ក្រុង​ប៉េកាំងៈ ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Asset World Corporation (AWC) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន TCC Group ​របស់​លោក Charoen Sirivadhanabhakdi​ នឹង​ទិញ​​​ភាគហ៊ុន​ក្នុង​សណ្ឋាគារ​ចំនួន​ ១២ ​នៅ​​ប្រទេស ​ថៃ ​​​ក្នុង​កិច្ច​ព្រមព្រៀង​មិន​បង្ហាញ​តម្លៃ​មួយ។​​ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

ការ​ទិញ​យក​នេះ​ គឺ​​ជា​វិធានការ​មួយ​ដើម្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​​រក​​ប្រាក់​ចំណូល​​បន្ថែម​ទៀត​ពី​អចលនទ្រព្យ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ​។

លោកស្រី​ Wallapa Traisorat ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​​​​ក្រុមហ៊ុន AWC បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា បដិសណ្ឋារកិច្ច​គឺ​ជា​អាជីវកម្ម ​១ ក្នុង​ចំណោម​អាជីវកម្ម​​ស្នូល ​​២ របស់​ក្រុមហ៊ុន បន្ថែម​​លើ​​​​ការ​លក់រាយ និង​អគារ​ពាណិជ្ជកម្ម​។​

លោកស្រី Wallapa បាន​​ឲ្យ​ដឹង​ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​យើង​ជា​ម្ចាស់​មួយ​ក្នុង​ចំណោម​ម្ចាស់​សណ្ឋាគារ​ឈាន​មុខ​គេ​ជា​ច្រើន​នៅ​ប្រទេស ថៃ​»។ លោក​​ស្រី​បន្ថែម​​ថា៖ «យើង​មាន​បំណង​ពង្រីក​សណ្ឋាគារ​​​​ក្នុង​​ប្រទេស ​ថៃ ដើម្បី​ទាញ​យក​​ប្រយោជន៍​ពី​កំណើន​វិស័យ​​ទេសចរណ៍​»។​

ថៃ​កំពុង​ទាក់ទាញ​​​​ភ្ញៀវ​ទេសចរ​ដ៏​​​ច្រើន​ជា​រៀងរាល់​ឆ្នាំ​។ នៅ​ឆ្នាំ ​២០១៨ ​ភ្ញៀវ​ទេសចរ​បរទេស​ជាង ​៣៨​ លាន​នាក់ ​​​បាន​ទៅ​ទស្សនា​​ប្រទេស​នេះ​។​

ក្រុមហ៊ុន​ AWC នឹង​វិនិយោគ​លើ​ទីតាំង​​មាន​សក្ដានុពល​ជា​ច្រើន​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កត្ដា​​​សេដ្ឋកិច្ច​​ជា​មូលដ្ឋាន​នានា​ ដូចជា ​វិស័យ​ទេសចរណ៍​​ដែល​រីក​ចម្រើន​រហ័ស​ នគរូបនីយកម្ម និង​កំណើន​សេដ្ឋកិច្ច​។​

សណ្ឋាគារ​ចំនួន​ ១២ ដែល​​ AWC បាន​ចុះ​​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃទី ១​ ខែ​មីនា រួម​មាន​ ទាំង​សណ្ឋាគារ​ដែល​មាន​ស្រាប់​ចំនួន​ ៤ ហើយ​​​សណ្ឋាគារ​ ៨ ​ទៀត​​ កំពុង​សាងសង់។​

សណ្ឋាគារ​ទាំង​នោះ​ ស្ថិត​នៅ​​​ទីក្រុង​បាងកក និង​រួម​បញ្ចូល​ទាំង​អចលនទ្រព្យ​សំខាន់ៗ​ ដូច​ជា​ សណ្ឋាគារ Holiday Inn Express Bangkok Sathorn សណ្ឋាគារ Bangkok Marriott Hotel The Surawongse សណ្ឋាគារ East Asia និង​សណ្ឋាគារ​ Charoen Krung 93។

សណ្ឋាគារ​ផ្សេង​ទៀត​រួមមាន សណ្ឋាគារ Phuket Marriott Resort & Spa សណ្ឋាគារ Naiyang Beach សណ្ឋាគារ​​ Grand Sole សណ្ឋាគារ​ Banyan Tree Jomtien Pattaya សណ្ឋាគារ និង​ហាង​លក់​រាយ​ Pattaya សណ្ឋាគារ ​Imperial Mae Ping សណ្ឋាគារ Pornping Tower ​និង​សណ្ឋាគារ​ Hua Hin Beachfront។

ក្រុមហ៊ុន​ AWC កំពុង​កែ​លម្អ​សណ្ឋាគារ The Metropole Phu-ket និង​សណ្ឋាគារ​ Imperial Boathouse Beach និង​កំពុង​អភិវឌ្ឍ​សណ្ឋាគារ​ថ្មី ​៣​ ទៀត​គឺ​សណ្ឋាគារ Bangkok Marriott The Asiatique សណ្ឋាគារ Innside Bangkok Sukhumvit និង​សណ្ឋាគារ Banyan Tree Krabi។​

គិត​ត្រឹម​ថ្ងៃទី ៣១ ខែ ​មីនា ក្រុមហ៊ុន​ AWC មាន​បន្ទប់​សណ្ឋាគារ​ចំនួន​​ ៣ ៤៣២ បន្ទប់ ​​ក្នុង​​សណ្ឋាគារ​ចំនួន ​១០ ដែល​បាន​គ្រប់គ្រង​ដោយ​សណ្ឋាគារ​ធំៗ​​ ដូចជា សណ្ឋាគារ​ Hilton សណ្ឋាគារ InterContinental Hotel Group សណ្ឋាគារ Melia សណ្ឋាគារ Banyan Tree សណ្ឋាគារ​ Okura និង​សណ្ឋាគារ​ Marriott International ដែល​រួម​ទាំង​​សណ្ឋាគារ Starwood ​ដែរ​ ។​

ជាមួយ​នឹង​ក្រុមហ៊ុន​ដៃគូ​ទាំង​នេះ ក្រុមហ៊ុន AWC អាច​ធ្វើ​ទីផ្សារ​ទៅ​កាន់​សមាជិក​ជាង​ ៣០០​ លាន​នាក់​នៅ​​​ទូទាំង​ពិភព​លោក។​

កាល​ពី​ឆ្នាំ​មុន ​ក្រុមហ៊ុន AWC បាន​កត់ត្រា​ប្រាក់​ចំណូល​ចំនួន​ ១០,​៩៩ ​ពាន់​លាន​បាត ក្នុង​នោះ ៦០ ភាគរយ ​បាន​ពី​សណ្ឋាគារ និង​ ៤០ ​ភាគរយ ​បាន​ពី​​ការ​លក់​រាយ និង​អគារ​ពាណិជ្ជកម្ម៕ LA