ពីមុនមាន ១ ២៨០)។ បន្ទប់ក្នុងគម្រោងនេះមាន ២ ប្រភេទ គឺទំហំ ២៣ ម៉ែត្រការ៉េ និង ៤៦ ម៉ែត្រការ៉េ។
លោក អៀង សុធារ៉ា កាលពីថ្ងៃទី ៩ ខែធ្នូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជាមួយនឹងការប្រើប្រាស់កម្លាំងពលកម្មប្រមាណជាង ១ ០០០ នាក់ ក្នុង ១ ថ្ងៃ និងធ្វើឡើងទាំងថ្ងៃ-យប់ បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ដំណាក់កាលទី ១ ស្ទើរទាំងស្រុងហើយ ដោយនៅសល់តែការរៀបចំខាងក្នុង និងការសម្អាតប៉ុណ្ណោះ ខណៈដំណាក់កាលទី២ បានឡើងដល់ជាន់ទី ៧ ហើយគ្រោងនឹងឡើងដល់ជាន់ទី ២១ នៅក្នុងខែមិថុនា ឆ្នាំ ២០២១។
លោកបន្តថា តាមការរំពឹងទុក អតិថិជនក្នុងដំណាក់កាលទី១ អាចនឹងចូលស្នាក់នៅបានក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ និងដំណាក់កាលទី២ នៅពាក់កណ្តាលឆ្នាំ ២០២២។
លោកថ្លែងថា៖ «Arakawa Residence ជាគម្រោងមានតម្លៃសមរម្យ ដែលត្រូវបានសាងសង់ឡើងប្រកបដោយគុណភាពកម្រិតស្តង់ដា»។
លោកបន្ថែមថា៖ «សម្រាប់គម្រោងអគារក្នុងដំណាក់កាលទី២ នឹងត្រូវរួចរាល់នៅអំឡុងខែ ៦ ឆ្នាំក្រោយ ដូច្នេះខ្ញុំគិតថា ត្រឹមពាក់កណ្តាលឆ្នាំ ២០២២ ការសាងសង់គម្រោងទាំងមូលនឹងត្រូវបញ្ចប់ជាស្ថាពរ»។
លោកប្រាប់ទៀតថា កត្តាទីតាំង និងតម្លៃបានធ្វើឱ្យការលក់របស់ Arakawa Residence មានដំណើរការទៅមុខយ៉ាងលឿន ជាក់ស្តែងមកដល់ពេលនេះ ការលក់ដំណាក់កាលទី ១ សម្រេចបាន ១០០ ភាគរយ និងដំណាក់កាលទី ២ បានប្រមាណ ២០ ភាគរយ។
ទាក់ទងនឹងកែសម្រួលចំនួនយូនីតក្នុងដំណាក់កាលទី ២ ដែលពីមុនមានត្រឹម ១ ២៨០ យូនីត ហើយត្រូវបានកែទៅជា ១ ៤៨៤ យូនីតនោះលោកបានប្រាប់ថា ដើម្បីតម្រូវទៅតាមការចង់បានក្នុងទីផ្សារ។ លោក សុធារ៉ា និយាយថា៖ «តម្លៃរបស់ Arakawa Residence បើធៀបនឹងតម្លៃដី តម្លៃសំណង់ និងតម្លៃពលកម្ម គឺគេមិនអាចរកទិញគម្រោងណាដែលល្អបែបនេះបានទេនាពេលនេះ»។
បុគ្គលិកប្រតិបត្តិផ្នែកលក់លោក ម៉ៅ វីរៈ កាលពីថ្ងៃពុធនិយាយថា ការលក់ក្នុងអំឡុងពេលនេះមានការធ្លាក់ចុះបន្តិច បើធៀបនឹងមុនពេលមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងតាមលោក វីរៈ បច្ចុប្បន្នយូនីតដែលមានទំហំ ២៣ ម៉ែត្រការ៉េ (Studio) លក់ក្នុងតម្លៃ ៣០ ៥០០ ដុល្លារ និងប្រភេទ ៤៦ ម៉ែត្រការ៉េ មានតម្លៃ ៦២ ០០០ ម៉ឺនដុល្លារ។
អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ CBRE-Cambodia បានប្រាប់ថា លក្ខណពិសេសរបស់ Arakawa Residence គឺតម្លៃ និងទីតាំង ដោយបច្ចុប្បន្នគេពិបាករកទិញអចលនទ្រព្យដែលស្ថិតក្នុងតំបន់បែបនេះក្នុងតម្លៃដូចគ្នានេះណាស់។ Arakawa Residence គឺជាគម្រោងល្អ និងទទួលបានជោគជ័យច្រើន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថា ទីផ្សារខុនដូតម្លៃសមរម្យបែបនេះនឹងមានសម្ទុះកាន់តែខ្លាំងនៅពេលអនាគត គ្រាន់តែនៅទីតាំងដូចនេះនឹងមិនមានទៀតទេ ដោយនឹងមានចម្ងាយឆ្ងាយជាងនេះបន្ថែមទៀត»។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា បើគិតត្រឹមដំណាច់ឆ្នាំ ២០១៩ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៥ ដោយមានលក្ខណៈជាសំណង់លំនៅឋាន (ផ្ទះ) ចំនួន ៨ ៣៣១ ខ្នង និងលក្ខណៈជាអគារសហកម្មសិទ្ធិ (ឯកជន) ចំនួន ៧ ២៥៦ យូនីត៕LA