ក្រុងហាណូយៈ ក្រុមអ្នកជំនាញបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប និងវៀតណាម (EVFTA) នឹងមានផលប៉ះពាល់វិជ្ជមានលើទីផ្សារអចលនទ្រព្យរបស់វៀតណាម ជាពិសេសអចលនទ្រព្យឧស្សហកម្ម។
EVFTA គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលជំរុញវិស័យឧស្សាហកម្ម និងការនាំចេញរបស់វៀតណាម តាមរយៈការលុបចោលពន្ធនាំចូល ៩៩ ភាគរយ លើទំនិញរបស់ភាគីទាំង ២។
តំបន់ឧស្សាហកម្មរបស់វៀតណាមកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្រុមវិនិយោគិន ជាពិសេសអ្នកដែលមកពីអឺរ៉ុប។
លោក Troy Griffiths នាយករងផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Savills Vietnam បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការប្រែក្លាយប្រទេសនេះទៅជាទិសដៅផលិតកម្មមួយឈានមុខគេនៅអាស៊ី។
យោងតាមលោក Griffiths ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស វៀតណាម និង EU នឹងកើនឡើងដោយសារតែកិច្ចព្រមព្រៀងនេះ ដែលធ្វើឲ្យមានកំណើនវិនិយោគផ្ទាល់ពីបរទេស និងការងារ និងការផ្ដល់ឱកាសកាន់តែច្រើនក្នុងផ្នែកអចលនទ្រព្យទាំងអស់។
តាមរយៈការជួយសម្រួលដល់ការអនុវត្តបច្ចេកវិទ្យាផលិតកម្មចុងក្រោយ និងការពង្រឹងការបណ្ដុះបណ្ដាលកម្មករ រដ្ឋាភិបាលវៀតណាមបានលុបចោលជាបណ្ដើរៗនូវក្តីបារម្ភដែលកើតមានក្នុងចំណោមក្រុមហ៊ុនបរទេសជុំវិញលទ្ធភាព កង្វះធនធានមនុស្សជំនាញ និងការបង្កើនការចំណាយ។
ការកែលម្អតម្លាភាពនៃបរិយាកាសអាជីវកម្មនឹងជួយកាត់បន្ថយក្តីបារម្ភរបស់ក្រុមវិនិយោគិន និងបង្កើនស្ដង់ដាគុណភាពផលិតកម្មនៅវៀតណាម។
របាយការណ៍មួយផ្សេងទៀតរបស់ក្រុមហ៊ុន VNDirect ក៏បានបង្ហាញដែរថា អចលនទ្រព្យឧស្សាហកម្មអាចទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូររោងចក្រពីប្រទេសផ្សេងទៀតមកវៀតណាម ដោយសារក្រុមវិនិយោគិនស្វែងរកគោលនយោបាយអនុគ្រោះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលរួមទាំង EVFTA ផងដែរ។
អចលនទ្រព្យឧស្សាហកម្មត្រូវបានចាត់ទុកជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចផលិតកម្មដែលកំពុងអភិវឌ្ឍន៍ណាមួយ។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យបរទេស CBRE បានឲ្យដឹងថា សួនឧស្សាហកម្ម (IP) នឹងបន្តកើនឡើង។ អត្រាកាន់កាប់ (occupancy rate) ស្ដង់ដាប្រហែលពី ៧០ ទៅ ៩០ ភាគរយ នឹងត្រូវរក្សាបាន ហើយហេដ្ឋារចនាសម្ព័ន្ធនឹងដើរតួនាទីដ៏សំខាន់ក្នុងជម្រើសនៃទីតាំងជួល។
សួនឧស្សាហកម្មថ្មីគ្រោងនឹងបង្កើតឡើងទាំងនៅភាគខាងជើង និងខាងត្បូងប្រទេស វៀតណាម។
លោក Nguyen Tran Nam អតីតអនុរដ្ឋមន្ដ្រីក្រសួងសំណង់វៀតណាម បានឲ្យដឹងថា អចលនទ្រព្យឧស្សាហកម្មមានសក្ដានុពលក្នុងការអភិវឌ្ឍរយៈពេលខ្លី មធ្យម និងវែង បើក្រុមវិនិយោគិនទទួលបានឱកាស និងអត្ថប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបន្តថា រដ្ឋាភិបាលគួរតែបន្តវិធីគ្រប់គ្រងរបស់ខ្លួនជាថ្មី ដើម្បីជួយអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្ម។
លោកបានឲ្យដឹងថា អាទិភាពគួរតែត្រូវបានផ្ដល់ ដើម្បីកែលម្អការគ្រប់គ្រងរដ្ឋទៅលើទីផ្សារអចលនទ្រព្យ ជាពិសេសទីផ្សារអចលនទ្រព្យឧស្សាហកម្ម ព្រមទាំងអនុវត្តតាមស្ដង់ដាអន្តរជាតិផងដែរ។ តំបន់ជាច្រើនគួរតែចាប់អារម្មណ៍ចំពោះ ការរៀបចំផែនការលើដីឧស្សាហកម្ម ដោយផ្ដោតការយកចិត្តទុកដាក់លើអចលនទ្រព្យឧស្សាហកម្មដែលស្អាត និងមិនប៉ះពាល់ដល់បរិស្ថាន។
លោកថ្លែងថា តម្លាភាពគឺជាលក្ខខណ្ឌតម្រូវមួយ នៅពេលចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ។ ការរៀបចំផែនការគោលនយោបាយ គួរកាត់បន្ថយហានិភ័យ ដើម្បីទាក់ទាញក្រុមវិនិយោគិនបរទេស ហើយរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ក្នុងការសម្រួលនីតិវិធីរដ្ឋបាល។
លោក Nguyen Dinh Cung ប្រធានវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) បានឲ្យដឹងថា អចលនទ្រព្យឧស្សាហកម្មរបស់ប្រទេស វៀតណាម មានភាពទាក់ទាញជាងបណ្ដាប្រទេសភាគច្រើននៅក្នុងតំបន់។ ការចំណាយលើកម្លាំងពលកម្មទាប និងអត្រាពន្ធសាជីវកម្មអនុគ្រោះ នឹងបន្តបង្ហាញផលប្រយោជន៍សម្រាប់វិស័យនេះ។
នៅត្រឹមឆ្នាំ ២០២០ ប្រទេស វៀតណាម ត្រូវបានរំពឹងថា នឹងមានសួនឧស្សាហកម្មប្រហែល ៥០០ ដោយមានផ្ទៃក្រឡាសរុបចំនួន ៥០០ ០០០ ហិកតា៕ ANN/LA