ភ្នំ​ពេញៈ មូល​និ​ធិ​រូ​បិយ​វត្ថុ​អន្តរ​ជាតិ (IMF) ​ព្យា​ករ​ថា អត្រា​កំ​ណើន​វិ​ស័យ​​អ​ច​ល​ន​ទ្រព្យ​នៅ​កម្ពុជា​ នឹង​ថយ​ចុះ​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ ​ដោយ​សារ​តែ​ភាព​ឆ្អែត​​​នៃ​វិ​ស័យ​នេះ​។

បើ​ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋា​ភិ​បាល​ហាក់​មិន​ឯក​ភាព​ទៅ​នឹង​របាយ​ការណ៍​ព្យា​ករ​របស់​ IMF នោះ​ទេ។

របាយ​ការណ៍​ស្តី​ពី​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​របស់ IMF ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ព្យា​ករ​ថា ​កំ​ណើន​សេដ្ឋ​កិច្ច​​ កម្ពុជា​នឹង​បន្ត​ភាព​ខ្លាំង​សម្រាប់​រយៈ​ពេល​ ២-៣ ឆ្នាំ​ទៀត ​មុន​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​​ប្រ​ហែល​ ៦ ភាគ​រយ​សម្រាប់​​រយៈ​ពេល​មធ្យម ដោយ​សារ​ការ​ថម​​ថយ​កំ​ណើន​ផលិត​ភាព ​និង​ភាព​ចាស់​​ទុំ​នៃ​វដ្ដ​ឥណ​ទាន​ និង​អច​ល​ន​ទ្រព្យ។

លោក Jarkko Turunen តំ​ណាង​ IMF ​​បាន​​ថ្លែង​ថា​៖​ «ក្នុង​ពេល​នេះ​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ និង​សំ​ណង់​គឺ​ជា​ក​ត្តា​ជំ​រុញ​ខ្លាំង​ដល់​កំ​ណើន​សេដ្ឋ​កិច្ច​ ប៉ុន្តែ​​ក្នុង​ពេល​​ ៥ ​ឆ្នាំ​ខា​ង​មុខ​​វិ​ស័យ​ផ្សេង​​ទៀត​នឹង​ក្លាយ​ជា​កត្តា​ជំ​រុញ​កំ​ណើ​ន​ខ្លាំង​​ជាង [វិ​ស័យ​អ​ច​ល​ន​ទ្រព្យ និង​សំ​ណង់]»។

លោក ចេង ខេង ប្រ​ធាន​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ កម្ពុជា ស៊ី​ភី​អិល ដែល​ជា​ក្រុម​ហ៊ុន​​អ​ច​ល​ន​ទ្រព្យ​មាន​វ័យ​​ចំ​ណាស់​ជាង​គេ​នៅ​កម្ពុជា​ បាន​ប្រាប់​ថា ​សម្រាប់​រយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ ​វិ​ស័យ​​អ​ច​ល​ន​ទ្រព្យ​ និង​សំ​ណង់​នៅ​កម្ពុជា​នឹង​នៅ​​តែ​មាន​សញ្ញា​វិជ្ជ​មាន​ដ​ដែល​។

​លោក​​ថ្លែង​ថា៖​ «​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ និង​សំ​ណង់​​នៅ​កម្ពុជា​នា​ពេល​នេះ​កំ​ពុង​មាន​សម្ទុះ​ខ្លាំង​តែ​នៅ​ខេត្ត​ក្រុង​​ ៣-៤ ​ប៉ុ​ណ្ណោះ ដូ​ច្នេះ​​សម្រាប់​រយៈ​ពេល​​ ៥-៦ ​ឆ្នាំ​ខាង​មុខ ខ្ញុំ​គិត​ថា​ វា​នឹង​បន្ត​ស្ទុះ​​ងើប​ទៅ​កាន់​ខេត្ត​មាន​ស​ក្តា​នុ​ពល​ផ្សេង​ៗ​​ទៀត​។ ​ វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​នៅ​​កម្ពុជា​នឹង​បន្ត​​រីក​ចម្រើន​ក្នុង​រយៈ​ពេល​យូរ​ជា​បន្ត​ទៀត​»​។

លោក ជីវ ស៊ីវ​ផេង អ្នក​ចាត់​ការ​ទូ​ទៅ​នៃ​លេ​ខា​ធិ​ការ​ដ្ឋាន​ស​មា​គ​ម​អ្នក​សាង​សង់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​គម្រោង​សាង​សង់​ធំ​ៗ​ ត្រូវ​ការ​ពេល​ពី​ ៣-៥ ​ឆ្នាំ​ ដើ​ម្បី​បញ្ចប់​ការ​ព្យា​ករ​របស់​ IMF វា​អាច​ចំ​ពេល​ដែល​គម្រោង​ធំ​ៗ​ទាំង​នោះ​បញ្ចប់។

លោក​ថ្លែង​ថា៖ «នៅ​ពេល​បញ្ចប់​ការ​​សាង​សង់​ វិ​និ​យោ​គិន​មួយ​ចំ​នួន​គាត់​មិន​​ទាន់​ចាប់​ផ្តើម​​វិ​និ​យោគ​អ្វី​ថ្មី​ភ្លាម​ៗ​ទេ ដោយ​ត្រូវ​រង់​ចាំ​រហូត​ដល់​គម្រោង​នោះ​លក់​អស់​សិន​។ ដូ​ច្នេះ​ការ​វិ​និ​យោគ​​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ខ្លី​ តែ​វា​នឹង​​ងើប​ឡើង​វិញ​បន្ទាប់​ពី​នោះ​»។​

