
ភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំក្រុមហ៊ុនធ្វើពិធីបើកការដ្ឋានសាងសង់គម្រោង Chief Tower។ ហឹុន ពិសី
ភ្នំពេញៈ អគារពាណិជ្ជកម្ម Chief Tower កម្ពស់ ៤០ ជាន់ដែលជាការវិនិយោគរួមគ្នារវាង JS & Partner និងក្រុមហ៊ុន Chief Real Estate Development (Cambodia) Ltd បានចាប់ផ្តើមការសាងសង់ហើយកាលពីថ្ងៃម្សិលមិញ។
គម្រោងនេះត្រូវបានអភិវឌ្ឍស្ថិតនៅក្រោមក្រុមហ៊ុនថ្មីមួយឈ្មោះ JS Property International Co., Ltd ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ១។ ទោះយ៉ាងនេះក្តីគម្រោងអគារដ៏ខ្ពស់នេះមិនបានបង្ហាញពីទុនវិនិយោគនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានឲ្យដឹងថា អគារដែលមានកម្ពស់សរុប ១៥៨ ម៉ែត្រនេះនឹងប្រើប្រាស់ចម្រុះ ដែលមានហាងទំនិញ ហាងអាហារ និងភេសជ្ជៈ សណ្ឋាគារ និងការិយាល័យ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង Chief Tower បាននិយាយថា ការវិនិយោគលើ Chief Tower គឺពិតជារឿងដ៏ល្អដោយវានឹងជួយផ្តល់កន្លែងសម្រាប់ការធ្វើធុរកិច្ច និងស្នាក់នៅដ៏ល្អកម្រិតស្តង់ដានៅកម្ពុជា។ លោកបានបន្តថា អគារនេះនឹងត្រូវសាងសង់ឡើងដោយគិតពីបរិស្ថានជាចម្បង។
លោកថ្លែងថា៖ «ខ្ញុំជឿថា ក្រុមហ៊ុន JS Property International Co., Ltd នឹងកសាងអគារពាណិជ្ជកម្ម នេះឲ្យក្លាយជាអគារគំរូ ដោយរួមបញ្ចូលនូវទិដ្ឋភាពសំខាន់ៗនៃអគារឆ្លាតវៃ ទាំងគុណភាពបច្ចេកទេស សោភណភាព ប្រកបដោយរចនាប័ទ្មដែលឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ខ្មែរ និងមានសុវត្ថិភាពប្រកបដោយស្តង់ដារបរិស្ថាន និងមានលម្ហបៃតង»។
លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយថា Chief Tower នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលវិស័យឯកជនបានចូលរួមចំណែកនៅក្នុងការជួយលើកកម្ពស់មុខមាត់របស់វិស័យអចលនទ្រព្យនៅកម្ពុជាទៅកាន់ពិភពលោក។
លោកថ្លែងថា៖ «គម្រោងសាងសង់អគារ Chief Tower មិនត្រឹមតែជួយលើកមុខមាត់វិស័យសំណង់នៅកម្ពុជាប៉ុណ្ណោះទេ តែតាមរយៈនេះវាក៏នឹងជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋខ្មែរដែរ»។
លោកបន្តថា៖ «ក្រសួងសង្ឃឹមថា ក្រុមហ៊ុនសាងសង់នឹងអនុវត្តការងារសាងសង់ដោយគោរពតាមគោលការណ៍របស់រដ្ឋាភិបាល ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗកម្រិតស្តង់ដា»។
បើតាមលោក មុនីរិទ្ធ ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០១៩ នេះការវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃជាង ១ ៣៨៤ លានដុល្លារ កើនឡើងជាង ២ ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា សំណង់ធំៗបានលេចឡើងជាបន្តបន្ទាប់នៅក្នុងតំបន់បឹងកេងកង ដែលជាតំបន់មានសក្តានុពលខ្លាំងក្នុងរាជធានីភ្នំពេញ។ លោកបន្តថា បច្ចុប្បន្នការវិនិយោគទៅលើសណ្ឋាគារកំពុងមានទីផ្សារល្អ ខណៈចំនួនភ្ញៀវទេសចរកាន់តែកើនឡើង។
តាមលោក សៀប បច្ចុប្បន្នដីនៅទីតាំងខាងលើមានតម្លៃពី ៥ ០០០-៦ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕lA