ក្រុងឡុងដ៍ៈ ខណៈពេល​ដែល​កាលបរិច្ឆេទ​កំណត់​របស់​ចក្រភព​អង់គ្លេស​ដើម្បី​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ខិតជិត​មកដល់ តម្លៃ​អចលនទ្រព្យ​បាន​ថមថយ​ ឬ​ធ្លាក់ចុះ ជាពិសេស​នៅ​ទីក្រុង​ឡុងដ៍ ដោយ​អ្នកវិភាគ​ក្នុង​វិស័យនេះ​បាន​ព្រមាន​ថា​នឹង​កាន់តែ​កើតមាន​ភាព​ធ្ងន់ធ្ងរ បើ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។

លោកស្រី Beatrice Caboche នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Barnes UK បាន​ថ្លែងថា​៖ «​ទីផ្សារ​ស្ថិត​នៅ​ទ្រឹង​»​។

តម្លៃ​លក់​អចលនទ្រព្យ​ជា​មធ្យម​បាន​កើនឡើង​ត្រឹមតែ ០,៧ ​ភាគរយ​ប៉ុណ្ណោះ​កាលពី​ខែ​កក្កដា​ដែល​ជា​កំណើន​ទាប​បំផុត​ក្នុង​រយៈពេល​ជិត ៧ ​ឆ្នាំ​។

ក្រុម​អ្នកវិភាគ​ស្តីបន្ទោស​ថា បញ្ហា​នេះ​កើតមាន​ឡើង​ដោយសារ​ដំណើរការ​ប្រជាមតិ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) កាលពី​ឆ្នាំ​ ២០១៦ ​។

លោកស្រី Yael Selfin ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន KPMG UK បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការថមថយ​សម្ទុះ​ជាទូទៅ​ក្នុង​កំណើន​តម្លៃ​ផ្ទះ​នៅ​ចក្រភព​អង់គ្លេស​ដែល​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​ការធ្លាក់ចុះ​នៅ​ភាគ​ខាង​ត្បូង និង​ភាគ​ខាងកើត​ទីក្រុង​ឡុងដ៍​»​។

វិនិយោគិន​ជាច្រើន​រំពឹង​ថា ទីផ្សារ​នឹង​ធ្លាក់ចុះ​បន្ថែម​ទៀត​ហើយ​ពួកគេ​មិន​ចង់​ចំណាយ​ខ្ពស់​ជ្រុល​សម្រាប់​អចលនទ្រព្យ​ដែល​នឹង​មិន​សូវ​សម​នឹង​តម្លៃ ប្រសិន​បើ​ឧទាហរណ៍ ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​។

ម្យ៉ាងវិញ​ទៀត​អ្នកលក់​ជា​ញឹកញាប់​មានបំណង​ទុក​ផ្ទះ​របស់​ពួកគេ​ឲ្យ​នៅ​ទំនេរ​ចោល​ប្រសើរ​ជាង​ទទួល​យក​តម្លៃ​ដែល​ពួកគេ​គិតថា​ទាប​ជ្រុល ពោល​គឺជា​គោលជំហរ​មួយ​ដែល​ហាក់​ដូចជា​ត្រូវបាន​បន្ថែម​ចូលទៅក្នុង​វិបត្តិ​ផ្ទះសំបែង​ដែល​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ​នោះ​។

តម្លៃ​ទាប​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​​

ក្នុង​ទីក្រុង​ឡុងដ៍ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ ៤ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ធៀប​នឹង​កម្រិត​តម្លៃ​កាលពី​ឆ្នាំមុន​។ នេះ​គឺជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​គិត​ចាប់ពី​ឆ្នាំ ២០០៩ មកជា​ពេល​ដែល​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​។

នៅ​តំបន់​សម្បូរ​អ្នកមាន​ក្នុង​ទីក្រុង​ឡុងដ៍​ដូចជា​តំបន់ Mayfair, Knightsbridge ឬ South Kensington ការធ្លាក់ចុះ​តម្លៃ​ផ្ទះ​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដោយសារ​តម្លៃ​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​ដែល​កើតមានឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

