ភ្នំពេញ: អស់រយៈពេលជិត ១១ ខែ បន្ទាប់ពីការដាក់លក់ដំណាក់កាលទី ១ ប្រកបដោយជោគជ័យកាលពីខែធ្នូឆ្នាំមុន Forest Harmony ជាក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនជនជាតិបារាំងកាលពីថ្ងៃសៅរ៍ បានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ របស់ខ្លួនមានឈ្មោះថា Golf Harmony រួមមាន ទីលានវាយកូនហ្គោល និងគម្រោងអគារខុនដូ។
កាលពីដើមខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុន Forest Harmony បានចាប់ផ្ដើមដំណើរការសាងសង់គម្រោង Luxury Holiday Villas «លំនៅឋានទី ២» ដែលមានតម្លៃ ១៨ លានដុល្លាររបស់ខ្លួននៅក្នុងខេត្តកំពត។ ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមាន វីឡាចំនួន ៧៨ ដែលគ្របដណ្ដប់លើផ្ទៃដី ១៣ ហិកតា ត្រូវបានបើកលក់កាលពីខែធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះ វីឡាជាង ៦០ ភាគរយ ត្រូវបានលក់អស់រួចទៅហើយ។
កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុននេះបានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ទី ២ របស់ខ្លួននៅខេត្តកំពត ដែលមានឈ្មោះថា Gold Harmony នៅលើផ្ទៃដី ២៧,៣ ហិកតាដោយនាំយកទីលានវាយកូនហ្គោលលើកដំបូងនៅក្នុងខេត្តកំពត ព្រមទាំងអគារខុនដូចំនួន ៤ អគារ។
លោក ច្រឹក សុខនីម ជាភាគទុនិកក្នុងស្រុក និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) បានឲ្យដឹងថា គំនិតនៃការអភិវឌ្ឍគេហដ្ឋាន និងវីឡាទី ២ សម្រាប់លម្ហែកាយ គឺជានិន្នាការថ្មីដែលកំពុងទទួលបានសម្ទុះនៅក្នុងប្រទេសកម្ពុជា។
លោកថា អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគលើផ្ទះលម្ហែកាយ តែងផ្តោតសំខាន់លើប្រភេទវីឡាដែលមានទីតាំងនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំ។ លោកបន្ថែមទៀតថា ក្រុងព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប សុទ្ធសឹងជាទីតាំងទិសដៅថ្មីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលស្វែងរកការទទួលបានចំណែកទីផ្សារគេហដ្ឋានលម្ហែកាយ។
លោកថ្លែងថា៖ «ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកំពុងមានភាពប្រសើរឡើងហើយ ពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យសម្រាប់ ចូលនិវត្តន៍ លម្ហែកាយ និងការសម្រាករបស់ពួកគេ»។
លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាក់ងារលក់ផ្ដាច់មុខរបស់គម្រោង Forest Harmony បានឲ្យដឹងថា ការអភិវឌ្ឍ Golf Harmony នឹងធ្វើឲ្យការរស់នៅកាន់តែទំនើបសម្រាប់ម្ចាស់វីឡាដែលបានទិញនៅដំណាក់កាលទី ១ ក៏ដូចជា ជួយបន្ថែមភាពទាក់ទាញមួយកម្រិតទៀតដល់ខេត្តកំពត ដែលកំពុងលេចធ្លោជាតំបន់ទេសចរណ៍ ទីតាំងសម្រាប់ការវិនិយោគអចលនទ្រព្យ និងឱកាសវិនិយោគកំពុងរីកចម្រើនយ៉ាងខ្លាំង។
លោក Seraj Sutton លើកឡើងថា៖ «ខេត្តកំពតគឺជាទិសដៅដ៏មានសក្ដានុពលសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដែលមានអាហារក៏ដូចជា កន្លែងកម្សាន្តដ៏សម្បូរបែប»។ លោកបានបន្តថា៖ «គម្រោងនេះនឹងនាំយកគំនិតនៃការរចនាវីឡាលម្ហែកាយតាមបែបលោកខាងលិចមកកាន់ខេត្តកំពត ហើយមានបំណងទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ៗឲ្យមកលម្ហែកាយនៅប្រទេសកម្ពុជា សម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្ដាហ៍របស់ពួកគេ»។
តម្លៃសម្រាប់ប្រភេទផ្ទះវីឡាដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១ ០០០ ដុល្លារ ដល់ ៤០៩ ០០០ ដុល្លារ រួមទាំងអាងហែលទឹកឯកជនមានទំហំដីជាមធ្យម ១ ២០០ ម៉ែត្រការ៉េ។
សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល វីឡា និងខុនដូនឹងធ្វើឡើងលើផ្ទៃដី ២៧,៣ ហិកតា ហើយត្រូវរំពឹងថា គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន ៩ ឡូត៍ និងអគារខុនដូដែលមាន ៥ ជាន់មានចំនួន ៤ អគារ៕ LA