The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Axis Residences ត្រូវ​បាន​កក់​ជាង ៦០ ភាគរយ




Axis Residences ត្រូវ​បាន​កក់​ជាង ៦០ ភាគរយ

មាន​អតិថិជន​បរទេស ​ជាច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន AXIS Residences ។
មាន​អតិថិជន​បរទេស ​ជាច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន AXIS Residences ។ ហឹុន ពិសី

Axis Residences ត្រូវ​បាន​កក់​ជាង ៦០ ភាគរយ

ភ្នំពេញ: គម្រោង​សាងសង់​អគារ​លំនៅឋាន​ដ៏ធំ AXIS Residences ដែល​មាន​ទុនវិនិយោគ​ ៧០ ​លាន​ដុល្លារ ស្ថិត​​​តាម​បណ្តោយ​ផ្លូវ​​ ២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​បើក​លក់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក។

លោក Edwin Low ប្រធាន​​​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Spring CJW Development Ptd Ltd ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុនដូ AXIS Residences បាន​​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា AXIS Residences នឹង​ធ្វើឲ្យ​កម្រើក​រញ្ជួយ​ទីផ្សារ​កម្ពុជា​ ជាមួយ​នឹង​គុណភាព និង​ការ​ឌីហ្សាញ​សំណង់​ដ៏ល្អ​ឥតខ្ចោះ ប្រកប​ដោយ​ផាសុកភាព មាន​សុវត្ថិភាព និង​ស៊ីវិល័យ​​​។

លោក​បន្ត​ថា ការ​សាងសង់ AXIS Residences នឹង​​ផ្តោត​សំខាន់​ទៅលើ​បរិស្ថាន​ជាមួយ​ទេសភាព​ពណ៌​បៃតង​ជា​ចម្បង​ ហើយ​នៅ​ទីនោះ​នឹង​មាន​​អាង​ហែលទឹក​ប្រវែង​ ៥០ ​ម៉ែត្រ​ អាង​ហែលទឹក​សម្រាប់​កុមារ កន្លែង​ហាត់ប្រាណ​ សួនកម្សាន្ត ទីលាន​វាយ​កូនបាល់ ទីលាន​បាល់បោះ និង​សាល​រួម​សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ​។

លោក​បាន​ប្រសាសន៍​​ថា​៖ ​«ភ្នំពេញ​​គឺជា​ទីតាំង​ដ៏ល្អ​ដែល​នឹង​មាន​ការអភិវឌ្ឍ​ខ្លាំង​នា​ពេល​អនាគត ពិសេស​វិស័យ​អចលនទ្រព្យ​។ ​ខ្ញុំ​គិត​ថា វិស័យ​អចលនទ្រព្យ​​នៅ​កម្ពុជា​នឹង​​ដើរ​​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​។ កម្ពុជា​នឹង​ក្លាយ​ជា​មេដែក​ដ៏ធំ និង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកវិនិយោគ​បរទេស ភ្ញៀវទេសចរ និង​ជនអន្តោប្រវេសន៍​។ ទាំងអស់​នេះ​សុទ្ធតែ​​ជា​ហេតុផល​ចម្បង​ដែល​ក្រុមហ៊ុន Spring CJW Development Ptd Ltd សម្រេច​បោះទុន​វិនិយោគ​ដើម្បី​​សាងសង់​គម្រោង AXIS Residences​»។

គម្រោង AXIS នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែ​មិថុនា ខាង​មុខ ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៨ ។ AXIS Residences នឹង​សាងសង់​​អគារ​ធំៗ​ចំនួន​ ៨ ​អគារ ដោយ​អគារ​នីមួយៗ​មាន​កម្ពស់​ ១០ ​ជាន់​ស្មើ​​នឹង​ផ្ទះ​សរុប​ចំនួន​ ៥៦៦ ​(យូនីត) ​ព្រមទាំង​មាន​ចំណត​រថយន្ត​​ដែល​អាច​ចត​រថយន្ត​បាន​ ៥៦៦ ​គ្រឿង​។

