The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Century21 បោះ​ជំហាន​កាន់​តែ​ធំ​ក្នុង​វិស័យ​អចលនទ្រព្យ

Century21 បោះ​ជំហាន​កាន់​តែ​ធំ​ក្នុង​វិស័យ​អចលនទ្រព្យ

Content image - Phnom Penh Post
អ្នកស្រី Grace Rachny Fong។ រូបថត សហការី

Century21 បោះ​ជំហាន​កាន់​តែ​ធំ​ក្នុង​វិស័យ​អចលនទ្រព្យ

ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​វិជ្ជាជីវៈ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​នេះ ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia បាន​និង​កំពុង​ត្រៀម​ពង្រីក​សេវា​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ចំនួន​២៣​ទៀត នា​ឆ្នាំ​២០១៨​ខាង​មុខនេះ​។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodia អ្នក​ស្រី Grace Rachny Fong បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ​ថា ការអភិវឌ្ឍ​អចលនទ្រព្យ​នៅតាម​បណ្តា​ខេត្ត​នានា​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​មាន​អ្នកវិនិយោគ​អន្តរជាតិ​ជា​ច្រើន​បាន​ចាប់អារម្មណ៍ និង​មាន​បំណង​ចង់​វិនិយោគ ប៉ុន្តែ​តាម​បណ្តា​ខេត្ត​ទាំង​នោះ​មិន​មាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​ដែល​មាន​វិជ្ជាជីវៈ​នោះទេ អាច​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នកវិនិយោគ​។

អ្នក​នាង​បន្ត​ថា​ ៖ «​ដោយ​សារ​យើង​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​នេះ​ប្រកប​ដោយ​ជោគជ័យ និង​មាន​និរន្តរភាព ទើប​យើង​ស្វែងរក​ដៃគូ​វិនិយោគ​ដែល​មាន​សក្តានុពល​ខ្ពស់​ធ្វើ​ការ​ជាមួយ​យើង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​នៅ​តាម​បណ្តា​ខេត្ត​ឲ្យ​មាន​គុណ​ភាព និង​ប្រាស​ចាក​ហានិភ័យ​សម្រាប់​អ្នក​វិនិយោគ​»​។ អ្នក​ស្រី​បន្ត​ថា​ ៖ «​អ្នក​ដែល​អាច​ក្លាយ​ជា​ដៃគូ​របស់​យើង​សំខាន់​ត្រូវ​មាន​ទំនុក​ចិត្ត ភាព​ស្មោះត្រង់ មានការ​ប្តេជ្ញាចិត្ត និង​អត្ត​ចរិត​ល្អដើម្បី​ពួកគេ​អាច​ធ្វើ​ការងារ​ជាមួយ​យើង ហើយ​យើង​នឹង​បណ្តុះ​បណ្តាល​ពួកគេ និងមាន ​​ការិយាល័យ​សម្រាប់​ពួក​គេ​ធ្វើ​ការ​នៅ​តាម​បណ្តា​ខេត្ត​និមួយៗ​»​។

Century21 Cambodia បច្ចុប្បន្ន​មាន​ដៃគូ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​គ្រោង​ពង្រីក​សាខា​ទៅ​កាន់​ខេត្ត​មាន​សក្តានុ​ពល​ទាំង​២៣​ទៀត នៅ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

អ្នក​នាង Grace Rachny Fong បាន​បន្តថា បណ្តា​ខេត្ត​ជា​ច្រើន​កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ដូចជា​ខេត្តកំពត កែប សៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​មួយ​ចំនួន​ទៀត ហេតុ​នេះ​ការ​មាន​ក្រុមហ៊ុន និង​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ ដែល​អាច​ធ្វើ​ការ​ដោយ​វិជ្ជាជីវៈ និង​មាន​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ប្រកប​ដោយ​និរន្តរភាព​។

លោក​ឧកញ៉ា ភួ ពុយ អគ្គនាយក​ធនាគារ​ស្រូវ​ដែល​បាន​វិនិយោគ​គម្រោង​អចលនទ្រព្យ ផ្សារ​ទំនើប និង​បុរី​នៅ​ខេត្ត​បាត់ដំបង និង​ពោធិ៍សាត់ បាន​ថ្លែងថា លោក​ស្វាគមន៍​ចំពោះ​ការមាន​ក្រុម​ហ៊ុន​អចលនទ្រព្យ ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នៅតាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​អ្វី​សំខាន់ ថា​តើ​ពួកគេ​មានការ​ងារ​អាច​ធ្វើ​បាន​ឬ​អត់? នៅ​ពេល​ពួក​គេ​មក​បោះទីតាំង​នៅ​តាម​​បណ្តា​ខេត្ត​។

លោក​បន្ត​ថា​ ៖ «​ប្រសិន​ជាមាន ​​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទិញ​លក់ ឬ​ជួល​ដែល​អាច​ផ្តល់​ទំនុក​ចិត្ត​បានយើង​នឹង​រួមសហការ និង​ផ្តល់​​សេវាកម្ម​ជាមួយ​ពួក​គេ​»​។ លោក​បន្តថា​ ៖ «​អ្វី​សំខាន់​ពួកគេ​អាច​ធ្វើ​ការងារ​ជាមួយ​ធនាគារ ដើម្បី​ផ្តល់​សេវាកម្ម​ទិញ លក់ ឬ​ផ្តល់​​ឥណទាន​បង់​រំលស់​ដល់​អចលនទ្រព្យ​នានា​នៅតាម​ខេត្ត»៕

អត្ថបទគួរចាប់អារម្មណ៍