សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា CVEA ​កំពុង​រៀបចំ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​តាមរយៈ​ការរួមបញ្ចូល​ទុន​ពី​សមាជិក សមាគម និង​អ្នកពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត​ គីម ហ៊ាង បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន​ ២០ ​ហើយ​ដែល​បាន​សម្រេច​បោះទុន​រួម​គ្នា​ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​កម្ពុជា​។ លោក​បាន​បន្ត​ថា ក្រៅពី​ក្រុមហ៊ុន​ទាំង​ ២០ នេះ​សមាគម​ក៏​នឹង​បើក​ឲ្យ​សមាជិក​ដទៃ​ទៀត និង​ក្រុមហ៊ុន​ឯកជន​នានា​អាច​ចូល​ថវិកា​ក្នុង​ការបើក​ដំណើរការ​វិទ្យាស្ថាន​នេះ​ឲ្យ​បាន​ផង​ដែរ​នៅក្នុង​ឆ្នាំ​ ២០១៨ នេះ​។

លោក​មាន​ប្រសាសន៍​ថា៖ «​យើង​ត្រូវការ​ដើមទុន​ប្រមាណ​ ២០ ​ម៉ឺន​ដុល្លារ​ដើម្បី​បើក​វិទ្យាស្ថាន​នេះ ដោយ​សហការ​ជាមួយ​ University Of Technology Malaysia (UTM) របស់​ប្រទេស​ម៉ាឡេស៊ី និង​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

បើ​តាម​លោក​ប្រធាន​សមាគម វគ្គ​សិក្សា​នេះ​នឹង​មាន​រយៈពេល​ ១៥០ ​ម៉ោង​សម្រាប់​ជំនាញ​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ និង​ ១៨០ ​ម៉ោង​សម្រាប់​ជំនាញ​ជា​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​។

កម្មវិធីសិក្សា​នឹង​យក​ពី​ប្រទេស​ថៃ​ម៉ាឡេស៊ី និង​សិង្ហបុរី​យក​មក​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ប្រើប្រាស់​ក្នុង​កម្មវិធីសិក្សា​ដែល​មាន​ការទទួល​ស្គាល់​កម្រិត​ជាតិ និង​អន្តរជាតិ​។

លោក គីម ហ៊ាង បាន​ប្រាប់​ទៀត​ថា​អ្នក​ដែល​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​នេះ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​មួយ ដើម្បី​យក​ទៅ​ដាក់​ពាក្យ​ប្រឡង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅ​ពេល​ពួកគេ​ប្រឡង​ជាប់​ពួកគេ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពី​ក្រសួង​ទើប​អាច​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​បាន​។

លោក​បន្ត​ថា តាម​គម្រោង​វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ប្រើប្រាស់​គ្រូ​ក្នុង​ស្រុក​ដែល​មាន​សញ្ញាបត្រ​ និង​បទពិសោធ​ខ្ពស់​ចំនួន​ ៥០ ​ភាគរយ​ និង​គ្រូ​បរទេស​ចំនួន​ ៥០ ​ភាគរយ​។

លោក​បាន​បន្ត​ថា​សាលា​នេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សាភិបាល​ដែល​នឹង​ត្រូវ​បង្កើតឡើង​ដោយ​មាន​នាយក​ម្នាក់​ធ្វើ​ការងារ​ដោយ​ឯករាជ្យ​។

ទោះបី​ជា​យ៉ាង​ណា​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ ដើម្បី​បង្កើត​សាលា​នេះ​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ​។

លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា​៖ «​គោលដៅ​នៃ​ការបើក​វិទ្យាស្ថាន​នេះ​មិនមែន​ដើម្បី​ប្រាក់​ចំណេញ​ទេ ប៉ុន្តែ​ដើម្បី​ពង្រឹង​ធនធាន​មនុស្ស និង​ទ្រទ្រង់​ឧស្សាហកម្ម​សំណង់ និង​អចលនវត្ថុ​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព​»​។ លោក​បន្ត​ថា៖ «​ប្រសិន​បើ​យើង​បង្កើត​សាលា​នេះ​បាន​ក្នុង​កម្រិត​អាស៊ាន​វា​ពិតជា​ប្រសើរ​ណាស់ ព្រោះ​យើង​នឹង​អាច​ទាក់ទាញ​អ្នកសិក្សា​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​នាពេល​អនាគត​»​។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ ដែល​បាន​ចូលរួម​វិនិយោគ​ដើម្បី​បង្កើត​វិទ្យាស្ថាន​ចំណុះ​ឲ្យ CVEA បាន​ថ្លែង​ថា ការបើក​សាលា​នេះ​គឺ​មាន​ភាព​ចាំបាច់​បំផុត​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​ព្រោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​បែប​នេះ​ទេ គឺ​មាន​តែ​សាលា​ជំនាញ​ផ្សេងៗ​។