លោក សំ សុខនឿន ប្រធាន​​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​​នៃ​ក្រុមហ៊ុន Spring CJW Development Ptd Ltd បាន​​ប្រាប់​ថា AXIS Residences កំពុង​​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ជាច្រើន​ពី អតិថិជន​។ Axis Residences ត្រូវ​បាន​រចនា​ឡើង​យ៉ាងពិសេស​សម្រាប់​ការ​រស់នៅ​មួយ​ដែល​មាន​ផាសុកភាព​កម្រិត​ស្តង់ដារ​ប្រទេស​សិង្ហបុរី ហើយ​សម្ភារ​ដែល​បំពាក់​នៅក្នុង​គម្រោង​ខាងលើ​សុទ្ធតែ​ជា​ផលិតផល​​ដែល​មាន​ម៉ាក​ល្បីៗ​នាំ​ចូល​មកពី​បរទេស​។

លោក​​​​បន្ត​ថា Axis Residences ស្ថិត​នៅលើ​ទីតាំង​ល្អ ដោយ​នៅ​ជិត​​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សាលារៀន​អន្តរជាតិ Northbridge, CIA First International School សាកលវិទ្យាល័យ Limkokwing ផ្សារទំនើប​រតនា​ផ្លាហ្សា និង​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ជាដើម​។

លោក សុខនឿន ​បញ្ជាក់​​​ថា​៖ «បើ​ទោះបី​ជា​គម្រោង Axis Residences ទើប​តែ​​បើក​លក់​ជា​ផ្លូវការ​​កាលពី​ថ្ងៃ​អាទិត្យ​​​ក៏ដោយ រហូត​មក​ដល់​ពេល​នេះ ​(ថ្ងៃ​ពុធ) ក្រុមហ៊ុន​ទទួល​បាន​ការ​កក់​ពី​អតិថិជន​ជាង​​ ៦០ ភាគរយ​​ហើយ​»។ លោក​បាន​បន្ត​ថា៖ ​«​អតិថិជន​ដែល​បាន​ទិញ​កក់​នៅក្នុង​គម្រោង​ខាងលើ​មាន​ភាគច្រើន​ជា​ជនបរទេស​មាន​ដូចជា សិង្ហបុរី តៃវ៉ាន់ ហុងកុង និង​ម៉ាឡេស៊ី ចំណែក​អតិថិជន​ក្នុង​ស្រុក​មាន​ប្រហែល​ ១០ ​ភាគរយ​»។

ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​​ខាងលើ​បាន​ប្រាប់​ទៀត​ថា បន្ទប់​ស្នាក់​នៅក្នុង​អគារ​ចំនួន ​៤ ត្រូវ​បាន​អតិថិជន​កក់​អស់​ហើយ ចំណែក​អគារ​ទី ៥ ទើប​មាន​អតិថិជន​កក់​​​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​។ បន្ទប់​ស្នាក់​នៅក្នុង​គម្រោង Axis Residences មាន​​ ៤ ប្រភេទ​គឺ ១ បន្ទប់​គេង ២ បន្ទប់​គេង ៣ បន្ទប់​គេង និង​ប្រភេទ Penthouse។ បន្ទប់​ស្នាក់​នៅក្នុង​គម្រោង​ខាងលើ​​មាន​តម្លៃ​ចាប់ពី​ ១០៨ ៩៥៩ ដុល្លារ ឡើង​ទៅ ឬ​លក់​ក្នុង​តម្លៃ​ជា​មធ្យម​ ១៤០០ ​​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ។

លោក​ សុខនឿន ​អះអាង​ថា​​៖ ​​«ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​បទពិសោធ​លក់​ជាច្រើន​គម្រោង​រួច​មក​ហើយ។ ខ្ញុំ​គិត​ថា ការ​លក់​គម្រោង AXIS Residences មាន​ភាពងាយស្រួល​ជាង​គេ ព្រោះ​គម្រោង​នេះ​មាន​​ភាព​ទាក់ទាញ​ទាំង​ទីតាំង ក៏​ដូចជា​ការ​រចនា និង​សម្ភារ​ប្រើប្រាស់​»។

