ភ្នំពេញ: បើទោះបីជំងឺកូវីដ ១៩ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក៏ដោយ ប៉ុន្តែការវិនិយោគលើវិស័យនេះនៅតែមានសក្តានុពលខ្ពស់ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរនៅក្រោយពេលវិបត្តិជំងឺនេះស្ងប់ស្ងាត់ទៅវិញ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃពុធបានអនុម័តលើគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៤ មួយកន្លែងនៅក្នុងរាជធានីភ្នំពេញជាមួយនឹងទុនវិនិយោគ ៣៥,២ លានដុល្លារ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Sun & Moon Hotel Co., Ltd។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គម្រោងនេះនឹងសង់តាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរស្ពានព្រះមុនីវង្ស។
អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឲ្យដឹងកាលពីថ្ងៃពុធថា បើទោះបីវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ចកំពុងរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែការវិនិយោគនៅពេលនេះនឹងក្លាយជាឱកាសដ៏ល្អក្នុងការត្រៀមខ្លួន ដើម្បីស្វាគមន៍អតិថិជនសម្រាប់រយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។
អ្នកស្រីបន្តថា ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនក្នុងស្រុកដែលកំពុងទទួលជោគជ័យលើអាជីវកម្មសណ្ឋាគារប្រណីតបែបបស្ចិមប្រទេសនៅចំកណ្តាលទីក្រុងភ្នំពេញរួចមកហើយក្នុងគម្រោងទី ១ របស់ខ្លួន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថា វាជាពេលស័ក្តិសម។ នៅពេលទីផ្សារសណ្ឋាគារត្រឡប់មកវិញក្រោយវិបត្តិជំងឺនេះ វានឹងមិនមានឧបសគ្គអ្វីទេ សម្រាប់គាត់ក្នុងការពង្រីកផលិតផលរបស់គាត់នៅលើទីផ្សារ។ តាមបទពិសោធ និងជំនាញ ខ្ញុំគិតថា គម្រោងថ្មីនេះនឹងទទួលបានជោគជ័យច្រើនដូចមុន»។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការវិនិយោគនេះនឹងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន ទោះជាវិស័យនេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។
លោកឲ្យដឹងទៀតថា បច្ចុប្បន្នក្រសួងបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសណ្ឋាគារសរុបចំនួន ២ ០៤៤ នៅកម្ពុជាក្នុងនោះមានចំនួន ៣៤៣ កំពុងប្រតិបត្តិការនៅទីក្រុងភ្នំពេញ។
លោកថ្លែងថា៖ «នេះជាការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ បើទោះបីជាយើងមិនទាន់មានភ្ញៀវទេសចរអន្តរជាតិមកពីក្រៅប្រទេសនៅក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែសម្រាប់រយៈពេលវែងយើងនឹងមានប្រក្រតីភាពភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បញ្ចប់ទៅ»។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាប់ពីដើមខែមករារហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ឲ្យគម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេសដែលមានទុនវិនិយោគសរុប ១ ៩៩៦ លានដុល្លារ កើនឡើងជិត ៤៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
ចំណែកចំនួនគម្រោងដែលទទួលបានច្បាប់អនុញ្ញាតក្នុងអំឡុងពេលនេះ គឺមានចំនួន ៧២៨ គម្រោង កើន ២៨,១ ភាគរយពីចំនួន ៥៦៨ គម្រោងកាលពីឆ្នាំ ២០១៩។ ជាមួយគ្នានេះផ្ទៃក្រឡាសំណង់មានទំហំប្រមាណ ៤,២ លានម៉ែត្រក្រឡាកើនជិត ៣៤ ភាគរយ។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃប្រមាណ ១១,៤៣ ពាន់លានដុល្លារកើនឡើងជាង ៩៨,៧៤ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមានប្រមាណ ៥,៣១ ពាន់លានដុល្លារ៕ LA