សិង្ហបុរីៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ City Developments Limited (CDL) និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​វិនិយោគ​រួម​របស់ខ្លួន​បាន​លក់​លំនៅឋាន​ចំនួន​ ១៨៥ ​ទីតាំង​ ដោយ​មាន​តម្លៃ​សរុប ២៧៨,១ ​លាន​ដុល្លារ​ នៅ​ត្រីមាស​ទី​ ១ ​ធៀប​នឹង ១៧៣ ​ទីតាំង​ ដោយ​មាន​តម្លៃ​លក់​ ៥១៦,៣ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១ ​ឆ្នាំកន្លងមក​។ នេះ​យោង​តាម​ការធ្វើ​បច្ចុប្បន្នភាព​អាជីវកម្ម​នៃ​ក្រុមហ៊ុន CDL ត្រឹម​ថ្ងៃទី​ ១២ ខែឧសភា​។

តម្លៃ​លក់​កាន់តែ​ទាប​ដោយសារ​តែ​ភាគច្រើន​នៃ​យូនីត​លំនៅឋាន​ដែល​បាន​លក់​នោះ​ជា​គម្រោង​ធំៗ និង​គម្រោង​ពាក់កណ្ដាល​ទីផ្សារ​។

ក្រុមហ៊ុន CDL បាន​ឲ្យ​ដឹងថា ខ្លួន​រំពឹង​ថា​ទំហំ​នៃ​ការលក់​នឹង​ធ្លាក់ចុះ​ក្នុង​អំឡុងពេល​វិធានការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​។

ក្រុមហ៊ុន​នេះ​បន្តថា​៖ «​ទោះជា​ការបរាជ័យ​ជា​បណ្ដោះអាសន្ន​ក៏ដោយ ក៏​ក្រុមហ៊ុន​នេះ​បន្ត​ចុះ​បញ្ជិកា​លក់​កាលពី​ខែ​មេសា​សម្រាប់​គម្រោង​នានា​ដូចជា គម្រោង Amber Park គម្រោង Boulevard 88 គម្រោង Coco Palms គម្រោង Piermont Grand គម្រោង Sengkang Grand Residences គម្រោង South Beach Residences គម្រោង The Jovell និង​គម្រោង The Tapestry »​។

ការងារ​សាងសង់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​សិង្ហបុរី​របស់​ក្រុមហ៊ុន CDL ក៏ត្រូវ​បាន​រងផលប៉ះពាល់​ផងដែរ ទោះបី​ជា​ក្រុមហ៊ុន​នេះ​បាន​កត់សម្គាល់​ថា ការអនុញ្ញាត​ការកាន់កាប់​បណ្ដោះអាសន្ន (TOP) សម្រាប់​គម្រោង​ទាំងនេះ​ភាគច្រើន​ត្រូវ​បាន​រំពឹងថា​នឹង​មាន​ចាប់ពី​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ការពារ​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​ការពន្យារពេល​បច្ចុប្បន្ន​។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​គម្រោង​ខុនដូ Forest Woods របស់​ខ្លួន​នៅ Lorong Lew Lian នឹង​បញ្ចប់​តាម​ការគ្រោងទុក​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​បន្តថា ខ្លួន​ស្វាគមន៍​វិធានការ​កាលពី​សប្ដាហ៍​មុន​ដោយ​រដ្ឋាភិបាល​ក្នុងការ​ពន្យារពេល​រយៈពេល​នៃ​ការបញ្ចប់​គម្រោង​ (PCP) និង​កំណត់​កាលបរិច្ឆេទ​សម្រាប់​ពន្ធ​ប្រថាប់ត្រា​របស់​អ្នកទិញ​បន្ថែម (ABSD) ​លើ​ការទិញ​ដី​រយៈពេល​ ៦ ​ខែ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ដោយ​ការរំខាន​ដល់​ពេលវេលា​សាងសង់ និង​ការលក់​លំនៅឋាន​។

នៅ​ខាងក្រៅ​ប្រទេស​ សិង្ហបុរី ក្រុមហ៊ុន CDL បាន​រាយកាណ៍​ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ការលក់​លំនៅឋាន​ថ្មី​សម្រាប់​គម្រោង​ដែល​បាន​ដាក់លក់​របស់ខ្លួន​នៅក្នុង​ប្រទេស​ ចិន ចក្រភព​អង់គ្លេស និងអូស្ដ្រាលី ដោយសារ​តែ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​ដាក់​បម្រាម​គោចរ​ជា​ការឆ្លើយតប​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ​១៩​។

ដោយឡែក​ផលបត្រ​បដិសណ្ឋារកិច្ច​ពិភពលោក​របស់​ខ្លួន​ភាគច្រើន​បាន​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​វិធានការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃទី​ ៣១ ខែមីនា ក្រុមហ៊ុន​នេះ​ឲ្យ​ដឹងថា ប្រហែល​ ៣០ ​ភាគរយ​នៃ​សណ្ឋាគារ​ ១៥២ ​លើ​ពិភពលោក​របស់ខ្លួន​ត្រូវ​បិទទ្វារ​ជា​បណ្ដោះអាសន្ន​។

សណ្ឋាគារ​ចំនួន​ ១០ ​ក្នុង​ចំណោម​សណ្ឋាគារ​ជាច្រើន​នៅ​ប្រទេស​ សិង្ហបុរី​ របស់​ក្រុមហ៊ុន​នេះ​នៅ​តែ​បន្ត​ប្រតិបត្តិការ ប៉ុន្តែ​ប្រាក់ចំណូល​ក្នុង​ ១ ​បន្ទប់​ដែល​អាច​រកបាន​ (Rev PAR) បាន​ធ្លាក់ចុះ ២៨,៨ ​ភាគរយ​ ដោយសារ​តែ​ការជួល​ក្នុងតម្លៃ​កាន់តែ​ទាប​៕LA