លោក​បន្ត​ទៀត​ថា​៖ ​«​អតិថិជន​ដែល​មាន​បំណង​ទិញ​បន្ទប់​ស្នាក់​នៅក្នុង​គម្រោង AXIS Residences ក៏​អាច​ប្រើប្រាស់​វិធីសាស្រ្ត​បង់​រំលស់​ដែល​មាន​រយៈពេល​រហូត​ដល់​ ១៥ ​ឆ្នាំ តាមរយៈ​ធនាគារ Philip Bank ក្នុង​​​អត្រា​ការប្រាក់​ ៩ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​»។

ការ​រចនា AXIS នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន AGA Architects Pte Ltd ចំណែក​ការសាងសង់​ត្រូវ​ធ្វើ​ដោយ​ក្រុមហ៊ុន KCL Consultants Pte Ltd រីឯ​ផ្នែក​បច្ចេកទេស និង​ការ​តភ្ជាប់​ចរន្តអគ្គិសនី​ដោយ​ក្រុមហ៊ុន ICON Engineers LLP ខណៈ​ក្រុមហ៊ុន SANWAH Project Management Pte Ltd នឹង​ត្រូវ​ទទួល​ភារកិច្ច​​គ្រប់គ្រង​ការសាងសង់​សំណង់​ទាំងមូល​តែ​ម្តង។

លោក Mac Townsend នាយក​គ្រប់គ្រង​ក្រុមហ៊ុន CBRE Cambodia ដែល​ជា​ក្រុមហ៊ុន​ជួយ​លក់​​ក្នុង​គម្រោង Axis Residences បាន​ថ្លែង​​ថា បច្ចុប្បន្ន​សំណង់​ធំៗ​កំពុង​រីកចម្រើន​យ៉ាងឆាប់រហ័ស​នៅ​រាជធានី​ភ្នំពេញ​។ Axis Residences គឺជា​គម្រោង​ដ៏ល្អ ដែល​​សាងសង់​ឡើង​នៅលើ​ទីតាំង​ដ៏​មាន​សក្តានុពល និង​មាន​ការអភិវឌ្ឍ​​លឿន​។ Axis Residences នឹង​ទទួល​​​​ការ​ចាប់​អារម្មណ៍​ច្រើន ព្រោះ​ការសាងសង់​បាន​​​ផ្តោត​សំខាន់​ទៅលើ​គុណភាព ស្រប​​តាម​ការ​រស់នៅ​ដ៏ល្អ​​កម្រិត​ស្តង់ដារ​របស់​ប្រទេស​សិង្ហបុរី​។

លោក​បាន​ថ្លែង​ថា​៖​ «​ក្រុមហ៊ុន CBRE Cambodai ពិតជា​រីករាយ​ណាស់​ដែល​បាន​សហការ​ជួយ​លក់​នៅ​ក្នុង​គម្រោង​នេះ​។ ការ​លក់​ Axis Residences នឹង​ទទួល​បាន​ជោគជ័យ​»។

លោក ស៊ា ឆៃលីន នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ីអិល ធ្លាប់​បាន​និយាយ​ថា ការ​សាងសង់​ខុនដូ គឺជា​រឿង​ល្អ ប៉ុន្តែ​ខុនដូ​ដែល​មាន​រហូត​ដល់​ជាង​ ៥០០ ​យូនីត​អាច​នឹង​ជួប​បញ្ហា​ពិបាក​រក​អតិថិជន​។ ទោះបី​​យ៉ាង​ណា AXIS អាច​មាន​អំណោយផល​ដោយសារ​នៅ​ជិត​អាកាសយាន​​អន្តរជាតិ​ភ្នំពេញ សាលារៀន និង​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន។

លោក​មាន​ប្រសាសន៍​​ថា៖ «បើ​ទោះបី​ជា​ខុនដូ​នោះ​មាន​រហូត​ដល់​ជាង​ ៥០០ យូនីត​ក៏ដោយ ក៏​ការ​លក់​អាច​នឹង​ងាយ​ទទួល​ជោគជ័យ​​ផង​ដែរ ព្រោះ​អ្វីៗ​វា​ក៏​អាស្រ័យ​ទៅលើ​ការ​ដាក់​តម្លៃ​លក់ ការ​រចនា សម្ភារ​បំពាក់​ក្នុង​អគារ និង​គុណភាព​សំណង់»៕

អត្ថបទគួរចាប់អារម្មណ៍