The Phnom Penh Post Search

Search form

Cambuild'18 ផ្តល់​ឱ​កាស​សម្រាប់​វិនិ​យោ​គិន​គ្រប់​រូប​

Content image - Phnom Penh Post
ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​កាត់​ខ្សែបូ​ Cambuild'18 កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ រូបថត ហុង មិនា

Cambuild'18 ផ្តល់​ឱ​កាស​សម្រាប់​វិនិ​យោ​គិន​គ្រប់​រូប​

ភ្នំពេញៈ ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នៃ​​​​វិ​ស័យ​សំណង់ និង​ការ​រចនា​នៅ​កម្ពុជាបាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ធំ​ៗ​លំ​ដាប់​អន្តរ​ជាតិ​ប្រ​មាណ ៣៥០ មក​ពី​ប្រ​ទេស​​ចំនួន ២៣ បាន​មក​ចូល​រួម​ក្នុង​​ព្រឹត្តិ​ការណ៍​តាំង​ពិ​ព័រណ៍ CAMBUILD'18 ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន AMB Tarsus Events Group ចាប់​ពី​ថ្ងៃ​ទី ១២-១៤ ខែ​កញ្ញា នៅ​សាល​សន្និ​បាត និង​​ពិ​ព័រណ៍​កោះ​ពេជ្រ។

លោក Andrew Siow នា​យក​ក្រុម​ហ៊ុន AMB Tarsus Events Group បាន​និ​យាយ​ថា នេះ​ជា​ព្រឹត្តិ​ការណ៍​តាំង​ពិ​ព័រណ៍​វិស័យ​សំ​ណង់​ធំ​ជាង​គេ​​ប្រ​ចាំ​ឆ្នាំ ២០១៨ នៅ​កម្ពុជាដោយ​​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ធំ​ៗ​ក្នុង​ស្រុក និង​​​អន្តរ​ជាតិ​ជា​ច្រើន។

លោក​បន្ត​ថា តាម​រយៈ​ព្រឹត្តិ​ការណ៍​នេះ​អ្នក​ចូល​រួម​ ឬ​​វិនិ​យោគិន​ក្នុង​ស្រុក​អាច​ជួប​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​ជំនាញ និង​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​មក​ពី​បរទេស​ដើ​ម្បី​ផ្លាស់​ប្តូរ​​បទ​ពិសោធ និង​ចាប់​ដៃ​គូ​សហ​ការ​ជា​មួយ​គ្នា​​។

លោក​​​ថ្លែង​ថា៖ «​CAMBUILD'18 នឹង​ផ្តល់​ឲ្យ​អ្នក​ចូល​រួម​​​ទទួល​បាន​នូវ​ចំ​ណេះ​ដឹង​ថ្មី​ៗ និង​មាន​បច្ចេក​វិទ្យា​ទំ​នើប​ៗ​ក្នុង​វិ​ស័យ​សំ​ណង់។ អ្នក​ចូល​រួម​អាច​ជ​ជែក​ជា​មួយ​អ្នក​ជំ​នាញ​ដើ​ម្បី​​ទទួល​បាន​ចំ​ណេះ​ដឹង​ថ្មី​ៗ​ និង​ដំ​ណោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ»។

លោក ភឿង សុ​ភ័​ណ្ឌ អគ្គ​លេ​ខា​ធិ​ការ​​គណៈ​ស្ថា​បត្យ​ករ​កម្ពុជាបាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​​នៃ​វិ​ស័យ​សំ​ណង់​នៅ​កម្ពុជា​ ទាម​ទារ​ជា​ចាំ​បាច់​នូវ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស និង​សម្ភារ​ទំ​នើប​ៗ ដើ​ម្បី​ឆ្លើយ​តប​​នឹង​ការ​អភិវឌ្ឍ​ពេល​បច្ចុប្បន្ន និង​អនា​គត។ គុណ​ភាព​ការ​រស់​នៅ​ត្រូវ​តែ​ធ្វើ​ឲ្យ​ស្រប​​នឹង​ស្តង់​ដារ​ជាតិ និង​អន្តរ​ជាតិ។

លោក​ថ្លែង​ថា​៖​ «​ព្រឹត្តិ​ការណ៍​នេះ​គឺ​ជា​ការ​ចូល​រួម​របស់​វិ​ស័យ​ឯក​ជន​ក្នុ​ង​ការ​បំ​ផុស​គំ​និត​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​​ស្ថា​បត្យ​ករ អ្នក​រចនា និង​វិស្វ​ករ ឲ្យ​​ងាក​​មក​ចាប់​អារម្មណ៍​ចំពោះ​ការ​សាង​សង់​ទី​ក្រុង​បែប​ឆ្លាត​វៃ ដោយ​ធ្វើ​ឲ្យ​​ទី​ក្រុង​របស់​យើង​កាន់​តែ​មាន​សុ​វត្ថិ​ភាព និង​បរិ​ស្ថាន​ល្អ»។