យោង​តាម​ក្រុមហ៊ុន​ប្រមូល​ទិន្នន័យ​អចលនទ្រព្យ LonRes បាន​ឲ្យ​ដឹងថា​៖ «​ប្រតិបត្តិការ​ទិញ​លក់​ផ្ទះ​តម្លៃ​ថ្លៃ​ក្នុង​ភាគ​កណ្តាល​ទីក្រុង​ឡុងដ៍​កាលពី​ឆ្នាំ​មុន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​»​។ ក្រុមហ៊ុន LonRes បាន​ឲ្យ​ដឹងថា ទីផ្សារ​ស្ថិតក្នុង​សម្ពាធ​រួច​ទៅ​ហើយ​ពី​ការផ្លាស់ប្តូរ​ពន្ធ​ប្រថាប់ត្រា​។

លោកស្រី Caboche នាយិកា​ក្រុមហ៊ុន Barnes UK បាន​ថ្លែងថា អចលនទ្រព្យ​មួយ​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ​តម្លៃ ១៤ លាន​ផោន (១៧,២ លាន​ដុល្លារ​) កាលពី ៤​ ​ឆ្នាំ​មុន​នៅពេល​នេះ​អាច​លក់​បាន​ត្រឹមតែ ៩ ​លាន​ផោន​ប៉ុណ្ណោះ​។

លោកស្រី​ថ្លែងថា វា​មិន​ត្រឹម​តែ​ទីផ្សារ​ផ្ទះ​តម្លៃ​ខ្ពស់​ប៉ុណ្ណោះ​ទេ ដែល​កំពុង​រងគ្រោះ ប៉ុន្តែ​ផលប៉ះពាល់​របស់ Brexit ក៏​កំពុង​កើតមាន​លើផ្ទះ​តម្លៃថោក​ជាង​នេះ​ផង​ដែរ និង​នៅ​ទូទាំង​ប្រទេស​ដែល​ប្រហែល​ជា​មាន​ផលប៉ះពាល់​យូរ​ជាង​ពេល​មាន​វិបត្តិហិរញ្ញវត្ថុ​ទៅទៀត​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅពេល​នេះ​តម្លៃ​បាននិង​កំពុង​ធ្លាក់ចុះ​យឺតៗ​បន្ថែម​ទៀត ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​កើតមាន​ជា​បន្តបន្ទាប់ ហើយ​យើង​មិន​មើលឃើញ​មាន​សញ្ញា​ស្ទុះ​ងើប​ឡើងវិញ​នៅពេល​ខាងមុខ​ឡើយ​»​។

ទីផ្សារ​របស់​អ្នកទិញ

ទន្ទឹមនឹង​នេះដែរ កម្រៃ​ជើងសា​បាន​ពី​ការលក់​ដែល​ប្រមូល​ដោយ​ទីភ្នាក់ងារ​អចលនទ្រព្យ បាន​និង​កំពុង​ធ្លាក់ចុះ ខណៈ​ចំនួន​ប្រតិបត្តិការ​ថមថយ​។

ប៉ុន្តែ​មាន​រូបភាព​រងគ្រោះ​មួយ​ផ្សេងទៀត​ដែល​កើតមាន​ចំពោះ​អ្នកលក់ និង​ភ្នាក់ងារ​លក់ នោះ​គឺ​អ្នកទិញ​មួយ​ចំនួន​កំពុង​យល់ឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ខ្ពស់​ជា​យូរ​មក​ហើយ​នោះ​ជាថ្មី​ម្តង​ទៀត​អាច​មាន​លទ្ធភាព​ទិញ​បាន​។

លើសពីនេះ​ទៀត អត្រា​ការប្រាក់​ទាប​ជា​ប្រវត្តិសាស្ត្រ​គឺជា​ចំណុច​ដ៏ទាក់ទាញ​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ស្វែងរក​កម្ចី​ទិញ​ផ្ទះ​។

ទន្ទឹមនឹង​នេះ​ដែរ​ការធ្លាក់ចុះ​តម្លៃ​ប្រាក់​ផោន​ដែល​ធ្លាក់ចុះ​ប្រហែល ២០​ ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​ធៀប​នឹង​មុន​ពេល​ធ្វើ​ប្រជាមតិ Brexit បាន​បង្កើន​អំណាច​ទិញ​យ៉ាង​ខ្លាំង​របស់​វិនិយោគិន​មិនមែន​ពលរដ្ឋ​អង់គ្លេស​ដែល​កំពុង​សម្លឹងមើល​ទ្រព្យ​នៅ​ទីក្រុង​ឡុងដ៍​។

លោកស្រី Caboche មាន​ប្រសាសន៍​ថា​៖ «​វា​ជា​ទីផ្សារ​របស់​អ្នកទិញ​»៕ KC