ក្រុងបាងកកៈ ធនាគារ Kasikornbank (KBank) មាន​បំណង​ទទួល​បាន​កំណើន​កម្ចី​ទិញ​ផ្ទះ​ក្នុង​អត្រា​ ២ ​ខ្ទង់​កម្រិត​ទាប​នៅ​ឆ្នាំនេះ ដែល​ជំរុញ​ដោយ​ក្រុម​អតិថិជន​ជា​អ្នកលក់​អនឡាញ និង​អ្នក​ប្រកប​ការងារ​ឯករាជ្យ (Freelancer) ដែល​ផ្ដល់​ឱកាស​អាជីវកម្ម​ដ៏ធំ​ និង​ការប្រកួតប្រជែង​ទាប​។

លោក Surat Leelataviwat អនុប្រធាន​ប្រតិបត្តិ​ធនាគារ KBank បាន​ឲ្យ​ដឹងថា បុគ្គលិក​ដែល​ធ្វើ​ការងារ​បម្រើ​ខ្លួនឯង (self-employed) មួយ​ចំនួន ជាពិសេស​អ្នកសរសេរ​អនឡាញ​អ្នកបង្កើត​មាតិកា អ្នក​ផលិត​វីដេអូ​តាម​យូធូប និង​អ្នក​បង្ហោះ​វីដេអូ​ខ្លី​តាម vlog កំពុង​កើនឡើង​យ៉ាងខ្លាំង​ស្រប​ជាមួយ​គ្នា​នឹង​ការផ្លាស់ប្តូរ​របៀប​រស់នៅ​របស់​មនុស្ស​ជំនាន់​ថ្មី និង​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​។

មាន​អ្នកលក់​តាម​អនឡាញ​ប្រហែល ២,៥ លាន​នាក់​ដែល​អ្នកខ្លះ​ក្នុង​ចំណោម​ពួកគេ​គឺជា​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់ខែ ប៉ុន្តែ​ធ្វើ​ការងារ​រកប្រាក់​ចំណេញ​បន្ថែម​ពី​ការលក់​តាម​អនឡាញ​។

លោក Surat បន្តថា បុគ្គលិក​បម្រើ​ដោយ​ខ្លួនឯង​ជាច្រើន​នៅតែ​ពិបាក​ទទួលបាន​ប្រាក់កម្ចី​ធនាគារ ដោយសារ​តែ​កង្វះ​របាយការណ៍​ធនាគារ​។

ភាពរីកចម្រើន​នៃ​ការវិភាគ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​របស់ KBank គួរតែ​បើកចំហ​ឱកាស​បន្ថែមទៀត​ដើម្បី ផ្តល់​កម្ចី​ទៅកាន់​ផ្នែក​អតិថិ​ជននេះ​ចំពេល​ការប្រកួតប្រជែង​នៅក្នុង​ផ្នែក​នេះ​មាន​កម្រិត​ទាប​។

លោក Surat ថ្លែងថា​៖ «​ជាមួយ​នឹង​ការបង្កើត​ការវិភាគ​ទិន្នន័យ​នេះ យើង​ប្រើប្រាស់​ឧបករណ៍ នវានុវត្តន៍​មួយចំនួន​គួបផ្សំ​ជាមួយ​នឹង​វិធីសាស្ដ្រ​បែប​ប្រពៃណី ដើម្បី​វិភាគ​ហានិភ័យ​ឥណទាន​ក្នុង​ផ្នែក​ទីផ្សារ​ថ្មី​នេះ​»​។ លោក​បន្តថា​៖ «​យើង​បានកែតម្រូវ​ការផ្ដល់​ពិន្ទុ​ឥណទាន និង​ប្រព័ន្ធ​ផ្ដល់​ពិន្ទុ​ប្រតិបត្តិការ ស្រប​ជាមួយ​នឹង​ប្រវត្ដិ​ហានិភ័យ​របស់​ពួកគេ​»៕ LA