CAMBUILD'18 មាន​ការ​ចូល​រួម​របស់​​ក្រុម​ហ៊ុន​មក​ពី​ប្រ​ទេស​មួយ​ចំនួន​​ដូច​ជា ចិន អីុ​តា​លី អា​ល្លឺ​ម៉ង់ ម៉ា​ឡេ​ស៊ី ជប៉ុន កូ​រ៉េ​ខាង​ត្បូង សិង្ហ​បុ​រី និង​ថៃ​។

លោក ហ៊ី ម៉េង​ស្រ៊ន់ ប្រ​ធាន​គ្រប់​គ្រង​​​ទូ​ទៅ​​នៃ​ក្រុម​ហ៊ុន L.H.K Construction Supplies ដែល​​​នាំ​ចូល​​សម្ភារ​បន្ទប់​ទឹក​ពី​បរ​ទេស​មក​ចែក​ចាយ​​នៅ​កម្ពុជាបាន​ប្រាប់​ថា តាម​រយៈ​​ព្រឹត្តិ​ការណ៍ CAMBUILD'18 នេះ​ក្រុម​ហ៊ុន​រំ​ពឹង​ថា​នឹង​ធ្វើ​ឲ្យ​ការ​លក់​​​មាន​កំ​ណើន​បន្ថែម​ទៀត​ ព្រោះ​​​នេះ​ជា​ឱកាស​​​ ក្នុង​ការ​ពន្យល់​ពី​គុណ​ភាព​ និង​​​អត្ថ​ប្រ​យោជន៍​​របស់​ផលិត​ផល​ទៅ​ដល់​អ្នក​ចូល​រួម។

លោក​បាន​​​ថ្លែង​ថា​៖ «ការ​លក់​ក្នុង​រយៈ​​ពេល ៨ ខែ ឆ្នាំ ២០១៨ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ ២០១៧ មាន​កំ​ណើន​ក្នុង​រង្វង់ ១៥ ភាគ​រយ»។

ទន្ទឹម​គ្នា​នេះ លោក ប៊ុន ចាន់​សុ​ភាព នា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន ធី ខេ អេស គ្រុប ដែល​នាំ​ចូល​ផលិត​ផល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​សំ​ណង់​​ពី​ប្រ​ទេស​​ជប៉ុន «Makita» និ​យាយ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ប្រើ​​ប្រាស់​ផលិត​ផល​ដែល​មាន​បច្ចេក​វិទ្យា​​ទំ​នើប​ៗ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក​អះ​អាង​ថា៖ «ការ​លក់​ផលិត​ផល​ដែល​មាន​បច្ចេក​វិទ្យា​ទំ​នើប​របស់​ក្រុម​ហ៊ុន​ខ្ញុំ បាន​កើន​ឡើង​ជា​​លំ​ដាប់ ខណៈ​ការ​លក់​ផលិត​ផល​​​ដែល​មាន​បច្ចេក​វិទ្យា​ទាបមិន​កើន​នោះទេ»។

លោក Wang Hongfeng ប្រ​ធាន​ផ្នែក​ទី​ផ្សារ​​នៃ​ក្រុម​ហ៊ុន Loxu Loxu Digital (Cambodia) Co., Ltd ដែល​​នាំ​ចូល​កា​មេ​រ៉ា​សុ​វត្ថិ​ភាព បាន​ប្រាប់​ថា កំ​ណើន​​ការ​ប្រើ​ប្រាស់​កា​មេរ៉ា​សុ​វត្ថិ​ភាព​នៅ​កម្ពុជា​ ពេល​នេះ​បាន​កើន​ឡើង​យ៉ាង​ច្រើន បើ​ធៀប​ទៅ​នឹង ២-៣ ឆ្នាំមុន។

លោក​​បាន​និ​យាយ​ថា៖​«ការ​កើន​ឡើង​​ប្រាក់​ចំណូល​របស់​ប្រ​ជា​ជន​ខ្មែរ បាន​ធ្វើ​ឲ្យ​ការ​លក់​កា​មេ​រ៉ា​​​ក្នុង​រយៈ​ពេល ៨ ខែ​កន្លង​មក​កើន​​ឡើង​ចន្លោះ​ពី ២០-៣០ ភាគ​រយ​ បើ​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន»​។

នេះ​ជា​លើក​ទី ៨ ហើយ​ដែល​ក្រុម​ហ៊ុន AMB Tarsus Events Group រៀប​ចំ​ព្រឹត្តិ​ការណ៍​តាំង​ពិ​ព័រណ៍​វិ​ស័យ​សំ​ណង់​​លំ​ដាប់​អន្តរ​ជាតិ​នៅ​កម្ពុជា។ សម្រាប់ CAMBUILD'18 នេះ​ក្រុម​ហ៊ុន​រំ​ពឹង​ថា នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ១០ ០០០នាក់៕ LA

អត្ថបទគួរចាប់អារម្មណ៍