លោក ជីវ ស៊ីវផេង ​ថ្លែង​ថា វិ​ស័យ​សំ​ណង់​នា​ពេល​នេះ ​កំ​ពុង​កើន​ឡើង​ជា​​គំ​ហុក ដោយ​មិន​ទាន់​​​មាន​សញ្ញា​ធ្លាក់​ចុះ​​ទេ​ ហើយ​វា​នៅ​តែ​ល្អ​ក្នុង​រយៈ​​ពេល​យូរ​ទៀត។

លោក ង៉ែត ជូ ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន Emerging Markets Consulting (EMC) មាន​ប្រ​សាសន៍​​ថា ដោយ​​សារ​រយៈ​ពេល​ប៉ុ​ន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​​​សំ​ណង់​ធំ​ៗ​បាន​​លេច​ឡើង​យ៉ាង​ច្រើន​នោះ ដូច្នេះ​​នៅ​ ៥ ​ឆ្នាំ​ខាង​មុខ​វា​អាច​​នឹង​ធ្វើ​ឲ្យ​តម្រូវ​ការ​ទី​ផ្សារ​​​​មាន​ភាព​ឆ្អែត​ផង​ដែរ​។​

ប៉ុន្តែ​លោក​បាន​អះ​អាង​ថា ​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​កម្ពុជា​នឹង​នៅ​តែ​រក្សា​បាន​​កំ​ណើន​​របស់​ខ្លួន​ជា​បន្ត​ទៀត​ ដោយ​សារ​តែ​លំ​ហូរ​ចូល​នៃ​វិ​និ​យោគិ​​ន​ចិន​។

លោក​បាន​បញ្ជាក់​​​ថា៖ «វិ​ស័យ​អ​ច​ល​ន​​ទ្រព្យ​នៅ​ប្រ​ទេស កម្ពុជា ​សម្រាប់​​រយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ​អាច​នឹង​ធ្លាក់​ចុះ​ខ្លះ ប៉ុ​ន្តែ​បើ​ជន​ជាតិ​ចិន​នៅ​តែ​បន្ត​ចូល​មក​វិ​និ​យោគ​នៅ​កម្ពុជា​នោះ​ វា​នឹង​​​អាច​នៅ​​ល្អ​ដដែល​​»។

របាយ​ការណ៍​ពី​ក្រសួង​រៀប​ចំ​ដែន​ដី ន​គ​រូ​ប​នី​យ​កម្ម​ និង​​សំ​ណង់ បាន​​ឲ្យ​ដឹង​​ថា ទុនវិ​និ​យោគ​វិ​ស័យ​សំ​ណង់​​​ក្នុង​រយៈ​ពេល​ ៦ ខែ ឆ្នាំ​ ២០១៨ ​មាន​តម្លៃ​​ប៉ាន់​ស្មាន ២,១៥ ​ពាន់​លាន​ដុល្លារ​​។

កាល​ពី​ឆ្នាំ​ ២០០៧ ក្រ​សួង​បាន​អនុ​ម័ត​​គម្រោង​សាង​សង់​ចំ​នួន​ ៣,០៥២​ លើ​ផ្ទៃ​​ក្រ​ឡា​សាង​សង់​សរុប​ចំ​នួន​ ១០,៧៤៦,២១៩​ម៉ែត្រ​កា​រ៉េ និង​​មាន​តម្លៃ​វិ​និ​យោគ​​ជាង​ ៦,៤ ​ពាន់​​លាន​ដុល្លារ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០១៦ ដែល​មាន​តម្លៃ​​ ៥,២ ​ពាន់​​​លាន​ដុ​ល្លារ ​ចំ​នួន​នេះ​កើន​ឡើង​ ២២,៣១ ​ភាគ​រយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​រាជ​រដ្ឋា​ភិ​បាល​​ បាន​ចាត់​ទុក​របាយ​ការណ៍​ព្យា​ករ​របស់​ IMF ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ ជាក់​ស្ដែង​​នោះ​ទេ​។

លោក សេង ឡូត អ្នក​នាំ​ ពាក្យ​​ក្រ​សួង​រៀប​ចំ​ដែន​ដី នគ​រូប​នី​យ​កម្ម និង​សំ​ណង់ បាន​និ​យាយ​​​ថា លោក​មិន​ដឹង​ថា IMF យក​អ្វី​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​ព្យា​ករ​នោះ​ទេ ប៉ុន្តែ​បើ​​ផ្អែក​លើ​សម្ទុះ​នៃ​ការ​រីក​ លូត​លាស់​ក្នុង​វិ​ស័យ​សំ​ណង់ លោក​​នៅ​តែ​មាន​ជំ​នឿ​ថា វិ​ស័យ​សំ​ណង់​​នៅ​ប្រ​ទេស​កម្ពុជា ​នឹង​បន្ត​ការ​រីក​ចម្រើន​របស់​ខ្លួន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

លោក​បាន​ថ្លែង​ថា ៖ ​«​យើង​មិន​​អាច​និ​យាយ​ថា​ កំ​ណើន​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ និង​សំ​ណង់​នៅ​កម្ពុជា​ នឹង​ឈាន​ទៅ​​ដល់​ភាព​ចាស់​ទុំ​​(Maturing) នៅ​រយៈ​ពេល​ ៥-៦ ​ឆ្នាំ​ទៀត​បាន​​​ទេ ព្រោះ​ជាក់​ស្តែង​នៅ​តាម​​​បណ្តា​ប្រ​ទេស​កំ​ពុង​រីក​ច​ម្រើន​ គឺ​ត្រូវ​ការ​​សំ​ណង់​កាន់​តែ​ច្រើន​ជា​បន្ត​បន្ទាប់​​»​៕​LA