លោក​បន្ត​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​កម្ពុជា​មាន​ប្រមាណ​ ១៥០ និង​មាន​ភ្នាក់ងារ​ទាំងអស់​ប្រមាណ​ ១០០០ ​នាក់ ព្រមទាំង​ភ្នាក់ងារ​មិន​ផ្លូវការ​មាន​រាប់រយ​នាក់​ទៀត ដូច្នេះ​នៅ​ពេល​ពួកគាត់​មក​ផ្តល់​សេវាកម្ម​ក្នុង​វិស័យនេះ​ធ្វើ​ឡើង​ដោយ​គ្មាន​វិជ្ជាជីវៈ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្នែក​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា​សាលា​នេះ​នឹង​ទទួល​បាន​ការគាំទ្រ​ពិសេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​ក្រុមហ៊ុន​សព្វថ្ងៃ​គាត់​ចង់​បាន​បុគ្គលិក​ល្អ និង​មាន​ជំនាញ​បទពិសោធ​»​។ លោក​បន្ត​ថា៖ «​កន្លង​មក​នៅពេល​ចង់​បាន​បុគ្គលិក​បែប​នេះ​ពួកគេ​មិន​ដឹង​រើស​យក​ពី​ណា ព្រោះ​មិន​មាន​ការបណ្តុះបណ្តាល​ច្បាស់លាស់​»​។

ទោះជា​យ៉ាង​ណា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Century21 Cambodia ក៏​មាន​បណ្តុះបណ្តាល​ជំនាញ​នេះ​ដែរ​ហេតុនេះ​ការបើក​សាលា​របស់​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាច​ជា​ការប្រកួតប្រជែង​គ្នា​ ឬ​យ៉ាង​ណា​?

នាយិកា​សាកលវិទ្យាល័យ Century21 Cambodia បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទាក់ទង​នឹង​ផែន​ការបើក​វិទ្យាស្ថាន​ថ្មី​នេះ​ឡើយ​។

ទោះជា​យ៉ាងណា​លោក វ៉ា វីរៈ ដែល​ជា​សមាជិក​គ្រួសារ Century21 Cambodia បាន​ថ្លែង​ថា ការបណ្តុះបណ្តាល​ក្នុង​ក្របខណ្ឌ​របស់​ក្រុមហ៊ុន Century21 Cambodia ពួកគេ​អញ្ជើញ​គ្រូ​ជំនាញៗ​ពី​បរទេស​មក​បណ្តុះបណ្តាល​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Huttons CPL លោក​ឧកញ៉ា ចេង ខេង ​បាន​ថ្លែង​ថា លោក​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ព្រោះ​នៅ​ប្រទេស​គេ​មាន​សាលា​អស់​ហើយ​នៅតែ​ប្រទេស​របស់​យើង​ប៉ុណ្ណោះ​។ ហេតុនេះ​សមាគម​ត្រូវការ​ទុន​ប៉ុន្មាន ដើម្បី​បង្កើត​វិទ្យាស្ថាន​នេះ​លោក​នឹង​ចូលរួម​តាម​ការចង់​បាន​។

លោក​បន្ត​ថា៖ «​អ្វីៗ​ធ្វើឡើង​ដោយ​តម្លាភាព​តាម​ភាគហ៊ុន​កំណត់​ហេតុ​នេះ​យើង​មិន​គិត​រកប្រាក់​ចំណេញ​ទេ​អ្វី​សំខាន់​ខ្ញុំ​ចង់​ឲ្យ​មាន​សាលា​នេះ និង​បង្កើត​វា​ឲ្យ​បាន​លឿន​»​។

លោក​ថា៖ «​បង្កើត​សាលា​នេះ​ឲ្យ​បាន​ពិតជា​ល្អ​ណាស់ ហើយ​ខ្ញុំ​នឹង​បញ្ជូន​បុគ្គលិក​ខ្ញុំ​ទៅ​ចូលរៀន​ដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ក្រសួង​ស្វាគមន៍​ចំពោះ​ការបណ្តុះ​បណ្តាល​ជំនាញ​នេះ​ដោយសារ​វិស័យ​នេះ​កំពុង​មាន​ភាព​រីកចម្រើន​នៅ​កម្ពុជា ប៉ុន្តែ​ការងារ​នេះ​ត្រូវ​ឆ្លង​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមុន​។

លោកស្រី អ៊ុយ ច័ន្ទនិមល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា លោកស្រី​បានឮ​ពី​ព័ត៌មាន​នៃ​ការចង់​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ឯកសារ​ស្នើសុំ​ណា​មួយ​នោះ​ទេ​។

លោកស្រី​មាន​ប្រសាសន៍ថា ៖ «​យើង​ស្វាគមន៍​ប្រសិន​បើ CVEA ពិតជា​រៀបចំ​បង្កើត​វិទ្យាស្ថាន​នេះ​មែន​។ ការបង្កើត​ឱ្យ​មាន​វិទ្យាស្ថាន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នឹង​ជួយ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​»​។

បើ​តាម​លោកស្រី ច័ន្ទនិមល នាពេល​កន្លង​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ធ្លាប់​បានធ្វើ MOU រួចមក​ហើយ​ជាមួយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​បើក​បង្រៀន​លើ​មុខវិជ្ជា​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​៕