ឆ្លងកាត់ការពិនិត្យវាយតម្លៃប្រកបដោយភាពសុក្រឹតពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ ២០១៨ ដែលរៀបចំឡើងដោយក្រុមហ៊ុន PropertyGuru បានប្រកាសជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងមកនៅសណ្ឋាគារ Sofitel Phokeethra។
ប្រធានគណៈកម្មការវាយតម្លៃគម្រោងដែលដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ PropertyGuru Cambodia Property Awards លោក សន សៀប បាននិយាយថា នេះជាព្រឹត្តិការណ៍ដ៏ធំ និងមានការទទួលស្គាល់ជាអន្តរជាតិ។ នៅក្នុងឆ្នាំនេះមានគម្រោងលំនៅឋាន ខុនដូ អាផាតមិន សួនច្បារ និងកន្លែងលក់ទំនិញជាដើមសរុបទាំងអស់ជាង ៦០ បានដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែង។ លោកបន្តថាក្រុមការងារបានចំណាយរយៈពេលជិត ៤ ខែ ក្នុងការត្រួតពិនិត្យទៅលើសំណើដែលដាក់ចូលរួមប្រកួតប្រជែងការសម្រេចជ្រើសរើសសំណើជាប់ក្នុងជម្រើស ការចុះទៅពិនិត្យមើលផ្ទាល់ និងការប្រជុំពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុ។
លោក សន សៀប មានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះអាចនិយាយថា ជាការបញ្ជូនសារដ៏សំខាន់ទៅដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជាឲ្យដឹងបានពីចំណុចដែលខ្លួនត្រូវខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់ខ្លួនឲ្យមានភាពកាន់តែល្អប្រសើរ និងអាចទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ»។

គណៈកម្មការដែលចូលរួមក្នុងការដាក់ពិន្ទុសម្រាប់កម្មវិធីនេះមានចំនួន ៩ រូប (ខ្មែរចំនួន ៥ រូប និងជនបរទេស ៤ រូប) ដែលជាអ្នកជំនាញមកពីវិស័យមួយចំនួនដូចជា សំណង់ ស្ថាបត្យកម្ម អចលនទ្រព្យ ច្បាប់ និងធនាគារជាដើម។
លោក ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាការរៀបចំឲ្យមានព្រឹត្តិការណ៍នេះគឺពិតជាល្អណាស់សម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ព្រោះវានឹងចូលរួមជួយជំរុញដល់ការលើកកម្ពស់កម្រិតស្តង់ដារសំណង់នៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត។ លោកមានប្រសាសន៍ថា៖ «ជយលាភីនាថ្ងៃនេះមិនត្រឹមតែជាគំរូល្អសម្រាប់វិស័យវិស្វកម្ម និងស្ថាបត្យកម្មនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់ទាំងផ្នែកស្មារតី សន្តិសុខសុវត្ថិភាព សោភណភាព អនាម័យ និងអត្តសញ្ញាណនៃវប្បធម៌ជាតិ ព្រមទាំងច្បាប់នៃការសាងសង់ផងដែរ»។

លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ PropertyGuru Asia Property Awards បាននិយាយថា ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
បុរី ប៉េងហួត គ្រុបត្រូវបានចាត់ទុកថាជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត ដូច្នេះ ប៉េងហួត គ្រុប នឹងត្រូវធ្វើជាតំណាងរបស់កម្ពុជាទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី PropertyGuru Asia Pro-perty Awards លើកទី ៨ ដែលរៀបចំឡើងក្នុងទីក្រុងបាងកក ប្រទេស ថៃ នាថ្ងៃទី ៨-៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ PropertyGuru Asia Property Awards ដែលជាកម្មវិធីដ៏ធំនៅក្នុងតំបន់ និងជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិ បន្ទាប់ពីបង្កើតឡើងក្នុងឆ្នាំ ២០០៥៕
